រក្សាតុល្យភាពរវាងអ្នកចិញ្ចឹមក្នុង​ស្រុក និងនាំចូល ដើម្បីឲ្យតម្លៃទី​ផ្សារថេរ

109
ចែករម្លែក

មូល:សម្បត្តិ/ភ្នំពេញ ៖ ថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានប្រកាសជូនដំណឹងកាត់បន្ថយកូតានាំចូលមាន់ពីប្រទេសថៃមកកម្ពុជាពី១៣ក្រុមហ៊ុន មកនៅត្រឹម​៧ក្រុមហ៊ុនស្មើនឹងចំនួនមាន់ពី៤ ៤០០០ក្បាល មកត្រឹម១ ៧០០០ក្បាលវិញក្នុង​គោល​បំណងរក្សាអោយមានតុល្យភាពតម្លៃទីផ្សារ សម្រាប់អ្នកបរិភោគផង និងជួយលើកកំពស់ការពារនិយមជួយដល់កសិករអ្នកចិញ្ចឹមក្នុងស្រុកឲ្យបានផលចំណេញផង។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានរាយការណ៍ប្រាប់រស្មីកម្ពុជាឲ្យដឹងនៅថ្ងៃនេះថា ការដែលក្រសួងកាត់កូតានាំចូលមាន់ពីថៃដល់ក្រុមហ៊ុនមួយចំនួននេះគឺកុំឲ្យឈ្មួញវាដណ្តើមម៉ូយប្រជែងគ្នាទម្លាក់ថ្លៃមាន់លើទីផ្សារខ្លាំងពេក។ ហើយវាប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក និងបាត់តុល្យភាពរវាងអ្នកចិញ្ចឹមនិងនាំចូល។ ដូច្នេះកាត់កូតាដល់ក្រុមហ៊ុននាំចូលហ្នឹង ត្រឹមត្រូវហើយ។លោកគាំទ្រទាំងស្រុងដល់ក្រសួងដែលចេះឆ្លាតជួយគាពារលើកកំពស់ដល់អ្នកចិញ្ចឹមក្នុងស្រុក តែលោកមិនបានហាមដាច់ខាតថាមិនអោយនាំចូលទាល់តែសោះនោះទេ គឺការនាំចូលនេះវាបំពេញនូវការខ្វះខាតឲ្យគ្នាទៅវិញទៅមក។ពេលមាន់ក្នុងស្រុកមានតម្លៃ អ្នកចិញ្ចឹមរកផលចំពេញបានច្រើនធ្វើអោយអ្នកចិញ្ចឹមមាន់មានការកើនឡើង។ ផ្ទុយទៅវិញអ្នកចិញ្ចឹមជ្រូកមួយភាគធំបាន​បិទរោងចិញ្ចឹមជ្រូកមកងាកចិញ្ចឹមមាន់វិញ ពីព្រោះជ្រូកកន្លងមកខាតធ្ងន់ធ្ងរណាស់ដោយសារជម្ងឺប៉េស្ត៍អាហ្វ្រិកជាប់ជ្រូកខាតបង់ស្ទើររត់ចោលស្រុក។

លោកពៅ ចង់ឲ្យអ្នកចិញ្ចឹមជ្រូកវិលមកចិញ្ចឹមជ្រូកវិញ ពីព្រោះសាច់ជ្រូកឥឡូវមានតម្លៃខ្ពស់ជាងសាច់មាន់។ យើងមានគំរោងបើកការបណ្តុះបណ្តាលពីរបៀបចិញ្ចឹមជ្រូកថ្មីមួយ​ជៀសវាងពីជម្ងឺប៉េស្ត៍អាហ្វ្រីក កុំឲ្យមានការខាតបង់តទៅទៀត។ ហើយជៀសវាងកុំឲ្យមានការនាំជ្រូកចូលពីថៃច្រើនទៀតផង។ ឥឡូវនេះគ្រាន់តែជ្រូកនាំចូលពីប្រមាណ​២០០០​ទៅ៣០០០ក្បាលក្នុង១ថ្ងៃ។ បើវៀតណាមវិញនាំចូលជ្រូកពីថៃឆ្លងកាត់កម្ពុជាពី៣ម៉ឺនទៅ៤ម៉ឺនក្បាលក្នុង១ថ្ងៃ។ ចំណែកខ្មែរយើងវិញបរិភោគសាច់មាន់១២ម៉ឺនក្បាលក្នង១ថ្ងៃ៕B/