រកឃើញ​បេក្ខជន​៣​នាក់​ឈ្នះ​ការប្រកួត​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​ឆ្នាំ​២០១៨

1221
ចែករម្លែក

​ដោយ​ : ​ដេប៉ូ/ ​ភ្នំពេញ​ ៖ ​បន្ទាប់ពី​ការប្រកួត​ជម្រុះ​ជាច្រើន​វគ្គ​ទីបំផុត​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​ថ្លែង​សុន្ទរកថា​ជា​ភាសា​ជប៉ុន​លើក​ទី​១០ សម្រាប់​សិស្ស​វិទ្យាល័យ បាន​រកឃើញ​បេក្ខជន​ចំនួន​៣​រូប​បានឈ្នះ​ជ័យលាភី​ប្រចាំឆ្នាំ​២០១៨​នេះហើយ​។​
​ ​
​បេក្ខជន​ដែល​បានឈ្នះ​ការប្រកួត​ក្នុង​វគ្គ​ចុងក្រោយ​នេះ​ គឺ​បាន​តស៊ូ​ក្នុងចំណោម​បេក្ខជន​ចំនួន​៨​រូប ហើយ​ជា​លទ្ធផល​គេ​បាន​រកឃើញ​បេក្ខជន បេ​ក្ខ​នារី ចំនួន​៣​រូប​បានឈ្នះ​ជ័យលាភី​លើក​នេះ​គឺ​លេខ​១​បាន​ទៅ​យុវតី ប៉េង​ច័ន្ទ​បូព៌ា អាយុ​១៧​ឆ្នាំ​មកពី​វិទ្យាល័យ​ហ្សា​ម៉ាន់ លេខ​២​បាន​ទៅលើ​យុវតី សុខ​ដែន​ណា មកពី​វិទ្យាល័យ​ពេជ្រ​ចិន្តា ខេត្តបាត់ដំបង និង​លេខ​បី​បាន​ទៅលើ​យុវជន​គឿន​សុខ​ជា មកពី​វិទ្យាល័យ​១០​មករា​១៩៧៩​ខេត្តសៀមរាប ។​
​ ​
​ចំពោះ​អ្នក​ជាប់​លេខ​១​ក្នុង​កម្មវិធី​នេះ ​នឹងត្រូវ​ចេញទៅ​ប្រកួត​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​លក្ខណៈ​អន្តរជាតិ ​ដែល​នឹង​រៀបចំឡើង​នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ខាងមុខ​ផងដែរ​។​
​ ​
​គួរ​បញ្ជាក់ថា​ការប្រកួត​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​នេះដែរ​បានរៀបចំ​ឡើង ​ដោយ​ក្រសួង​អប់រំ​យុវជន ​និង ​កីឡា​សហការ ជាមួយនឹង​អង្គការ​អេ​អិ​ល​ស៊ី​កុ​មុយ​នី​កេ​សិន​ស៍ នា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​កាលពី​រសៀល​ថ្ងៃទី​៦ ​ខែឧសភា ​ឆ្នាំ​២០១៨ ។​
​ ​
​បញ្ជាក់​ក្នុង​ពិធី​នេះ​លោក ស៊ូ​ស៊ូ​គី ហ៊ី​រ៉ូ​ណូរី ទីប្រឹក្សា​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា​ ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​គេ​សង្កេតឃើញ​អត្រា​អ្នកវិនិយោគទុន​មកពី​ប្រទេស​ជប៉ុន​កាន់​តែមាន​ចំនួន​ច្រើនឡើង ហេតុនេះ​តម្រូវការ​ធនធានមនុស្ស​ដែល​ចេះ​ភាសា​ជប៉ុន​ក៏​កាន់តែ​កើនឡើង​។​ ផ្តើមចេញពី កត្តា​នេះដែរ​ចំពោះ​អ្នក​ដែល​ចេះ​ភាសា​ជប៉ុន​ក៏​ជាយា​ន្ត​មួយ​សម្រាប់​ទីផ្សារការងារ​យ៉ាង​ល្អ​នា​ថ្ងៃ​ខាងមុខ​។​
​ ​
​បញ្ជាក់​ក្នុង​ពិធី​នេះដែរ លោក​ពិន​ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​និង​យុវជន​កីឡា​បានឱ្យដឹងថា មកដល់​ពេលបច្ចុប្បន្ន​ភាសា​ជប៉ុន​បាន​ក្លាយជា​ភាសា​ដ៏​សំខាន់​មួយ ​ដែល​សិស្ស​កម្ពុជា​ជ្រើសរើស​រៀនសូត្រ​កាន់តែ​ច្រើនឡើង ហើយ​វា​ក៏​ជាទី​ផ្សារ​ដ៏​សំខាន់​មួយ​ដែរ​សម្រាប់​ពួកគេ​អាច​ប្រើប្រាស់​ទាំង​ការធ្វើការងារ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ការប្រើ​លើ​វិស័យ​ទេសចរណ៍​ឬ​សូម្បីតែ​កម្មសិក្សា​ឬ​បំពេញការងារ​ប្រទេស​ជប៉ុន​ទៀតផង​។​
​ ​
​ជាមួយ​ការរៀន​ភាសា​ជប៉ុន​នៅ​កម្ពុជា​នេះដែរ លោក​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​គួរ​ជ្រើសរើស​អ្នកចេះ​ភាសា​ជប៉ុន​ជា​អាទិភាព ​ក្នុងការ​ចូលទៅ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​របស់ខ្លួន​៕B