រកឃើញ​ខ្មោច​កប៉ាល់ជំនួញ​សតវត្សរ៍​ទី​១៩​ចំនួន ២ គ្រឿង អំឡុងពេល​ស្វែងរក​យន្តហោះ MH370

1098
ចែករម្លែក

​បួន​ឆ្នាំ​បន្ទាប់ពី​យន្តហោះ​ម៉ាឡេស៊ី​ជើងហោះហើរ​លេខ ៣៧០ បាន​បាត់​នៅលើ​ផ្លូវ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ទៅ​ទីក្រុង​ប៉េកាំង ក្រុម​អ្នកស្វែងរក​យន្តហោះ​បាត់​នេះ បាន​រកឃើញ​អ្វី​ផ្សេង​ទៅវិញ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​កាលពី​ថ្ងៃទី ៣ ខែឧសភា​។​

​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) បាន​រាយការណ៍​ថា ក្រុម​អ្នកជំនាញ​ខាង​សមុទ្រ​បានកំណត់​អត្តសញ្ញាណ​ខ្មោច​កប៉ាល់​២​គ្រឿង​រកឃើញ​អំឡុង​ការតាមប្រមាញ់​យន្តហោះ​ម៉ាឡេស៊ី​នៅ​តំបន់​ដាច់ស្រយាល​មួយ​នៃ​មហាសមុទ្រ​ឥណ្ឌា គឺជា​កប៉ាល់​ដឹក​ធ្យូងថ្ម​សតវត្សរ៍​ទី ១៩​។​

​លោក រ៉ូ​ស អ៊ែន​ឌ័​រ​សុន អ្នក​អភិរក្ស​បុរាណវិទ្យា​នៅ​សមុទ្រ​ខាងលិច​របស់​សារមន្ទីរ​អូស្ត្រាលី​ខាងលិច​បាន​និយាយថា “​ខ្មោច​កប៉ាល់​ទាំង​២​នេះ​តាមពិត​គឺជា​កប៉ាល់ជំនួញ​សតវត្សរ៍​ទី ១៩ ដោយ​កប៉ាល់​មួយ​ធ្វើ​ពី​ឈើ និង​មួយទៀត​ធ្វើ​ពី​ដែក​”​។​

​លោក​បាន​បន្ថែមថា កប៉ាល់​នីមួយៗ​មាន​មនុស្ស​ជិះ​រហូតដល់ ៣០ នាក់​។​

​យោងតាម​ព័ត៌មាន​នានា​ដែល​បានផ្តល់​ដោយ​ប្រភព​ដឹកជញ្ជូន​អង់គ្លេស​ភាគច្រើន​នោះ លោក អ៊ែន​ឌ័​រ​សុន និយាយថា កប៉ាល់​ឈើ​អាចជា​ប្រភេទ W. Gordon ដែល​បាន​បាត់​នៅពេល​ធ្វើដំណើរ​ពី​ក្រុង​ក្លាស​ហ្គោ របស់​ស្កុ​តឡែ​ន​ទៅ​ទីក្រុង​អាដេ​ឡេ ប្រទេស​អូស្ត្រាលី​នៅ​ឆ្នាំ ១៨៧៦ ឬ កប៉ាល់ Magdala ធ្វើដំណើរ​ពី​ទីក្រុង​ផេ​ណាត របស់​វែ​ល ទៅ​ទីក្រុង​ធឺ​ណេ​ត នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក​បាន​បន្ថែមថា “​សម្រាប់​កប៉ាល់​ដែក លទ្ធភាព​អាចជា​កប៉ាល់ Kooringa (​ឆ្នាំ ១៨៩៤) កប៉ាល់ Lake Ontario (​ឆ្នាំ ១៨៩៧) និង កប៉ាល់ West Ridge (១៨៨៣) ជាមួយ​ភស្តុតាង​សម​ហេតុផល​ជាច្រើន​”​។​

​គួររំលឹកថា យន្តហោះ​ម៉ាឡេស៊ី MH370 បាន​បាត់​កាលពី ៤ ឆ្នាំមុន គឺ​នៅ​ថ្ងៃទី ៨ មីនា ២០១៤ ជាមួយ​អ្នកដំណើរ​និង​បុគ្គលិក​សរុប ២៣៩ នាក់​ជិះ​លើ​នោះ​៕ ដោយ៖ កញ្ញាដាលីស

កប៉ាល់​សតវត្សរ៍ ទី​១៩ ចំនួន​២​គ្រឿង​រកឃើញ​អំឡុង​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ MH370