យ៉ាងតិច​ ៤០​នាក់​ស្លាប់ នៅពេល​យន្តហោះ​រុស្ស៊ី​ផ្ទុះ​ឆេះ​ពេល​ចុះ​ក្នុង​គ្រាអាសន្ន​(វីដេអូ)

1072
ចែករម្លែក

​ពួក​មន្ត្រី​បាន​និយាយថា មនុស្ស​យ៉ាង​តិច​៤០​នាក់​បាន​ស្លាប់​ នៅពេល​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Aeroflot​ មួយ​បាន​ផ្ទុះ​ឆេះ​ក្នុងពេល​ចុះចត​គ្រាអាសន្ន​នៅ​អាកាស​​យានដ្ឋាន​Sheremetyevo​ក្នុង​ទីក្រុង​មូ​ស្គូ​។​

​យន្តហោះ​Sukhoi SSJ100​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​Aeroflot បាន​ដឹក​អ្នកដំណើរ​៧៣​នាក់​និង​នាវិក​៥​នាក់​នៅ​ពេល​វា​ចុះចត​ជាមួយនឹង​អណ្តាតភ្លើង​និង​ផ្សែងខ្មៅ​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី បាន​បញ្ជាក់​ប្រាប់​នៅ​ដើម​ថ្ងៃ​ចន្ទ​ទី​៦​ឧសភា​នេះ​ថា មនុស្ស​៤១​នាក់​បាន​បាត់បង់​ជីវិត តែ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និយាយថា​ ៣៨​នាក់​បាត់បង់​ជីវិត​។​

​ជនរងគ្រោះ​រួមមាន​សមាជិក​នាវិក​ម្នាក់​និង​ក្មេង​ជំទង់​យ៉ាងតិច​២​នាក់​។​

​វីដេអូ​បានបង្ហាញ​អ្នកដំណើរ​លោត​ចេញពី​យន្តហោះ​ទៅ​លើ​ជណ្តើរ​ជម្លៀស​មនុស្ស​និង​រត់​លើ​ផ្លូវ​និង​វាលស្មៅ ដោយ​ខ្លះ​កាន់​វ៉ា​លិស​។​

​អាជ្ញាធរ​អាកាសយាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តហោះ​បាន​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​Sheremetyevo​ តែ​បាន​ហោះ​វិល​មក​វិញ​ដោយសារ​ហេតុផល​​បច្ចេកទេស​និង​បាន​ចុះ​បុក​ផ្ទប់​ដី​ខ្លាំង​ដែល​បង្ក​ជា​អគ្គិភ័យ​ឡើង​។​

​របាយការណ៍​បាន​និយាយថា យន្តហោះ​នេះ​ទំនងជា​មិន​មាន​ពេល​ទម្លាក់​សាំង​ចោល​នៅ​មុន​ពេល​វា​ចុះចត​គ្រាអាសន្ន ដែល​នាំ​ឲ្យ​ផ្ទុះ​ឆេះ​ខ្លាំង​បែបនេះ​៕​ដោយ​៖​វាសនា​/Ha

#