យ៉ាងហោច​ណាស់​មនុស្ស​៤៣​នាក់​ត្រូវបាន​សម្លាប់​ដោយ​អគ្គិភ័យ​ក្នុង​រោងចក្រ​ឥណ្ឌា​

289
ចែករម្លែក

​មនុស្ស​យ៉ាង​ហោច​ណាស់​៤៣​នាក់​បាន​ស្លាប់​នៅក្នុង​អគ្គិភ័យ​ក្នុង​រោងចក្រ​មួយ​នៅក្នុង​រដ្ឋធានី​ញូ​វដែល​ល្លី របស់​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ធ្នូ ហើយ​ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​​កើនឡើង​ថែម​ទៀត នេះ​បើ​តាម​អ្វី​ដែល​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​។​

​អគ្គិភ័យ​បាន​កើតឡើង​នៅ​ដើម​ថ្ងៃអាទិត្យ នៅក្នុង​សង្កាត់​ចាស់​របស់​ទីក្រុង​កន្លែង​មាន​ផ្លូវ​តូច​ចង្អៀត​និង​មនុស្ស​រស់​នៅ​ជាន់​គ្នា ហើយ​រោងចក្រ​និង​ឃ្លាំង​តូចចង្អៀត​។​

​នាយ​ប៉ូលិស​ក្រុង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «​យើង​…​បាន​ជួយ​សង្គ្រោះ​មនុស្ស​យ៉ាង​តិច​៥០​នាក់​។​ពួកគេ​ជា​ពលករ​និង​កម្មករ​រោងចក្រ ដែល​កំពុង​ដេក​នៅ​ខាងក្នុង​អាគា​រកំ​​ពស់​៤​ឬ​៥​ជាន់​នេះ​»​។​

​ពួក​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយថា​វា​ពិបាក​ចូល​សង្គ្រោះ​និង​ពន្លត់ភ្លើង​ដោយសារ​ផ្លូវ​តូចចង្អៀត និង​ងងឹត​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​អ្នក​ពន្លត់ភ្លើង​លីសែង​មនុស្ស​ចេញ​តាម​ច្រក​តូចៗ​ទៅកាន់​រថយន្ត​សង្គ្រោះ​។​

​ពួក​មន្ត្រី​អគ្គិភ័យ​បានអោយដឹងថា អាគារ​ដែល​ឆេះ​ផ្ទុក​កាតា​ប​ក្មេង​រៀន និង​វត្ថុ​វេច​ខ្ចប់ តែ​គេ​នៅ​មិនទាន់​ដឹង​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅឡើយ​។​

​សូមបញ្ជាក់​ថា រោងចក្រ​ជាច្រើន​និង​ក្រុម​ផលិត​តូចៗ​នៅក្នុង​ផ្ទះល្វែង​ស្ថិតនៅក្នុង​ទីក្រុង​ធំៗ​របស់​ឥណ្ឌា ច្រើន​តែ​តាំង​នៅក្នុង​សង្កាត់​ចាស់ៗ​ដែល​មាន​មនុស្ស​រស់​នៅ​ណែនណាន់​​តាន់តាប់ ភាគច្រើន​ជា​ប្រជាជន​ក្រីក្រ ដោយសារ​តែ​ដី​នៅ​តំបន់​ទាំងនេះ​ថោក​និង​ងាយ​រក​កម្លាំង​ពលកម្ម​។​

​ក្រុម​ផលិត​បែបនេះ ច្រើន​ជួល​ពក​លករ​កម្មករ​ចំណាកស្រុក​ស៊ីប្រាក់​ឈ្នួល​ថោកៗ ដែល​ដេក​ធ្វើការ​នៅ​នឹង​កន្លែង​តែម្តង​ដើម្បី​សន្សំសំចៃ​លុយ​។​ការធូររលុង​ក្នុង​ការអនុវត្ត​ច្បាប់​​អាគារ​និង​សុវត្ថិភាព ច្រើន​តែ​នាំអោយមាន​ឧបទ្ទវហេតុ​ស្លាប់​មនុស្ស​ច្រើនៗ​នៅ​ឥណ្ឌា​៕​ដោយ​៖​វាសនា​

មន្ត្រី​អគ្គិភ័យ​បាន​និយាយថា ផ្លូវ​តូច​ចង្អៀត​និង​ងងឹត​រារាំង​ការងារ​ជួយ​សង្គ្រោះ​