ដោយ៖ វណ្ណៈ
ព្រះសីហនុ៖ ស្ពៃជ្រក់ ចំនួន ២០ គីឡូក្រាម ដែលមានដាក់លាយ សារធាតុគីមីបូរ៉ាក់ ប៉ះពាល់សុខភាព ត្រូវបានមន្ត្រីកាំកុងត្រូល ខេត្តព្រះសីហនុ ដកហូតពីអាជីវករ លក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ ក្នុងពេលចុះពិនិត្យគុណភាព ម្ហូបអាហារ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រោមការចូលរួម ពីមន្ត្រីពាក់ព័ន្ធ។
លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានថ្លែងថា ស្ពៃជ្រក់ ដែលលាយសារធាតុគីមីនេះ រកឃើញ តាមរយៈឧបករណ៍ ធ្វើតេស្តបឋមផង និងពិនិត្យបន្ថែម តាមរយៈម៉ាស៊ីន ក្នុងមន្ទីរពិសោធ៍ នៅក្នុងអង្គភាព សាខាកាំកុងត្រូលខេត្តផង ។ ស្ពៃជ្រក់ទាំងអស់នេះ ក្រោយដកហូត មន្ត្រីកាំកុងត្រូល ក៍បានយកដុតកំទេចចោល ភ្លាមៗផងដែរ ។
លោកបានថ្លែងបន្តថា ក្នុងខែធ្នូ ឆ្នាំ២០១៨ នេះ មន្ត្រីកាំកុងត្រូល បានរកឃើញម្ហូបអាហារ លាយសារធាតុគីមី ជាបន្តបន្ទាប់ នៅផ្សារលើ ក្រុងព្រះសីហនុ និងផ្សារវាលរេញ ក្នុងស្រុកព្រៃនប់ មានដូចជា បបែលងៀត បង្គា និងស្ពៃជ្រក់ ជាដើម ។
លោកបានអះអាងថា អាជីវករពាក់ព័ន្ធ ត្រូវខាតបង់ទាំងស្រុង ទៅលើម្ហូបអាហារ ដែលមន្ត្រីកាំកុងត្រូល រកឃើញថា មានជាតិគីមី រួចត្រូវដកហូត យកទៅកំទេចចោល ដោយមិនអនុគ្រោះ ឬលើកលែងឡើយ បើទោះជាមិនទាន់មាន ចំណាត់ការផ្លូវច្បាប់ធ្ងន់ធ្ងរ ទៅលើបងប្អូនអ្នកលក់ដូរផ្ទាល់ ដោយត្រឹមតែ ធ្វើកិច្ចសន្យានោះ យ៉ាងណាក្តី ៕v