ខ្មាន់កាំភ្លើងដែលគេសង្ស័យជាសមាជិម៉ិកស៊ិកក្រុមថ្នាំញៀនចំនួន១៧នាក់និងប៉ូលិស៤នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់គ្នាកាលពីថ្ងៃសៅរ៍ទី៣០វិច្ឆិកានិង០១ធ្នូនៅទីប្រជុំជនម៉ិកស៊ិចមួយជិតព្រំដែនអាម៉េរិក នៅពេលប៉ុន្មានថ្ងៃក្រោយពីប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កភាពតានតឹងទ្វេភាគីដោយសារតែលោកបាននិយាយថាលោកអាចនឹងដាក់ក្រុមឧក្រិដ្ឋជនម៉ិកស៊ិចខ្លះជាភេរវករ។
រដ្ឋាភិបាលរដ្ឋកូអាហ៊ីឡាបាននិយាយថាប៉ូលិសបានប៉ះទង្គិចជាមួយក្រុមខ្មាន់កាំភ្លើងដែលជិះក្នុងរថយន្តពិអាប់ជាច្រើនគ្រឿងនៅក្នុងទីប្រជុំជន វីឡា យូនៀន ចម្ងាយប្រមាណ៦៥គីឡូម៉ែត្រពីទីក្រុងជាប់ព្រំដែន ពីអេដ្រាស ណេហ្ក្រាស។
ឈរនៅក្រៅការិយាល័យ អភិបាលរដ្ឋកូអាហ៊ីឡា លោកមីហ្គែល អ៊ែនជែល រីកេលមេ បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋបានចាត់វិធានការដាច់ខាតលើពួកក្រុមជូញដូរថ្នាំញៀនដែលបណ្តាលអោយប៉ូលិស៤នាក់ស្លាប់និង៦នាក់រងរបួស។
រថយន្តពិកអាប់បិទអក្សរក្រុមថ្នាំញៀននិងផ្ទះខូចខាតដោយការត្រូវគ្រាប់កាំភ្លើងក្រោយការបាញ់គ្នារវាងកងកម្លាំងសន្តិសុខម៉ិកស៊ិច និងខ្មាន់កាំភ្លើងនៃក្រុមជួញដូរថ្នាំញៀននៅទីប្រជុំជនវីឡា យូនៀន ប្រទេសម៉ិកស៊ិចកាលពីថ្ងៃ៣០វិច្ឆិកា
ការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅអស់ជាង៤ម៉ោង ដោយបានសម្លាប់ខ្មាន់កាំភ្លើងនៃក្រុមថ្នាំញៀនចំនួន១០នាក់ កាលពីថ្ងៃសៅរ៍។កងកម្លាំងសន្តិសុខក៏បានសម្លាប់ពួកគេ៧នាក់ទៀតកាលពីថ្ងៃអាទិត្យ។
អភិបាលរដ្ឋកូអាហ៊ីឡា លោកមីហ្គែល អ៊ែនជែល រីកេលមេ បាននិយាយថាមនុស្សមួយចំនួនក៏កំពុងបាត់ខ្លួន រួមមានខ្លះជាបុគ្គលិកការិយាល័យរបស់លោកនិងថារថយន្តពិកអាប់ចំនួន១៤គ្រឿងបានពាក់ព័ន្ធនឹងការវាយប្រហារនេះហើយកាំភ្លើងជាងដប់ដើមត្រូវបានរឹបអូស។លោកជឿថា ពួកខ្មាន់កាំភ្លើងទាំងនេះជាសមាជិកក្រុមថ្នាំញៀនCartel of the Northeastមកពីរដ្ឋតាម៉ាអ៊ូលីប៉ាស។
ការផ្ទុះឡើងអំពើហិង្សានេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីម៉ិកស៊ិច បាននិយាយកាលពីថ្ងៃសុក្រទី២៩វិច្ឆិកាថាលោកនឹងមិនទទួលយកអន្តរាគមន៍បរទេសណាមួយនៅម៉ិកស៊ិចដើម្បីដោះស្រាយជាមួយនឹងបណ្តាក្រុមឧក្រិដ្ឋជនហិង្សា ក្រោយប្រធានាធិបតីអាម៉េរិកបាននិយាយថា លោកមានផែនការដាក់ក្រុមថ្នាំញៀនម៉ិកស៊ិចមួយចំនួនជាក្រុមភេរវកម្ម។
សម្តីរបស់លោកដូណាល់ ត្រាំ បានបង្កការព្រួយបារម្ភភ្លាម ថាចំណាត់ការរបស់អាម៉េរិកអាចប្រើជាលេសដើម្បីអោយអាម៉េរិកចូលអន្តរាគមន៍ក្នុងប្រទេសម៉ិកស៊ិចដោយឯតោភាគី៕ដោយ៖វាសនា