រកឃើញម្ចាស់ជើងឯក MLBB 2019 តំណាងឲ្យក្រុមកម្ពុជា ទៅប្រកួតនៅទីក្រុងកូឡាឡាំពួរ

238
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ទីបំផុតការប្រកួត Mobile Legends: Bang Bang 2019 នៅប្រទេសកម្ពុជា គេបានរកឃើញម្ចាស់ជើងឯកហើយ គឺបានទៅលើក្រុម Impunity KH ដែលបានក្លាយជាក្រុមតំណាងឲ្យកម្ពុជា ដើម្បីទៅប្រកួត នៅទីក្រុងកូឡាឡាំពួរ ក្នុងខែវិច្ជិកា ឆ្នាំ២០១៩ ។

គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះបានរៀបចំធ្វើឡើង នៅផ្សារទំនើបអ៊ីអន២ សែនសុខ នាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ក្នុងវគ្គនេះដែរមានចំនួន ៤ ក្រុមចូលរួម ក្នុងនេះមាន ក្រុមទទួលបានជ័យលាភីលេខ១ បានទៅលើក្រុម Impunity KH, ជ័យលាភីលេខ២ Diversity MVPលេខ៣ Burn Gaming និង លេខ៤ គឺក្រុម Dude។ ចំពោះក្រុមទទួលបានជ័យលាភី នឹងទទួលបានរង្វាន់ចំនួន ៦០០០ដុល្លារផងដែរ។

លើកឡើងក្នុងពិធីនេះលោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត ដែលបាន ឧបត្ថម្ភ ក្នុងការប្រកួតនេះផងដែរ បានឱ្យដឹងថា «ខ្ញុំរំពឹងថា អ្នកលេងហ្គេមវ័យក្មេងប្រាកដជាអាចធ្វើបាន។ តាមរយៈពេលការបញ្ជូន អ្នកមានសមត្ថភាពតំណាងជាតិ ទៅចូលរួមនេះផងដែរ ពួកយើងរំពឹងថា នឹងមានអ្នកចូលរួម ក៏ដូចជាអ្នកទស្សនាយ៉ាងច្រើនកុះករ»។

លោក បានបញ្ជាក់ថាបានបន្តទៀតថា «សហគមន៍ហ្គេមទូរស័ព្ទចល័ត បានកើនឡើនដល់ចំណុចមួយ ដែលធ្វើឲ្យការប្រើប្រាស់ទិន្នន័យចល័ត ក៏កើនឡើងទន្ទឹមគ្នាផងដែរ។ យើងជឿជាក់ថា មានអ្នកលេងហ្គេម ប្រមាណ ជាង១.៥លាននាក់នៅកម្ពុជា ហើយយើងក៏រំពឹងទុកថា ចំនួននេះនឹងកើនឡើងទ្វេរដងនាពេលអនាគត»។

គួររំលឹកថា ក្រុម Impunity KH ដែលជាក្រុមតំណាងឲ្យកម្ពុជា នឹងត្រូវទៅប្រកួត នៅទីក្រុងកូឡាឡាំពួរ ចាប់ពីថ្ងៃទី១១ ដល់១៤ ខែវិច្ជិកា ឆ្នាំ២០១៩។ ជើងឯកពិភពលោក ចូលរួមដោយក្រុម MLBB លំដាប់ចំនួន១៦ ដែលមកពី១៣ប្រទេស ប្រកួតគ្នា ដណ្តើម យករង្វាន់ទឹកប្រាក់ ចំនួន២៥ម៉ឺនដុល្លារ៕B/