យោធា​អាមេរិក​ហាម​កងទ័ព​ប្រើ​ទូរស័ព្ទ Huawei និង ZTE

1148
ចែករម្លែក

​ទាហាន​នៅ​មូលដ្ឋាន​យោធា​អាមេរិក​មិនអាច​ទិញ​ទូរស័ព្ទ​និង​ឧបករណ៍​ផ្សេងទៀត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Huawei និង ZTE បានទេ បន្ទាប់ពី​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ឧបករណ៍​ទាំងនោះ​បង្កឱ្យមាន​ហានិភ័យ​សន្តិសុខ “​មិនអាច​ទទួលយកបាន​”​។​

​ការព្រួយបារម្ភ​បាន​កើនឡើង​នៅ​មន្ទីរ​បញ្ច​កោណ​ស្តីអំពី​ឧបករណ៍​អេឡិចត្រូនិក​ត្រូវគេ​ប្រើប្រាស់​ដើម្បី​ជ្រៀតជ្រែក​ឬ​តាមដាន​សមាជិក​កងទ័ព​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក​ដេ​វ អ៊ី​ស​បឺ​ន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៤​ឧសភា​ថា “​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei និង ZTE អាច​បង្ក​ហានិភ័យ​ដល់​បុគ្គលិក​យោធា ព័ត៌មាន និង​បេសកកម្ម​”​។​

​លោក​បាន​បន្ថែមថា “​ដោយ​យោងតាម​ព័ត៌មាន​នេះ វា​មិនមែនជា​ការប្រុងប្រយ័ត្ន​ទេ​ចំពោះ​ហាង​លក់​របស់​ក្រសួងការពារជាតិ​ដើម្បី​បន្ត​ការលក់​វា​”​។ គាត់​និយាយ​នេះ​គឺ​សំដៅ​ទៅលើ​ហាង​ដែល​គ្រប់គ្រង​ដោយ​យោធា​នៅតាម​មូលដ្ឋាន​អាមេរិក​នានា​នៅ​ជុំវិញ​ពិភពលោក​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Huawei លោក ឆា​លី ហ្ស៊ី​ន​កូវ​ស្គី បាន​និយាយថា ឧបករណ៍​របស់​ក្រុមហ៊ុន​នេះ​បាន​បំពេញ​តាម​ស្តង់ដារ​ខ្ពស់បំផុត​នៃ​សុ​ត្ថិ​ភាព​សិទ្ធិ​ឯកជន​និង​វិស្វកម្ម​នៅក្នុង​គ្រប់​ប្រទេស​ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ​រួមទាំង​សហរដ្ឋអាមេរិក​ផង​៕ ដោយ៖ កញ្ញាដាលីស

យោធា​អាមេរិក​ហាម​ទ័ព​ប្រើ​ទូរស័ព្ទ Huawei និង ZTE របស់​ចិន