យ៉ាងយូរមួយ​សប្តាហ៍​ទៀត ពលរដ្ឋ​កោះកុង​អាច​នឹងមាន​ទឹកសាប​ប្រើប្រាស់​វិញ​

215
ចែករម្លែក
  • 464
    Shares

ដោយ​:​សុ​ផានី​តា​/​កោះកុង ​៖ ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្តកោះកុង បាន​អះអាងថា យ៉ាងយូរ​មួយ​សប្តាហ៍​ខាងមុខ​ទៀត ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​សង្កាត់​នីមួយៗ​ក្នុង​ក្រុង​ខេមរភូមិន្ទ អាចមាន​ទឹកស្អាត​ប្រើប្រាស់​វិញ​ហើយ ក្រោយពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​រៀបចំ​តម្លើង​ម៉ូ​ទ័​រ​បូម និង​ជួសជុល​សម្អាត​អាង​ចាស់​នៅក្បែរ​អតីត​ព្រលានយន្តហោះ​រួចរាល់​។​

នេះ​ជា​អះអាង​ជាថ្មី​ម្តងទៀត​របស់លោក ខ្លឹម គគីរ ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្តកោះកុង ដែល​កន្លងទៅ ធ្លាប់​និយាយថា មន្ទីរ​របស់លោក និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក ប៉ាន់ស្មាន​រួមគ្នា​ពី​បរិមាណ​ទំហំ​ទឹក​ដែល​បូម​ស្តុ​ប​ទុក​ក្នុង​អាង​នៅ​តំបន់​ជ្រោះ​តា​ប៉ន គឺមាន​គ្រប់គ្រាន់​ដោយ​អាច​ប្រើប្រាស់​បាន​រហូតដល់​ខែមីនា ខាងមុខ ទើប​រីងស្ងួត​អស់​។
​តែ​ផ្ទុយ​ពី​ការ​សំអាង​របស់​មន្ទីរជំនាញ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​របស់អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ នៅ​ចុងខែ​មករា ថ្មី​នេះៗ ទឹក​ដែល​ស្តុ​ប​ទុក​ត្រៀម សម្រាប់​ប្រើប្រាស់​បាន​រីង ស្ងួត​មុនពេល​កំណត់​ទៅវិញ​។ លោក ខ្លឹម គគីរ បានឲ្យដឹង​បន្ថែមថា ការខ្វះខាត​ទឹក​ប្រើ​បច្ចុប្បន្ននេះ គឺ​ព្រោះ​តែមាន​តម្រូវការ​ប្រើប្រាស់​ច្រើន​លើសលុប​ពេក​របស់​ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ និង​តំបន់​ការដ្ឋាន​សំណង់ ទើប​បណ្តាលឱ្យ​ទឹកឆា​ប់​អស់​អាង​នៅ​តំបន់​ជ្រោះ​តា​ប៉ន​។

ទោះយ៉ាងណា ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម សន្យា​ជាថ្មី​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ​ថា លោក​កំពុង​ជំរុញ​ដល់​ក្រុមហ៊ុន​LYP ស្វែង​ប្រភព​ទឹកសាប​មួយកន្លែង​តាម​បណ្តោយ​ផ្លូវជាតិ​៤៨ ក្បែរ​អតីត​ព្រលានយន្តហោះ ដែលមាន​ទឹក​ប្រមាណ​៨​មឺ​ុ​ន​ម៉ែត្រ​គីប ដោយ​រៀបចំ​តម្លើង​​ម៉ូ​ទ័​រ​បូមទឹក និង​ជួលជុល​លាង​សម្អាត​អាង​តាម​លក្ខណៈ​បច្ចេកទេស​។ ហើយ​យ៉ាងយូរ​មួយ​សប្តាហ៍​ទៀត ប្រជាពលរដ្ឋ​នឹងមាន​ទឹក​ប្រើប្រាស់​វិញ​ហើយ​។​

គួររម្លឹកថា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​បានកើត​ឡើង​ម្តង​រួច​មកហើយ ដោយ​លោក អន ភារៈ អភិបាលរង​ខេត្តកោះកុង លើកឡើងថា ដោយ​សារតែ​មានការ​លួច​ដុត​ព្រៃ​ក្បែរ​ផ្លូវជាតិ​លេខ​៤៨ ចំណុច​ជិត​ស្ពាន​ផ្លូវបំបែក​អូរ​ស្រី​ស្រណោះ ធ្វើឱ្យ​ទុយោ​មេ​ធំ​ចែកចាយ​ទឹក​ទៅ​ក្រុង​ខេមរភូមិន្ទ​ធ្លុះធ្លាយ​។ ក្រោយពី​ជួសជុល​រួចរាល់​ពេល​ល្ងាច​នឹងមាន​ទឹក​ប្រើប្រាស់​វិញ​ហើយ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ នៅតែ​ខ្វាយខ្វល់​ចិត្ត​ដដែល តាមរយៈ​ការរង់ចាំ​ទឹក​ស្ទើរតែ​ម៉ោង​ដែល​ក្រុមហ៊ុន​ប្រាប់​។​

លោក នីតិ​ឈោ​ត កែវ​ម៉ុង​ឃុន នាយក ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​កោះកុង បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា ចាប់ពី​ថ្ងៃទី​៧ ខែកុម្ភៈ នេះ​តទៅ នឹង​បិទ និង​បើក​ចែកចាយ​បរិមាណ​ទឹក​មាន​ពេល​កំណត់​ចំនួន​២​ដង ដោយ​លើក​ទី​១ បើកទឹក​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​១០​ព្រឹក និង​លើក​ទី​២ ពី​ម៉ោង​១៧​ល្ងាច​ដល់​ម៉ោង​២១​យប់ ដើម្បី​ប្រើប្រាស់​យូរអង្វែង លុះត្រាតែ​ស្ថានភាព​ទឹក​ប្រក្រតី​ឡើងវិញ​។ ក្រោម​ហេតុផល​ថា កម្ពុជា​រង​សម្ពាធ​ភាព​រាំង​រយៈពេល​យូរ​។​

អ្នកស្រី ណង ធីប និង​អ្នកស្រី ញ៉ែម បុប្ផា ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ដងទង់ បង្ហាញ​ក្តីបារម្ភ​ស្រដៀងៗ​គ្នា​ថា ខ្វះ​ទឹកស្អាត​ប្រើ​នេះ កើតឡើង​ជិត​១​ខែ​មកហើយ ទើបតែ​៣​ថ្ងៃ​កន្លងទៅនេះ​ទេ​ដាច់ទឹក​ខ្លាំង​គ្មាន​មួយ​ដំណក់​តែ​សោះ នាំអោយ​លំបាក​ដាំ​ស្លរ ងូត បន្ទោ​លបង់ បោក​សម្លៀកបំពាក់ និង​ប៉ះពាល់​ដល់​មុខរបរ​រកស៊ី​ជាដើម​។

ក្រុម​ពលរដ្ឋ​ដដែល អះអាង​ដែរ​ថា ស្ថាន​ភាពខ្វះ​ទឹកស្អាត បានធ្វើឱ្យ​ពួកគាត់​ស្វែងរក​ទិញ​ទឹកបរិសុទ្ធ និង​ទឹក​ដឹក​តាម​ឡាន​យកមកប្រើ​ជំនួស​វិញ ក្នុង​រយៈពេល​២​ថ្ងៃ​ចំណាយ​ថវិកា​៤​ទៅ​៥​ម៉ឺន​រៀល បើ​ធៀប​នឹង​រដូវវស្សា​។ ពលរដ្ឋ​ខ្លះ មាន​អណ្តូងទឹក​ពុំ​សូវ​ចោទ​ជា​បញ្ហា​ធំដុំ​ប៉ុន្មាន​ទេ​។

បើតាម​ការ​កត់​សម្ភា​ល់​ប្រជាពលរដ្ឋ ជា​រៀងរាល់ឆ្នាំ នៅ​មេសា ទើប​មាន​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើ ប៉ុន្តែ​ចម្លែក​អី្វ​តែ​ឆ្នាំ ២០១៩​នេះ ទឹក​ផ្តើម​ដាច់​លែងមាន​ប្រើ​តាំងពី​ចុងខែ​មករា មក​យ៉ាង​ដូច្នេះ​។ ពលរដ្ឋ​ក៏​ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន ផ្ទះសំណាក់ សណ្ឋាគារ និង​ការដ្ឋាន​សំណង់ ដែល​ម៉ូ​ទ័​រ​បូមទឹក គួរ​ផ្អាក​បូមទឹក​កុំ​គិតតែ​ផលប្រយោជន៍​ខ្លួនឯង ទុកអោយ​ប្រជាពលរដ្ឋ​ទូទៅ​បាន​ប្រើប្រាស់​ទឹក​ដែល​ក្រុមហ៊ុន​ចែកចាយ​តាម​ម៉ោង​ហូរ​ដល់​លំនៅដ្ឋាន​ពួកគាត់​ផង​។​

ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម ធ្លាប់​និយាយថា បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​ពុំ​សូវ​គ្រប់គ្រាន់​រៀងរាល់​រដូវប្រាំង សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកោះកុង គឺ​បាន​ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ដោយសារតែ​កំណើន​ពលរដ្ឋ​រស់នៅ​កើនឡើង​ពី​ឆ្នាំ​១​ទៅ​១​ឆ្នាំ ភាព​រីកចម្រើន​សំណង់​សណ្ឋាគារ ផ្ទ​សំណាក់ និង​តម្រូវការ​ប្រើប្រាស់​ទឹក​ច្រើន​ក្នុង​តំបន់​រោងចក្រ​សេដ្ឋកិច្ច​ពិសេស​របស់​ខេត្ត​៕B/