យ៉ាម ខេមរា និង ធឿន វីថាត់ អាចឆ្លងផុត ជុំទី១ឬទេ ?

676
ចែករម្លែក

ដោយ: រ៉ូហ្សា /
ភ្នំពេញ: ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire លើសង្វៀន អាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ខាងមុខនេះ អ្នកប្រដាល់កម្ពុជា យ៉ាម ខេមរា ក្លិបរស្មីកុមារកំព្រា ត្រូវប្រជែងដណ្ដើមកៅអី ជុំទី២ ជាមួយអ្នកប្រដាល់ចិន រូន ស៊ីអាហ៊ូ (Ruan Xiaohu) ។

នេះជាព្រឹត្តិការណ៍មួយ ដែលសម្រាប់អ្នកចាញ់ គឺត្រូវហាលអាវ ឯអ្នកឈ្នះ នឹងឡើង ប្រកួតបន្ត នៅជុំទី២ទៀត ដែលពីមួយជុំ ទៅមួយជុំ ការប្រកួត កាន់តែតឹងតែង។ អ្នកប្រដាល់ចិន រូបនេះ ទើបតែឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ជាលើកដំបូងនេះទេ ។ គេមានប្រវត្តិប្រកួត ចំនួន៣៣ដង ឈ្នះ២៥ដង ចាញ់៨ដង ។

យ៉ាម ខេមរា និង រូន ស៊ីអាហ៊ូ

ចំពោះអ្នកប្រដាល់កម្ពុជា យ៉ាម ខេមរា វិញ គេក៏មិនមែន ជាអ្នកប្រដាល់ ដែលមាន ឈ្មោះ បោះសម្លេង ខ្លាំងណាស់ណា នោះដែរ តែកែង និងជង្កង់របស់គេ មិនស្រួលទប់ទល់ឡើយ ។ ខេមរា មានប្រវត្តិប្រកួត ចំនួន៤៤ដង ឈ្នះ៣៣ដង ចាញ់១១ដង ។

ការប្រកួតនេះ យ៉ាម ខេមរា ខ្ទាតចេញពីការប្រកួត ឬ ក៏អ្នកប្រដាល់ចិន រូន ស៊ីអាហ៊ូ ជាអ្នកហាលអាវ ។ សូមបញ្ជាក់ថា អ្នកប្រដាល់ទាំង ២ រូបនេះ សុទ្ធតែត្រៀមខ្លួន សម្រាប់ការប្រកួតនេះ ដូចគ្នា ។

ប្រកួតក្នុង ព្រឹត្តិការណ៍នេះដែរ ធឿន វីថាត់ ក្លិបអប់រំកាយ ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ ត្រូវជួបជាមួយ អ្នកប្រដាល់ថៃ ក្វាន់ អេក (Kwan Ek)។ អ្នកប្រដាល់ ថៃរូបនេះ ធ្លាប់មកប្រកួត នៅស្រុកខ្មែរដែរ គេមិនមែនជាអ្នកប្រដាល់ ដែលស្រួល បង្ក្រាបនោះទេ គេពូកែជង្គង់ កែង និងកណ្ដាប់ដៃ ។ ក្វាន់ អេក មានប្រវត្តិប្រកួត ចំនួន៨៨ដង ឈ្នះ៦៥ដង ចាញ់២៣ដង ។

ធឿន វិថាត់ និង ក្វាន់ អេក

ចំពោះ ធឿន វិថាត់ វិញ អតីតកាលរបស់គេ ល្អណាស់ ប៉ុន្ដែគេបាត់មុខ មួយរយៈ ហើយទើបតែវិល មកកាន់ការប្រកួតវិញ។ ការមកកាន់ការប្រកួត ជាថ្មីនេះ ជួនកាល គេក៏ឈ្នះ ហើយពេលខ្លះ ក៏ចាញ់ ក៏មានដែរ ។ គេមានប្រវត្តិប្រកួត ចំនួន៦៥ដង ឈ្នះ៤៥ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង ។ នរណា ខ្ទាតចេញពីការប្រកួត ?។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ មានអ្នកប្រដាល់កម្ពុជា ២ រូបហើយ ដែលកក់កៅអី សម្រាប់ជុំទី២ គឺ ឆៃ សារ៉ា សមាគមប្រដាល់ ក្រសួងការពារជាតិ និង វង្ស វិឆ័យ ក្លិបទ័ពឆ័ត្រយោង៩១១ ។ ចំពោះអ្នកប្រដាល់បរទេស ២ រូប ដែលខ្ទាតចេញពី ការប្រកួតមុនគេនោះ គឺអ្នកប្រដាល់អ៊ីរ៉ង់ ម៉ារ ទីន (Martin) និង អ្នកប្រដាល់ថៃ ហ្វា មេឆៃ (Fa Mechhai) ៕v