រកឃើញ​ឈើ​ខុសច្បាប់​ជាង​៥០០​ដុំ លាក់ទុក​ក្នុងព្រៃ​ខេត្តមណ្ឌលគិរី​

1122
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: អាវុធហត្ថ​ខេត្តក្រចេះ ក្រោម​ការចង្អុលបង្ហាញ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ប្រើ​កម្លាំង​ជាង​៤០​នាក់ ជិះ​រថយន្ត​រុករក​ឈើ​ខុសច្បាប់ នៅ​ចំណុច​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​១៤​និង​១៥​ខែសីហា​នេះ​។​

​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​ម​ណ្ឌ​គិរី នៅ​ព្រឹក​ថ្ងៃទី​១៥​សីហា​នេះ បាន​រាយការណ៍​មក​ថា លទ្ធផល​នៃ​ការរុករក​ឃើញ​ឈើ​ខុសច្បាប់​ទាំងនោះ មាន​ចំនួន​៥៩៤​ដុំ ជា​ឈើ​អារ​ជ្រុង​និង​ឈើ​ហ៊ុ​ប​មូល​លេខ​០១ សុ​ក្រម កកោះ ស្រឡៅ ជាដើម​។ អាវុធហត្ថ​បញ្ជាក់ថា ទីតាំង​ដែល​រកឃើញ​នោះ គឺ​តាម​គោលដៅ​ដែល​លាក់ទុក​១០​កន្លែង​ផ្សេងគ្នា ចន្លោះ​ពី​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ក្រុមហ៊ុន​លឹម រ៉ូយ៉ាល់​។​

​នៅ​ព្រឹក​ថ្ងៃ​១៥​សីហា​ដដែល​នេះ នៅ​មិនទាន់មាន​ការបញ្ជា​ក់ណា​មួយ​ពី​ការចាប់​រថយន្ត ឬ​មនុស្ស​នៅឡើយ​។ ស្រប​ពេលដែល​រដ្ឋបាល​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​១៥​សីហា​នេះ បានចេញ​លិខិត​បដិសេធថា ពុំមាន​ការរៀបចំ​ដឹកឈើ​តាម​រថយន្ត​ប៉ា​កុង នៅក្នុង​តំបន់ភ្នំ​ព្រេច​នោះទេ​។​

​សេចក្តីរាយការណ៍​ចុងក្រោយ បញ្ជាក់ថា​គណៈបញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា ក៏​កំពុង​ល្បាត​រុករក​ឈើ​នៅលើ​ទីតាំង​ភូមិសាស្ត្រ​ដែល​ខ្លួន​គ្រប់គ្រង​ផងដែរ​៕ ល​