រកឃើញ​ហើយ ! ក្រុមហ៊ុន ជុង យៀន នាំ​សំណល់​ប្លា​ស្ទិ​ក​៨៣​កុងតឺន័រ​ចូលមក​កម្ពុជា

988
ចែករម្លែក
​លោក​គុណ ញឹម ចុះ​ពិនិត្យ​កាកសំណល់​សំរាម​បា្ល​ស្ទិ​ក​ចំនួន ៨៣​កុង​តឺ​ន័​រ នៅ​កំពង់ផែ​ស្វ័យ​ត​ខេត្ត​ព្រះសីហនុ​(រូបទីពីរខាងឆ្វេង)

ដោយៈ វង្ស សុភាព​/​ភ្នំពេញៈ រកឃើញ​ហើយ​ក្រុមហ៊ុន ដែល​នាំ​កាកសំណល់​សំរាម​បា្ល​ស្ទិ​ក​ចំនួន ៨៣​កុងតឺន័រ ដែល​ដឹក​តាម​កប៉ាល់​យកមក​ទ​ម្លា​ក់​ចោល​នៅ​កំពង់ផែ​ស្វ័យ​ត​ខេត្ត​ព្រះសីហនុ គឺ​ក្រុមហ៊ុន ជុង យៀន ប្លា​ស្ទិ​ក (Chung yuen )​ដែលមាន​ថៅកែ​ជា​ជនជាតិខ្មែរ​។ នៅ​ដើម​សប្តាហ៍​ក្រោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹង​កោះហៅ​ម្ចាស់​ក្រុមហ៊ុន​មក​ធ្វើការ​សាកសួរ​។
កាកសំណល់​សំរាម​បា្ល​ស្ទិ​ក​នេះ​បើតាម​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​គឺ មាន​ប្រភព​មកពី​អាម៉េរិក និង​ប្រទេស​កាណាដា​។​សំណល់​នេះ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​កាលពី​ថ្ងៃទី​១៦​ខែកក្កដា​កន្លងទៅ​។​
​លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ថា ក្រុមហ៊ុន​ដែល​នាំ​កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន ៨៣​កុងតឺន័រ ចូលមក​ដាក់​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ គឺ​ក្រុមហ៊ុន ជុង យៀន​ប្លា​ស្ទិ​ក​។ ប្រធាន​ក្រុមហ៊ុន ជុង យៀន​ប្លា​ស្ទិ​ក គឺជា​ជនជាតិខ្មែរ ប៉ុន្តែ​នៅក្នុង​ក្រុមហ៊ុន​នោះ មាន​ជនជាតិ​ចិន​ធ្វើការ​ដែរ ហើយ​កំពុងតែធ្វើការ​ស្រាវជ្រាវ​បន្ត​។
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យើង​មិនទាន់​បញ្ចប់​ការស្រាវជ្រាវ​ទេ កំពុង​ស្រាវជ្រាវ​នៅឡើយ​។ គ្រាន់តែ​ចង់​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​នាំចូល​មកនេះ គឺ​យើង​រកឃើញ​ឈ្មោះ​ក្រុមហ៊ុន​ហើយ គឺ​ក្រុមហ៊ុន ជុង យៀន ប្លា​ស្ទិ​ក ហើយ​ប្រធាន​ក្រុមហ៊ុន​ជា​ជនជាតិខ្មែរ ហើយ​នៅក្នុង​ក្រុមហ៊ុន​នឹងមាន​ចិន​ធ្វើការ​ដែរ​”​។​
​លោក​គុណ ញឹម បាន​បន្តថា នៅ​ដើម​សប្តាហ៍​ក្រោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នឹងធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ហៅ​មក​សាកសួរ​ផ្ទាល់មាត់​ថែមទៀត​ពាក់ព័ន្ធ​និង​ព័ត៌មាន​ដែល​ក្រុមហ៊ុន​នាំចូល​កាកសំណល់​សំរាម​បា្ល​ស្ទិ​ក​ចំនួន ៨៣​កុងតឺន័រ​។ តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​យើង គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំទៅ​វិញ ហើយនឹង​អាច​ពិន័យ​ទៅលើ​ក្រុមហ៊ុន​នោះ​។ លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​នាំចូល​កាកសំណល់​បា្ល​ស្ទិ​ក គឺអាច​ប្រឈម​វិន័យ​រដ្ឋបាល និង​អាច​ប្រឈម​ការបិទ​ក្រុមហ៊ុន​។
សូមជម្រាបថា កាលពី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បានសម្រេច​គាស់​ទូ​កុងតឺន័រ​ទាំងអស់នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅក្នុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ក្រោយពី​មានការ​សង្ស័យ​លើ​ទំនិញ​ដែលមាន​នៅក្នុង​ទូ​កុងតឺន័រ​នោះ​៕​សរន​