យ៉ាងតិច​៣៦​នាក់​ស្លាប់​ដោយ​កំដៅ នៅពេល​សីតុណ្ហភាព​ឡើងដល់​៥០​អង្សា​សេ​នៅ​ឥណ្ឌា​

568
ចែករម្លែក

​សីតុណ្ហភាព​រហូតដល់​៥០​អង្សា​សេ កំពុង​វាយប្រហារ​ឥណ្ឌា​អូសបន្លាយ​ពេល​យូរ​បំផុត​បើ​ធៀប​នឹង​កំដៅ​នា​រដូវ​នេះ​ក្នុង​ប៉ុន្មាន​ទស្សវត្សរ៍​កន្លងមក និង​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៣៦​នាក់​ហើយ​គិត​ចាប់តាំងពី​ខែ​មុន​មក​។​

​យោង​តាម​រដ្ឋាភិបាល​មូលដ្ឋាន ការពន្យារពេល​ធ្លាក់ភ្លៀង​រដូវវស្សា នាំ​អោយ​មនុស្ស​និង​សត្វ​នៅ​ឥណ្ឌា​ស៊ូទ្រាំ​នឹង​កំដៅ​ពិឃាត​នេះ​។​

​ការប្រែប្រួល​អាកាសធាតុ​ជា​កក្កា​មួយ​ដែល​ត្រូវ​បាន​បន្ទោស ដោយ​តំបន់​មនុស្ស​រស់​នៅ​កាន់តែ​ធំ​ឡើង​បាន​រង​ផលប៉ះពាល់ ពោលគឺ​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ​កាន់តែ​រាលដាល​​ទៅកាន់​បណ្តា​រដ្ឋ​ភាគ​កណ្តាល​និង​ខាងជើង​។​

​រដ្ឋ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​គឺ​រដ្ឋ ម៉ា​តយ៉ា ប្រា​ដែស ,​មហា​រ៉ា​ស្ត្រា ,​រ៉ា​ចា​ស្ថាន​និង​អ៊ុត​តា ប្រា​ដែល​។​តែ​រលក​កំដៅ​បាន​សម្លាប់​មនុស្ស​២៩​នាក់​នៅ​ស្រុក​៣​ក្នុង​រដ្ឋ​ប៊ី​ហា​ភាគ​ឦសាន​ នេះ​បើ​តាម​របាយការណ៍​ក្នុង​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​មិថុនា​។​កាសែត​Times of India បាន​រាយការណ៍​ថា យ៉ាងហោច​ណាស់​មនុស្ស​២៥​នាក់​បាន​ស្លាប់​​នៅ​ស្រុក​អូ​រ៉ា​ន​ហ្កា​បាត ៣​នាក់​នៅ​ស្រុក​ណា​វ៉ា​ដា និង​ម្នាក់​នៅ​ស្រុក​ហ្កា​យ៉ា​។​មនុស្ស​ជាង​៣០​នាក់​ទៀត​បាន​ចូល​ដេកពេទ្យ​។​

​សីតុណ្ហភាព​នៅ​ប៊ី​ហា ស្ថិត​លើ​កំរិត​៤០​អង្សា​សេ លើក​កំរិត​ធម្មតា​៥​អង្សា​សេ​។​

​សូមបញ្ជាក់​ថា ប្រជាជន​ឥណ្ឌា​រាប់លាន​នាក់​កំពុង​ទន្ទឹងរង់ចាំ​ទឹកភ្លៀង​រដូវវស្សា ខណៈ​ពួកគេ​កំពុង​ពិបាក​រក​ទឹក​ផឹក​ក្នុងពេល​បណ្តា​អាង​ស្តុក​ទឹកបាន​រីងស្ងួត​និង​កំដៅ​កំពុង​​រោលរាល​នៅ​ទូទាំង​ប្រទេស​។​

​ការផលិត​ស្ករស​អាច​ធ្លាក់​១៥​ភាគរយ​នៅ​ឆ្នាំ​២០១៩​និង​២០២០​ដោយសារ​ភាពរាំងស្ងួត​វាយប្រហារ​តំបន់​ដាំ​អំពៅ​នៅ​មហា​រ៉ា​ស្ត្រា​។​ភាពរាំងស្ងួត​ក៏​វាយប្រហារ​ឧស្សាហកម្ម​ចិញ្ចឹមសត្វ​​គោ ពពែ​ចៀម ដោយ​កសិករ​ខ្លះ​លក់​អំពៅ​សំរាប់​អោយ​គោ​ស៊ី​៕​ដោយ​៖​វាសនា​

ក្មេងៗ​ទូល​កន្សែង​ក្នុងពេល​ធ្វើដំណើរ​កណ្តាល​ថ្ងៃ​នៅ​ក្រុង​ណូយ​ដា ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​១០​មិថុនា​