រកឃើញ​ហើយ​សព​យុវតី​ពីរ​នាក់ ដែល​បាត់​ខ្លួន​ដោយសារ​លិច​ទូក​

113
ចែករម្លែក
រកឃើញ​ហើយ​សព​យុវតី​ពីរ​នាក់ ដែល​បាត់​ខ្លួន​ដោយសារ​លិច​ទូក​

ដោយៈ សុផាន់​/​កណ្តាលៈ ទីបំផុត​យុវតី​ពីរ​នាក់​ដែល​បាន​បាត់​ខ្លួន​ដោយសារ​លិច​ទូក​ក្នុង​ទន្លេមេគង្គ ពេល​ជិះ​ទៅលេង​កោះ​ស្នេហា កាលពីថ្ងសទី២៦ខែមករាទៅ ត្រូវ​សមត្ថកិច្ច​រកឃើញ​សព​ទាំងពីរ​នាក់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០២០​។

​នគរបាល​ស្រុក​មុខកំពូល​បានឱ្យដឹងថា បន្ទាប់ពី​មាន​ករណី​លិច​ទូក​ហើយ​បាត់​ខ្លួន​នារី​ពីរ​នាក់​នោះ​សមត្ថកិច្ច និង​សាច់ញាតិ​ជនរងគ្រោះ បាន​សហកា​គ្នា​តាមរក​សាកសព រហូតដល់​ម៉ោងជាង​បី​រសៀល ថ្ងៃទី​២៨ ខែមករា ទើប​រកឃើញ​សព​ជនរងគ្រោះ​ម្នាក់ ឈ្មោះ យឿ​ង ស្រី​ពេជ្រ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ឃ្លាំង​សាំង សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​នៅ​ទន្លេមេគង្គ​លើ​ចម្ងាយ​ពី​កន្លែងកើតហេតុ ប្រហែល ២៥០​ម៉ែត្រ​(​ខាងក្រោម​កន្លែងកើតហេតុ​)​។ លុះដល់​ព្រលប់​ថ្ងៃ​ដដែល​ក្រុមគ្រួសារ និង​សមត្ថកិច្ច​បាន​ស្វែង​រកឃើញ​សាកសព​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ តុ​ន ឌី​ណា អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ មិត្តភាព សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ នៅ​ទន្លេមេគង្គ​លើ ចម្ងាយ​ពី​កន្លែងកើតហេតុ ប្រហែល ២៥០ ម៉ែត្រ​(​ខាងក្រោម​កន្លែងកើតហេតុ​)​។ ក្រោយពី​ស្រង់​សាកសព​ឡើង​ពី​ទឹក សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ និង​ក្រុមគ្រួសារ បានធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ប៉ុន្តែ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ក្រោយ​ពិនិត្យ​ចប់ សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​

​សូម​រំលឹកថា ករណី​លិច​ទូក​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៤​រសៀល ថ្ងៃទី ២៦ ខែមករា ស្ថិតក្នុង​ភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ នៅពេល​កើតហេតុ នារី​រងគ្រោះ​ទាំងពីរ​នាក់ រួម​នឹង​មិត្តភក្តិ​ប្រហែល​១០​នាក់​ផ្សេងទៀត បាន​ជិះទូក​លេង​បម្រុង​ឆ្លងទៅ​កោះ​ស្នេហា ប៉ុន្តែ​ជិះ​ចេញ​បាន​ប្រហែល​១០​ម៉ែត្រ ទូក​ក៏បាន​លិចទៅ​ក្នុង​ទឹក បណ្ដាល​បាត់​មនុស្ស​ពីរ​នាក់​។ ករណីនេះ បើតាម​សមត្ថកិច្ច​បញ្ជាក់ថា គឺ​បណ្តាលមកពី​មនុស្ស​ជិះ​លើស​ចំណុះ​៕​សរន