យ៉ាងតិច​២២​នាក់​រងរបួស​នៅក្នុង​ការវាយប្រហារ​លើ​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​ឡុង​ដ៍​

323

មនុស្ស​យ៉ាងហោចណាស់​២២​នាក់​បាន​រងរបួស​នៅពេល​ភេរ​វករ​ម្នាក់​បំផ្ទុះ​គ្រឿងផ្ទុះ​មួយ​លើ​រថភ្លើង​ក្រោម​ដី​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ក្នុងអំឡុង​​ពេលព្រឹក​ដ៏​មមាញឹក​កាលពី​ថ្ងៃ​សុក្រ​។​

​វា​ជាការ​វាយប្រហារ​ដូច្នេះ​លើក​ទី​៥​នៅ​ឆ្នាំនេះ​។​

​ប៉ូលិស​កំពុង​អំពាវនាវ​សុំ​សាធារណជន​ផ្តល់​រូបភាព​និង​ព័ត៌មាន​ខណៈ​ការតាមប្រមាញ់​ភេរវ​ករ​កំពុង​ប្រព្រឹត្តទៅ​។​រូបភាព​អគ្គិភ័យ​តូច​មួយ​​ជាមួយ​ធុង​ពណ៌​ស​រួម​ខ្សែភ្លើង ត្រូវបាន​ថត​ផ្សាយ​តាម​ទូរទស្សន៍ Sky News​ដែល​និយាយថា​ឧបករណ៍​នេះ​ទំនងជា​មិនបាន​ផ្ទុះ​ពេញ​​លេញ​ទេ​។​

​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​ឡុង​ដ៍​ខាងលិច​ត្រូវបាន​បិទ ចំពេល​មាន​របាយការណ៍​អំពី​ការ​ភ័យ​រត់​ជាន់គ្នា​។​មនុស្ស​២២​នាក់​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​របួស​ដែល​មិន​គំរាម​ដល់​ជីវិត​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អាមេរិក​បាន​ប្រញាប់ប្រញាល់​ឆ្លើយតប​ដោយ​លោក​បាន​សរសេរ​បង្ហោះ​ថា​«​ការវាយប្រហារ​មួយទៀត​​នៅ​ក្រុង​ឡុង​ដ៍​ដោយ​ភេរវ​ករ​បរាជ័យ​ម្នាក់​»​ខណៈ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេ​រេ​សា មេ បាន​និយាយថា​«​ចិត្ត​របស់ខ្ញុំ​នៅ​ជាមួយ​​អ្នករងរបួស​និង​បុគ្គលិក​សង្គ្រោះបន្ទាន់​ដែល​ឆ្លើយតប​យ៉ាង​ក្លាហាន​ចំពោះ​ឧបទ្ទវហេតុ​ភេរវកម្ម​នេះ​»​។​

​ការប៉ុនប៉ង​ចុងក្រោយ​នេះ​កើតឡើង​ក្រោយ​មានការ​វាយប្រហារ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំនេះ រួមមាន​ការវាយប្រហា​រ​ដោយ​ប្រើ​រថយន្ត​បំ​បុក​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​និង​ប្រើ​កាំបិត​ចាក់​។​ការវាយប្រហារ​ទាំងនេះ​សុទ្ធតែ​អះអាង​ទទួលខុសត្រូវ​ឬ​លើកសរសើរ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​៕