រកឃើញ​ទំនិញ​ខូចគុណភាព​ជិត​១០​មុខ នៅ​ផ្សារ​ទំនើប​ហេង ឆាយ​លី ខេត្តបាត់ដំបង​

1027
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម រួម​និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅលើ​ទំនិញ ដែល​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប​យីហោ​ហេង​ឆាយ​លី ហើយ​បាន​រកឃើញ​ទំនិញ​ខូចគុណភាព​ហួស​កាលបរិច្ឆេត​ប្រើប្រាស់​ចំនួន​៧​មុខ ហើយ​រឹបអូស​យកទៅ​រក្សាទុក​នៅ​សាខា រង់ចាំ​ធ្វើ​ការដុត​កម្ទេចចោល​នៅពេល​ក្រោយ​។​

​លោក ហាក់ សុខ​រិ​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ នៅលើ​ទីតាំង​ផ្សារ​ទំនើប​ចំនួន​២ រួមមាន​ផ្សារ​ទំនើប​(​ហេង​ឆាយ​លី​)​និង​ផ្សារ​ទំនើប​(​ឡាក់​គី​) ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក​ប្រធាន​សាខា​បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រុមមន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​ខូចគុណភាព និង​គ្មាន​ការចុះ​កាលបរិច្ឆេទ​ត្រឹមត្រូវ មាន​ទាំង​ភេសជ្ជៈ ម្ហូបអាហារ និង​នំ​ផ្សេងៗ​សរុប ចំនួន​៧​មុខ​ដែល​ទំនិញ​ទាំងនេះ បានដាក់​តាំង​លក់​នៅក្នុង​ផ្សារ​ទំនើប ហេង ឆាយ​លី ហើយ​បាន​រឹបអូស​យកទៅ​រក្សាទុក​នៅ​សាខា ដើម្បី​សុំ​គោលការណ៍​ពី​តុលាការ​យកទៅ​ដុត​កម្ទេចចោល និង​បានធ្វើ​ការអប់រំ​ពន្យល់ និង​ណែនាំ​ដល់​អ្នកគ្រប់គ្រង​ផ្សារ​។ ប្រភព​បន្តថា ដោយឡែក​ទំនិញ​នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី ក្នុង​ខេត្តបាត់ដំបង មន្ត្រី​ជំនាញ​មិនបាន​រកឃើញ​ទំនិញ​មាន​បញ្ហា​អ្វី​នោះទេ​៕ ល​