រកឃើញ​អ្នក​ជួយ​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ទួល​បា​សាន​ដែលមាន​ប្រវត្តិ​ជាង​មួយ​ពាន់​ឆ្នាំ​នៅ​ស្រុក​ស្រី​សន្ធរ​

340
ចែករម្លែក
  • 9
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​ស្វែង​រកឃើញ​សប្បុរសជន​ជា​ដៃគូ​ជួយ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទបុរាណ ឬ​ជា​វាំង​ស្តេច​ទួល​បា​សាន ដែលមាន​ប្រវត្តិ​កាលពី ១.៥១៥ ឆ្នាំមុន នៅ​ស្រុក​ស្រី​សន្ធរ​នោះបាន​ហើយ​។ ដើម្បី​ប្រែក្លាយ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ សម្រាប់​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​សម្រាប់​ទស្សនា​កម្សាន្ត​និង​សម្រាប់​ជា​កន្លែង​សិក្សា​ស្រាវជ្រាវ​ប្រវត្តិ​ពី​អតីតកាល​របស់​កម្ពុជា​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​ដែល​បាន​អមដំណើរ​ដោយ​លោកស្រី​ជា​ភរិយា​បាន​មានប្រសាសន៍ថា​រូបសំណាក​ស្ត្រី​ឈរ​ដែល​យើង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សម្បត្តិ​សាធារណ​:​នាឱកាស​នេះ គឺ​តំណាង​ឲ្យ​រូប​ព្រះ​នាង កេស​បុប្ផា ជា​ព្រះ​ស្នំ​ឯក​របស់​ស្តេច ព្រះនាម ស្រី​សុគន្ធ​បថ ជា​ចៅ​របស់​ព្រះអង្គ ពញា យា​ត ជា​ស្តេច​មួយអង្គ បាន​កសាង​ប្រាសាទ​ឈ្មោះ​« ព្រះ​ធាតុ​ទួល​បា​សាន​» ដែល​ធ្វើ​ឲ្យ​ទឹកដី​ស្រុក​ស្រី​សន្ធរ​មាន​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​នោះ​។​

​លោក គួច ចំរើន បាន​មានប្រសាសន៍​រំលឹក​រឿង​រាវ​កាលពី​ជាង​មួយ​សហស្សវត្ស​កន្លងទៅ​ថា កាលនោះ​គឺ​ស្រុក​ស្រី​សន្ធរ​នេះ​មានឈ្មោះ​ស្រុក​បា​សាន​ដោយសារតែ​មានរឿង​រាវ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ស្នំ​ឯក​កេស​បុប្ផា​គឺ​ស្តេច​ស្រី​សុគន្ធ​បថ​បាន​ប្តូរ​ឈ្មោះ​ស្រុក​ដែលមាន​ទឹកដី​ដ៏​ស្រស​ឆើតឆាយ​មួយ​នេះ​មកជា​ស្រុក​ឈ្មោះ​«​ស្រី​ស​ឈរ​» និង​ជា​បន្តបន្ទាប់​បាន​ក្លាយជា​ស្រុក​ស្រី​សន្ធរ ដូច​បច្ចុប្បន្ននេះ​។

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ជាមួយ​នោះ​ដើម្បី​ថែរក្សា​ឈ្មោះ​« ស្រី​ស​ឈរ​» នេះ អាជ្ញាធរ​គ្រប់​សម័យកាល​បាន​សាងសង់​រូបសំណាក​ព្រះ​នាង កេស​បុប្ផា ទុកជា​និមិត្តរូប និង​គោរពបូជា​។​ប៉ុន្តែ​រូបសំណាក​កន្លងមក​មាន​ទំហំ​តូច​គឺ​លើក​នេះ​យើង​មាន​សប្បុរសជន​លោកស្រីឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ជួយ​ស្ថាបនា​ឲ្យ​មាន​ទំហំ​ធំ និង​មាន​សម្រស់​ស្រស់ស្អាត សក្តិ​សមជា​ស្នំ​ឯក របស់​ស្តេច​ព្រះអង្គ ស្រី​សុគន្ធ​បថ គង់នៅ​ក្នុង​វាំង​ប្រាសាទ​ទួល​បា​សាន ភូមិ​ខ្យា​អម្ពិល ឃុំ​បារាយណ៍ ដែលមាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ​ពី​រូប​ណាក​នេះ​។​

​លោក​បាន​បន្តថា​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុងចំណោម​សមិទ្ធិផល​ជាច្រើន​របស់លោក​ស្រី​ឧកញ៉ា សៀង ចាន់​ហេង បាន​ជួយឧបត្ថម្ភ​ដល់​ខេត្តកំពង់ចាម ហើយ​លោកស្រី​ឧកញ៉ា​បាន​សន្យា​ប្តេជ្ញា គ្រោង​ជួយ​ជួសជុល អភិរក្ស​ប្រាសាទ​ទួលបាន​សាន។​ជួយ​ជ្រោង​ជ្រែង​អភិវឌ្ឍន៍​តំបន់​នោះ ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នាពេល​អនាគត​។ បានជា​ផ្លូវ​ធ្វើដំណើរ​ងាយស្រួល ដើម្បី​បានជា​កន្លែង​សិក្សា​ស្វែងយល់ និង​គាំទ្រ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ជាតិ​នៅ​ទីនោះ​ផង​។​

​លោក ឥន ស៊ី​ថុល ប្រធានការិយាល័យ​វប្បធម៌ និង​វិចិត្រសិល្ប​:​ស្រុក​ស្រី​សន្ធរ​បាន​ឲ្យ​ដឹងថា ប្រាសាទព្រះធាតុ​ទួល​បា​សាន ដែលមាន​ទំហំ​ទទឹង ២០ ម៉ែត្រ និង​បណ្តោយ ប្រាំពីរ ម៉ែត្រ គឺ​កំពូល​ប្រាង្គ​ប្រាសាទ​បាន​បាក់ តែ​រូប​ចំណាក​នៅ​ល្អ ដែល​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង គ្រោង​អភិរក្ស​នោះ ស្ថិតក្នុង​ភូមិ​ខ្យា​អម្ពិល ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​លោក​ប្រធានការិយាល័យ​បាន​បន្តថា​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​អាចធ្វើ​ដំណើរ​ទៅកាន់​ប្រាសាទព្រះធាតុ​ទួល​បា​សាន​ខាងលើ តាមផ្លូវ​ចំនួន​ពីរ​ខ្សែ គឺ​ផ្លូវ​ខាងក្រោយ​សាលាស្រុក​ស្រី​សន្ធរ ឆ្លងកាត់​ទំនប់​បឹង​វា​ម​មាន​ចម្ងាយ​ជាង​២០ គីឡូម៉ែត្រ និង​មួយ​ខ្សែ​ទៀត​មាន​ចម្ងាយ​ជាង​១០ គីឡូម៉ែត្រ​បែកចេញ​ពី​ផ្លូវជាតិ​លេខ​៧០ B តាម​ខ្លោងទ្វារវត្ត​មួយកន្លែង​ក្នុងភូមិ​ព្រែក​ដំបូក ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​៕S/​