រកឃើញ​ប្រាសាទបុរាណ​មួយ លាក់ខ្លួន​នៅ​កណ្តាល​ព្រៃ​ព្រំដែន​ខេត្តស្ទឹងត្រែង និង​ក្រចេះ​

2739

(​ស្ទឹងត្រែង​)៖ ប្រាសាទបុរាណ​មួយ ដែល​កំពុងតែ​កប់​ក្នុង​ដី​និង​ហ៊ុមព័ទ្ធ​ទៅដោយ​ព្រៃ​ក្រាស់ៗ ត្រូវបាន​អាជ្ញាធរ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង រកឃើញ​នៅជាប់​ព្រំដែន​ខេត្តក្រចេះ ត្រើយ​ខាងលិច​ដង​ទន្លេមេគង្គ​។ បន្ទាប់ពី​រកឃើញ​អាជ្ញាធរ​បាន​សន្យាថា នឹង​រៀបចំ​ផែនការ​អភិរក្ស​តំបន់​នោះ​ឱ្យទៅជា​កន្លែង​ទេសចរណ៍​។​

​លោក ថោង ស្រា​ន់ អភិបាលស្រុក​សៀម​បូក បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ថា កាលពី​ថ្ងៃទី​២២​ខែធ្នូ លោក​បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព​ភូមិសាស្ត្រ​ការរស់នៅ និង​ការ​បង្កបង្កើនផល​ប្រជាពលរដ្ឋ នៅតាម​តំបន់​ដាច់ស្រយាល​។ ខណៈពេល​នោះ ក្រុមការងារ ក៏បាន​ចុះទៅ​ដល់​ប្រាសាទបុរាណ​មួយ​មាន​វ័យ​ចំណាស់​រាប់រយឆ្នាំ កំពុងតែ​លាក់ខ្លួន​ក្នុងព្រៃ ស្ថិតនៅ​ទីតាំង​អូរ​ក្រាក់​ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ជាប់​ព្រំប្រទល់​ស្រុក​សម្បូរ​ខេត្តក្រចេះ​។​

​លោក​អភិបាលស្រុក​ទើបនឹង​កាន់​មុខតំណែង​ថ្មី​រូបនោះ បាន​ប្រាប់ទៀតថា ទីតាំង​ប្រាសាទ ដែល​ទើបនឹង​រកឃើញ ស្ថិតនៅ​ត្រើយ​ខាងលិច​ដង​ទន្លេមេគង្គ​។ អ្នកភូមិ​នៅ​ស្រុក​នោះ ក៏​មិន​បានដឹង​ឈ្មោះ​ប្រាសាទ និង​មាន​ប្រវត្តិ​យ៉ាងម៉េច​ដែរ​។​

​អ្នកស្រុក​បាន​ប្រាប់​យើង​ថា ទីតាំង​ប្រាសាទបុរាណ គឺជា​កន្លែង​ដាច់ស្រយាល​នៅក្នុង​ព្រៃ ហើយ​បាន​ឆ្លងកាត់​សង្គ្រាម​រាប់​ទស្សវត្ស​រិ៍​រហូត​មាន​ជនខិលខូច​មួយចំនួន បាន​ជីក​គាស់​កាយ​រក​កំណប់ បណ្តាលឱ្យ​ខូច​ទ្រង់ទ្រាយ នៃ​ប្រាសាទ​។ ម្យ៉ាងទៀត ដោយសារតែ​ប្រាសាទ សង់​រាប់រយឆ្នាំ ហើយ​ធម្មជាតិ​បាន​បំផ្លាញ​បណ្តាលឱ្យ​បាក់​រលំ​កប់​ក្នុង​ដី​យ៉ាងជ្រៅ​។​

​លោក ថោង ស្រា​ន់ បាន​និយាយ​បន្ថែមទៀតថា យើង​សង្កេតឃើញ​មាន​ផ្ទាំង​ថ្ម​(​យោនី​) និង​ថ្ម​ឥដ្ឋ​កប់​នៅក្នុង​រណ្តៅ​ដី​។ ប្រាសាទ​នេះ​មាន​សណ្ឋាន​ដូច​ប្រាសាទ​ព្រះ​គោ នៅ​ទីរួមស្រុក​ថា​បរិ​វ៉ា​ត់ និង​ប្រាសាទ​សម្បូរ​ព្រៃ​គុប ខេត្តកំពង់ធំ​។ លោក​មាន​អារម្មណ៍​ថា ពិតជា​រំភើប ពេល​ឃើញ​ស្នាដៃ​ខ្មែរ​ជំនាន់​ដើម បាន​បន្សល់ទុក​រាប់រ​យ​ឆ្នាំ​មកទល់នឹង​សព្វថ្ងៃនេះ​។​

​ជា​បន្តទៀត​លោក​នឹង​រៀបចំ​ផែនការ ឱ្យមាន​ការចូលរួម ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចុះទៅ​ម្តងទៀត ជា​ផ្លូវ​ការកំណត់​ទីតាំង​អភិរក្ស និង​សិក្សា ពី​ប្រវត្តិ​ប្រាសាទ​នោះ ឱ្យ​កាន់តែច្បាស់​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ហើយក៏​នឹង​រៀបចំ​ឱ្យមាន​ផ្លូវ​ទៅកាន់​ទីនោះ ព្រោះថា ទីតាំង​ភូមិសាស្ត្រ​មានទឹក​ទន្លេមេគង្គ​ព្រៃព្រឹក្សា​សមជា​តំបន់​គួរឱ្យ​ទាក់ទាញ ការចាប់អារម្មណ៍ ពី​សក្តានុពល​ទេសចរណ៍​៕L ដោយ​៖​សុខុម​