រកឃើញ​រូងភ្នំ​វែង​បំផុត​នៅ​អាស៊ី មាន​អាយុកាល ១០០ លាន​ឆ្នាំ ប្រវែង​ជិត ២៤០ គីឡូម៉ែត្រ​

1917
ចែករម្លែក

​ប្រព័ន្ធ​រូង​ថ្ម​ដ៏​ធំ​សម្បើម​មួយ​នៅក្នុង​ប្រទេស​ចិន​ត្រូវបាន​រកឃើញថា​ជា រូងភ្នំ​ដែល​គេ​ស្គា​ល់វែង​ជាងគេ​បំផុត​នៅ​អាស៊ី​។​

​រូងភ្នំ​ស៊័​ង​ហឺ (Shuanghe) ស្ថិតនៅក្នុង​ខេត្ត​គួ​យ​ចូ​វ ភាគ​និរតី​ប្រទេស​ចិន មាន​ប្រវែង ២៣៨,៤៨ គីឡូម៉ែត្រ គឺ​ជិត​ស្មើនឹង​ចម្ងាយ​រវាង​ទីក្រុង​ឡុង​ដ៏​និង​ម៉ាន់​ឆេ​ស្ទើ​។​

​លោក ហ្ស​ង់ បូត​តាស​ហ្ស៊ី (Jean Bottazzi) អ្នកស្រាវជ្រាវ​រូងភ្នំ​ជនជាតិ​បារាំង ដែល​ដឹកនាំ​ការរុករក​នាពេល​ថ្មីៗ​នេះ​បានឱ្យដឹងថា រូងភ្នំ​ថ្មកំបោរ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​បាន​វ៉ា​ដាច់​រូងភ្នំ​ទឹកថ្លា (Clearwater Cave) ប្រវែង ២២២ គីឡូម៉ែត្រ នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ក្លាយជា​រូងភ្នំ​វែង​ជាងគេ​នៅ​អាស៊ី​។​

​យោងតាម​សារព័ត៌មាន​ចិន Global Times បានឱ្យដឹងថា កាលពី​មុនគេ​យល់ថា​រូងភ្នំ​នេះ​មាន​ប្រវែង ២០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្ទាបស្ទង់​រយៈពេល ១៥ ថ្ងៃ​ក្នុងឆ្នាំនេះ គេ​បាន​រកឃើញ​រូងភ្នំ​ថ្មកំបោរ​នេះ​ប្រវែង ៣៨,៤៨ គីឡូម៉ែត្រ​បន្ថែមទៀត​។​

​កាសែត​ចិន​នេះ​បានឱ្យដឹងថា ការរុករក​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​ចំនួន ១៣ នាក់​មកពី​ជុំវិញ​ពិភពលោក​។​

​រហូតមកទល់​ពេលនេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​បន្ទប់ក្រោមដី​ចំនួន ១៤៣ កន្លែង​នៅក្នុង​បរិវេណ “​ដ៏​ស្មុគស្មាញ​បំផុត​នេះ​” ក្នុងចំណោម​នោះ​ចំនួន ៥៦ បន្ទប់​គឺ​ត្រូវបាន​ផ្សាភ្ជាប់​គ្នា​។ ស្ទឹង​ក្រោម​ដី ៥ កន្លែង និង​អូរ​ចំនួន ១១៨ កន្លែង​ក៏ត្រូវ​បាន​រកឃើញ​ផងដែរ​។​

​ការរកឃើញ​នេះ​ត្រូវបាន​ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី ២៤ ខែមីនា​។​

​រូងភ្នំ​នេះ​ត្រូវគេ​ជឿថា​បង្កើតឡើង​ប្រហែល ១០០ លាន​ឆ្នាំមុន​អំឡុង​យុគសម័យ​ដីស (Cretaceous Period ប្រហែល ១៤៤ លាន​ឆ្នាំមុន​)​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ពួកគេ​បាន​រកឃើញ​ហ្វូ​ស៊ី​ល​សត្វ​ផុត​ពូជ​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នៅ​ខាង​ក្នុងនោះ​។​

​លោក លី ប៉ូ អ្នកស្រាវជ្រាវ​មកពី​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​គួ​យ​ចូ​វ បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​រុករក​នេះ​អាចជួយ​បំភ្លឺ​អំពី​ស្ថានភាព​អាកាសធាតុ​នៅ​សម័យ​នោះ ដូច្នេះ​វា​ជា​គន្លឹះ​ក្នុងការ​យល់ដឹង​ពី​ការប្រែប្រួល​អាកាសធាតុ​នាពេល​អនាគត​។​

​រូងភ្នំ​ស៊័​ង​ហឺ ដែល​គេ​ស្គាល់​ផងដែរ​ថា​ជា​រូងភ្នំ​ទន្លេ​២ ត្រូវបាន​រុករក​ឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​តាំងពី​ឆ្នាំ ១៩៨៧​។ វា​ត្រូវបាន​ប្រែក្លាយ​ទៅជា​ឧទ្យាន​ភូមិសាស្ត្រ​ជាតិ​ដោយ​អាជ្ញាធរ​ចិន​នៅក្នុង​ឆ្នាំ ២០០៤​។​

​បើទោះបីជា​រូងភ្នំ​ស៊័​ង​ហឺ​វែង​ជាងគេ​នៅ​អាស៊ី​ក៏ពិតមែន ក៏ប៉ុន្តែ​វា​មាន​ប្រវែង​តែ​ជាង​មួយ​ភាគបី​ប៉ុណ្ណោះ​នៃ​រូងភ្នំ​វែង​ជាងគេ​បំផុត​លើ​ពិភពលោក​។​

​រូងភ្នំ​ម៉ាំ​មុត (Mammoth Cave) ស្ថិតនៅក្នុង​រដ្ឋ​កេ​ន​ថាក់​គី សហរដ្ឋអាមេរិក​មាន​ប្រវែង ៦៤៣ គីឡូម៉ែត្រ ដែល​ជិត​ស្មើនឹង​ចម្ងាយ​រវាង​ទីក្រុង​ឡុង​ដ៍​និង​ហ្វ្រែ​ង​ហ្វើ​ត​៕ ដោយ៖ កញ្ញាដាលីស

រូងភ្នំ​ស៊័​ង​ហឺ ពី​មុនគេ​ស្មានថា​មាន​ប្រវែង​តែ ២០០ គីឡូម៉ែត្រ តែ​ឥឡូវ​គេ​រកឃើញ​ថែម ៣៨,៤៨ គីឡូម៉ែត្រ​បន្ថែមទៀត