រកឃើញ​ម៉ូតូ​ដែល​ចោរប្លន់​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់ យកទៅ​ប្លុង​ចោល​ក្នុងព្រៃ​

624

បាត់ដំបង​៖​​ កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ខេត្ត​មួយ ក្រុម​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ការិយាល័យ​កណ្តាល​យុត្តិធម៌ បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​ម៉ូតូ​១​គ្រឿង​របស់​ជនរងគ្រោះ ដែល​ត្រូវ​ចោរប្លន់​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់ កាលពី​ថ្ងៃទី​១០​ខែកក្កដា នៅ​ស្រុក​ប​វេ​ល ហើយ​យកទៅ​ប្លុង​ចោល​ក្នុងព្រៃ ចំណុច​ទួល​ក្អម ស្ថិតក្នុង​ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ឆ្ងាយ​ពី​កន្លែងកើតហេតុ ប្រមាណ​៧​គីឡូម៉ែត្រ​។​ ​

​លោក ជេ​ត វណ្ណ​នី ស្នងការរង​ខេត្ត​បាន​បញ្ជាក់ថា សំណុំរឿង​ចោរប្លន់​ប្រដាប់អាវុធ​បាញ់សម្លាប់​ជនរងគ្រោះ​២​នាក់ យក​ម៉ូតូ​មួយគ្រឿង កាលពី​ថ្ងៃទី​១០​ខែកក្កដា នៅ​ចំណុច​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល​។ ក្រោយ​កើតហេតុ​ប្រមាណ​២​ម៉ោង កម្លាំង​ស្នងការ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក ចេញ​ប្រតិបត្តិ​តាម​ប្រមាញ់​ជនដៃដល់​បាន​ម្នាក់ ក្នុងចំណោម​បក្ខពួក​ពីរ​នាក់ ដែល​ត្រូវជា​ពូ​និង​ក្មួយ​។ ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ឈ្មោះ យិន សា​រ៉េ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​(​ពូ​) និង​ម្នាក់ទៀត​កំពុងរ​ត៉​កេ​ច​ខ្លួន​ឈ្មោះ អួន សៅ កំពុង​រត់គេចខ្លួន​។ ទាំងពីរ​នាក់​នៅ​ភូមិ​ព្រះ​ពន្លា ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល​។ ចំណែក​ជនរងគ្រោះ​ពីរ​នាក់ ដែល​ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​មានឈ្មោះ​ហួត ឈឿង ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ (​អ្នកបើក​និង​ម្ចាស់​ម៉ូតូ​) និង​ឈ្មោះ​រឿន រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។ ទាំងពីរ​នាក់​នេះ នៅ​ភូមិ​ច្រនៀង​ឃុំ​គោក​ឃ្មុំ​ស្រុក​ថ្មគោល មុខរបរ​រកស៊ី​គួ​ក​ជេ​ម៉ូតូ​។ ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​ម៉ាកវ៉េវ​ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 1AA 3110​។ ម៉ូតូ​ដែល​រកឃើញ​យកទៅ​រក្សា​ទុក​នៅ​ស្នងការ​ខេត្ត រង់ចាំ​ប្រគល់​ជូនទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​វិញ​។​

​បច្ចុប្បន្ន​កម្លាំង​ស្នងការ​ខេត្ត កំពុង​បន្ត​តាម​ប្រមាញ់​ជនសង្ស័យ​ម្នាក់ទៀត ដែល​កំពុង​រត់គេចខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ ​ដោយ ៖គ្រញូង

ម៉ូតូ​រកឃើញ​ប្លុង​ចោល​ក្នុងព្រៃ (​រូប​៖ គ្រញូង​)