រកឃើញ​ម៉ាស៊ីនភ្លើង​ច្រើន​គ្រឿង​នៅ​ទីតាំង​លក់​២​កន្លែង​របស់​ក្រុមហ៊ុន​ចិន​សង្ស័យ​គេចពន្ធ

195
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​សមត្ថកិច្ច​គយ​ចល័ត​តំបន់​៣​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដឹកនាំ​ដោយ​លោក​កែវ​អង្កាម​សហការ​ជាមួយ​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក​ទុំ​ណូ​។​ចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​,​កម្លាំង​កងរាជអាវុធហត្ថ​៤០២​របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​

​ក្នុងនោះ​មានការ​សម្របសម្រួល​ពី​លោក​សុខ​កល្យាណ​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ​និង​លោក​ព្រះរាជអាជ្ញា​សៀង​សុខ​ហើយ​និង​លោក​ព្រះរាជអាជ្ញារង​លឹម​ប៊ុនហេង​ដឹកនាំ​ចុះ​អនុវត្ត​ន៏​ផ្ទាល់​អនុវត្ត​ន៏​តាម​ដីកា​លេខ​២៨០៥​ចុះ​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ចូល​ឆែក​ត្រួតពិនិត្យ​ក្នុង​ឃ្លាំង​លក់​ម៉ា​សុ​ី​ន​ភ្លើង​ចំនួន​២​កន្លែង មាន​ម្ចាស់​ជា​ជន​ជាតិចិន ដែលមាន​ទីតាំង​ដូចខាងក្រោម​៖

១-​ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង​មានឈ្មោះ ហាង ហ្វូ​លី​ស៊ឺ​ថឹ មាន​ទីតាំងនៅ ឃ្លាំង​គ្មាន​លេខ ផ្លូវជាតិ​លេខ​៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទល់មុខ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន ។​២-​ឃ្លាំង​ស្តុក​ម៉ាស៊ីនភ្លើង (​គ្មាន​ឈ្មោះ​) មាន​ទីតាំងនៅ ឃ្លាំង​គ្មាន​លេខ ផ្លូវជាតិ​លេខ​៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ទល់មុខ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន​ឆៀង​ខាងលិច​ស្ថិតនៅក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ។

​បើតាម​មន្ត្រី​គយ​ថ្លែងថា​ក្នុងពេល​ឆែក​ត្រួតពិនិត្យ​កន្លែង​លក់​ម៉ាស៊ីនភ្លើង​ទាំង​២​កន្លែង​នេះ​សមត្ថកិច្ច​រកឃើញ​មាន​ម៉ាស៊ីនភ្លើង​ថ្មី​ទាំង​តូច​ទាំង​ធំ​ប្រមាណ​ជាង​៦០​គ្រឿង​ដែល​មិនទាន់មាន​ឯកសារ​បង់ពន្ធ​នាំចូល​ខុស​នឹង​នីតិវិធី​គយ​។​ករណីនេះ​សមត្ថកិច្ច​គយ​បាន​ដកហូតយក​ម៉ាស៊ីនភ្លើង​ទាំងអស់​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​រួចហើយ​តម្រូវឱ្យ​ម្ចាស់​ចូលទៅ​បង្ហាញ​ឯកសារ​បង់ពន្ធ​និង​បើ​គ្មាន​ឯកសារ​ត្រឹមត្រូវ​តម្រូវអោយ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ ជាមួយនឹង​ការ​ផាក​ពិន​យ័​តាម​និតិ​វិធី​ច្បាប់ ។

​មន្ត្រី​គយ​ថ្លែង​បញ្ជាក់ដែរថា​សកម្មភាព​បង្ក្រាប​ទំនិញគេចពន្ធ​នេះ​គឺ​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​ផ្ទាល់​ពី​ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​អំពើ​គេចពន្ធ​និង​លោក​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា​ដែល​តម្រង់ទិស​ឱ្យ​ប្រតិបត្តិ​ករ​ឯកជន​ទាំងអស់​ទាំង​ជនជាតិខ្មែរ​និង​ជនបរទេស​ត្រូវគោរព​ច្បាប់​ពន្ធគយ ដើម្បី​ប្រមូលប្រាក់​ពន្ធ​ជូន​រដ្ឋ​៕S/​