យ៉ាវ មីង សាទរ​ចិន ដែល​ដាក់ឱ្យ​ច្បាប់​ហាមឃាត់​ភ្លុក​ដំរី​ចូល​ជា​ធរមាន​

160

“​នៅពេលណា​ដែល​ការទិញ​លែងមាន ការសម្លាប់​ក៏​លែងមាន​ដូចគ្នា​ដែរ​”​។​

​នេះ​គឺជា​ពាក្យស្លោក​ដ៏​សំខាន់​មួយ​នៅក្នុង​យុទ្ធនាការ​អង្គការ WildAid របស់លោក យ៉ាវ មីង ដើម្បី​ប្រឆាំងនឹង​ការសម្លាប់​ត្រី​ឆ្លាម ដំរី និង​រមាស​។ ក្នុងនាម​ជាតា​រា​ល្បី​បំផុត​របស់​ចិន អតីត​តារា​បាល់បោះ NBA និង​ជា​ប្រធាន​សមាគម​បាល់បោះ​ចិន​បច្ចុប្បន្ន​រូបនេះ បាន​ក្លាយជា​អ្នកការពារ​សិទ្ធិ​សត្វ​និង​ការពារ​សត្វព្រៃ​អស់​រយៈពេល ១២ ឆ្នាំ​មកហើយ ឥឡូវនេះ​។​

​ច្បាប់​ក្នុង​ឆ្នាំ​ថ្មី​របស់​ចិន​ដែល​ហាមឃាត់​ការលក់​និង​កែច្នៃ​ភ្លុក​ដំរី​ស្រស់ៗ បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ចន្ទ ទី​១​មករា ហើយ​លោក​យ៉ាវ មីង បាន​និយាយ​អំពី​ការ​ចំណាត់ការ​ដ៏​ធំធេង​នេះ​ថា​តើ​វា​មានន័យ​យ៉ាងណា​ចំពោះ​លោក​នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​វេ​ប​សាយ CGTN ។​

​នៅ​ឆ្នាំ ២០១៤ យ៉ាវ មីង បាន​ដឹកនាំ​យុទ្ធនាការ​ផ្សាយពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ជាមួយ​អង្គការ WildAid ដើម្បី​ព្យាយាម​ធ្វើឱ្យ​ប្រជាជន​ចិន​បញ្ឈប់​ការទិញ​ភ្លុក​ដំរី​។ គាត់​ថែមទាំង​បានធ្វើ​ដំណើរ​ទៅ​កេ​ន​យ៉ា​និង​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​វិបត្ដិ​នៃ​ការ​ប្រមាញ់​ដំរី និង​បាន​បង្កើត​ភាពយន្ត​ឯកសារ​មួយ​ដែលមាន​ចំណងជើង​ថា “​ទីបញ្ចប់​នៃ​សត្វព្រៃ​” ។​

​ប៉ុន្តែ​ការធ្វើដំណើរ​របស់លោក​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​របស់​អង្គការ WildAid តាមពិតទៅ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០៦ មកម្ល៉េះ ជាមួយ​យុទ្ធនាការ​ដ៏​ជោគជ័យ​បំផុត​របស់លោក​គឺ​ប្រឆាំងនឹង​ការទទួល​ទាន​ស៊ុប​ព្រុយ​ឆ្លាម​។ គ្រាន់តែ​ពីរ​ឆ្នាំ​បន្ទាប់ពី​គាត់​បាន​ស្បថ​ថា​នឹងមិន​បរិភោគ​ស៊ុប​ព្រុយ​ឆ្លាម​ម្ដងទៀត​នោះ ការទទួល​ទាន​ស៊ុប​នេះ​នៅ​ប្រទេស​ចិន​បាន​ថយចុះ​ពី ៥០-៧០ ភាគរយ​។​

​នៅក្នុង​បទសម្ភាសន៍ លោក យ៉ាវ មីង និយាយថា បម្រាម​លើ​ការជួញដូរ​ភ្លុក​ដំរី​របស់​ចិន​គឺជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​នេះ ដែលជា​ទីផ្សារ​ភ្លុក​ដំរី​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​។ លោក​បាន​និយាយថា ការហាមឃាត់​នេះ​បង្ហាញថា ប្រទេស​ចិន​ប្តេជ្ញាចិត្ត​ក្លាយជា​ប្រទេស​ដ៏​រឹងមាំ​មួយ ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​។​

​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លងមកនេះ ចំនួន​សត្វ​ដំរីព្រៃ​បាន​ធ្លាក់ចុះ​ពី ១,៣ លាន​ក្បាល​មក​ត្រឹម ៣៥០.០០០​ក្បាល ។ យោងតាម​អង្គការ WildAid ដំរី ៣០.០០០ ក្បាល​ត្រូវបាន​សម្លាប់​ជា​រៀងរាល់ឆ្នាំ​ដើម្បី​យក​ភ្លុក​របស់​ពួកវា​។ បម្រាម​ជួញដូរ​ភ្លុក​ដំរី​របស់​ចិន​នឹង​បញ្ជូន​សារ​មួយ​ថា ភ្លុក​ដំរី​ឥឡូវនេះ​ត្រូវបាន​ហាមឃាត់​ហើយៗ​ប្រជាជន​ត្រូវ​បន្ត​ផ្សព្វផ្សាយ​សា​រថា​ការសម្លាប់​ដំរី​យក​ភ្លុក​គឺ​ខុសច្បាប់​។​

​លោក​យ៉ាង​មីង​និយាយថា “​យើង​គឺ​ល្អប្រសើរ​ជាង​នេះ​។ ខ្ញុំ​ជឿថា​មាន​មនុស្ស​ល្អ​ច្រើន ហើយ​ប្រសិនបើ​មនុស្ស​ដឹង​ការពិត នោះ​ពួកគេ​នឹងធ្វើ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​”៕ ដោយ៖ កញ្ញាដាលីស

យ៉ាវ មីង ក្លាយជា​ឯកអគ្គរដ្ឋទូត​របស់​អង្គការ WildAid តាំងពី​ឆ្នាំ ២០០៦ មកម្ល៉េះ