រកឃើញ​ឈើ​ចម្រុះ​ខុសច្បាប់​នៅក្នុង​បរិវេណ​ក្រោយ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ក្រុង​សៀមរាប ប្រមាណ​ជាង​២០០​ម៉ែត្រ​គីប

430
ចែករម្លែក

​​ដោយ:​បាយ័ន​/​សៀមរាប ​៖ ឈើ​ចម្រុះ​ប្រមាណ​ជាង​២០០​ម៉ែត្រ​គីប ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក្រោម​ការសម្របសម្រួល​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​រកឃើញ​លាក់ទុក​នៅក្នុង​បរិវេណ​ក្រោយ​សណ្ឋាគារ​អង្គរ​អេ​រ៉ា នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប នៅ​ល្ងាច​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​។

លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​និយាយ​ឲ្យ​ដឹងថា ឈើ​ចម្រុះ​ខាងលើ​ត្រូវបាន ចុះទៅ​ឆែកឆេរ​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅ ដោយ​សង្ស័យថា​ឈើ​ទាំងនោះ​លាក់ទុក​នៅ​ខាងក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ផ្នែក​ខាងក្រោយ ដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ​។

សូម​រំលឹកថា នៅ​ថ្ងៃកើតហេតុ សមត្ថកិច្ច​ចម្រុះ​បាន​ចុះទៅ​ឆែកឆេរ​កន្លែងកើតហេតុ​ខាងលើ គឺមាន​ឈើ​គ្រប់​ប្រភេទ​ដែលមាន​ចំនួន​ប្រមាណ​ជាង​១០០០​ម៉ែត្រ​គីប​ឯណោះ ប៉ុន្តែ​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​សណ្ឋាគារ​យក​ឯកសារ ពាក់ព័ន្ធ​ដែល​ច្បាប់​អនុញ្ញាត​មក​ផ្ទៀងផ្ទាត់ ព្រោះថា​សមត្ថកិច្ច​អាចអនុវត្ត​ច្បាប់​លើ​ឈើ​ណា​ដែល​គ្មាន​ច្បាប់ ដោយឡែក​ឈើ​ដែលមាន​ច្បាប់​អនុញ្ញាត​គឺ​សមត្ថកិច្ច​មិន​ប៉ះពាល់​ឡើយ​។

លោក ម៉ុង ប៊ុន​លីម បាន​និយាយ​ឲ្យ​បន្តទៀតថា យោងតាម​ការផ្ទៀងផ្ទាត់​សមត្ថកិច្ច បាន​រកឃើញ​ឈើ​ចម្រុះ​ប្រមាណ​ជាង​២០០​ម៉ែត្រ​គីប​ប៉ុណ្ណោះ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ដោយឡែក​ឈើ​ជាច្រើន​រយ​ម៉ែត្រ​គីប​ទៀត គឺ​ម្ចាស់​សណ្ឋាគារ​គេ​មានច្បាប់​ត្រឹមត្រូវ​។
រហូតមកដល់​រសៀល​ថ្ងៃទី​០៤ ខែកក្កដា​នេះ សមត្ថកិច្ច​នៅតែ​បន្ត​នីតិវិធី​កសាង​សំណុំរឿង​លើ​ករណី​ឈើ​ខុសច្បាប់​ជាង​២០០​ម៉ែត្រ​គីប​នោះ​នៅឡើយ​ទេ ព្រោះថា​ករណីនេះ​គឺ​ឈើ​មាន​ទំហំ​ធំ​ដែល​សមត្ថកិច្ច​ត្រូវ​ប្រើ​រយៈពេល​យូរ ដើម្បី​អនុវត្ត​ឲ្យ​ត្រូវ​តាម​នីតិវីធី​ច្បាប់​។

បើតាម​ច្បាប់​ស្តីពី​ព្រៃឈើ​មាត្រា​៩៧ ចែងថា ឈើ​ដែល​ខុសច្បាប់​ទាំងនោះ​អាច​ពិន័យ​ជា​អន្តរកាល មានន័យថា ឈើ​មួយ​គីប​ពិន័យ​គុណ​នឹង​៣​ដង ហើយ​ឈើ​ត្រូវ​រឹបអូស​ជា​សម្បត្តិ ​រដ្ឋ​។ ឧទាហរណ៍ ឈើ​មួយ​គីប​តម្លៃ​ក្នុង​ទីផ្សារ​១​ពាន់​ដុល្លារ ត្រូវ​ពិន័យ​គុណ​នឹង​៣​ដង ស្មើនឹង​៣​ពាន់​ដុល្លារ​។ ដូច្នេះ​ឈើ​ទំហំ​ជាង​២០០​ម៉ែត្រ​គីប​នេះ គឺ​បើ​គិត​តាមច្បាប់ គឺ​ត្រូវ​រដ្ឋ​ពិន័យ​ជា​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់​៕B/