រកឃើញ​ហើយ​អត្តសញ្ញាណ​ជន​ទី​៥ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​រថយន្ត​ឡិច​ស៊ី​ស​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​

1414
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រីប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នាក់ងារ​រស្មី​កម្ពុជា ប្រចាំខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ​ថា ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​៥​នាក់ ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​លុច​សីស​៤៧០​និង​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​ក្រុមហ៊ុន PTT នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ១៤១/១៤២ ស្ថិតនៅ​ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង កាលពី​ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ កន្លងមក​ពេលនេះ បាន​រកឃើញ​អត្តសញ្ញាណ​ហើយ គឺ​ជនរងគ្រោះ​ជា​មនុស្សពេញវ័យ មិនមែនជា​កូនក្មេង​ដូច​ការសន្និដ្ឋាន​ដំបូង តាម​ការពិនិត្យ​សាកសព​នោះទេ​។​

​ប្រភព​និយាយថា ជនរងគ្រោះ​ទី​៥ មានឈ្មោះ ចាន់ វណ្ណា កើត​ឆ្នាំ​១៩៩៧​។ ចំណែក​អត្ត​សញ្ញា​ជនរងគ្រោះ​៤​នាក់​ទៀត ដែល​រកឃើញ​បន្ទាប់ពី​កើតហេតុ​នោះ គឺមាន​១-​ឈ្មោះ ធេង ដា​វុន កើត​ឆ្នាំ​១៩៩០ ភេទ​ប្រុស នៅ​ខេត្ត ព្រះសីហនុ ជា​មន្ត្រី​សាធារណការ ខេត្តកំពត​អ្នកបើកបរ ។ ២-​ឈ្មោះ យ៉ា ភេទ​ប្រុស នៅ​ខេត្ត​ព្រះសីហនុ​។ ៣-​ឈ្មោះ​ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ​។ ៤-​ឈ្មោះ ឈឹម រដ្ឋា ស្រី អាយ​២១​ឆ្នាំ​បុគ្គលិក​លក់ ដូរ​នៅ ភោជនីយដ្ឋាន ខេត្ត​ព្រះសីហនុ​។​

​គួររម្លឹកថា វេលា​ម៉ោង ៧:៣០​ព្រឹក​ថ្ងៃទី​២៨​មេសា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​លើផ្លូវ​ជាតិ​លេខ ។ រវាង​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន PPT និង​រថយន្ត​លុច​ស៊ី​ស 470 ដែលមាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​។ លុះ​មក​ចំណុចកើតហេតុ​នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ 141-142 នៅ​ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល​ខេត្តកោះកុង​រថយន្ត​លុច​ស៊ី​ស 470 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2H-3679 មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ដែលមាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​។​ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឲ្យ រងរបួស​មនុស្ស​ចំនួន​២​នាក់ និង​ស្លាប់​៥​នាក់​។ ចំណែក​អ្នករបួសធ្ងន់​ជា​ភាគី​ខាង​រថយន្ត​ប្រេង​ឈ្មោះ ផាន វិបុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំមាន​ទីលំនៅ​ក្រុងភ្នំពេញ មុខរបរ​បើកបរ រថយន្ត​ដឹក​ប្រេង និង​ឈ្មោះ ផាន សុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំមាន​អាស័យដ្ឋាន​ជាមួយគ្នា​។​

​ការសន្និដ្ឋាន​ដំបូង មូលហេតុ​ខាងលើ​បង្កដោយ​រថយន្ត​លុច​ស៊ី​សបាន​រេ​ចង្កូត​ទៅបុក​ចូល​ផ្លូវ​ខាង​រថយន្ត​ដឹក​ប្រេង​៕ ល​