រក្សា​របៀបរៀបរយ តែ​ក៏​ត្រូវមាន​កន្លែង​សមរម្យ​ដែរ​!

355
ចែករម្លែក

​ដើម្បី​លើកកម្ពស់ និង​តម្លៃ​លេចធ្លោ​ជាស​កល​នៃ​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ ជាតិ អប្សរា បានប្រកាស​ឲ្យ​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​ទាំងអស់ ចូលរួម​សហការ ដោយ បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល ដាក់​អង្រឹង​និង​សម្ភារៈ​ផ្សេងៗ​នៅ​បរិវេណ​ត្រពាំង សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ក្នុង​រយៈ ពេល ៤៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ តទៅ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​លើកឡើងថា​បច្ចុប្បន្ន​មាន​បងប្អូន​អាជីវករ​និង​ភ្ញៀវទេសចរ​មួយ ចំនួន បាន​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារ​ផ្សេងៗ នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​នៅលើ​វាលស្មៅ ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ដើម្បី​ពិសា អាហារ និង​លំហែកាយ​ដែល​សកម្មភាព​ទាំងនេះ​បាន​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ រមណីយដ្ឋាន​អង្គរ ផងដែរ​។​

​សេចក្តីជូនដំណឹង​បាន​លើកឡើងថា កន្លងមក ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន​ណែនាំ ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ ប៉ុន្តែ​នៅតែមាន​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​មួយ ចំនួន មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំងនេះ​ទេ ដោយ​យកតែ​ប្រយោជន៍​បុគ្គល​ជា​ចម្បង​។ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទុកពេល ៤៥​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី​១៣​សីហា ឆ្នាំ​២០១៩ ឲ្យ​បញ្ឈប់​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារ​ផ្សេងៗ នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស មុខ​ប​ប្រាសាទព្រហ្មកិល និង​នៅលើ​វាលស្មៅ​ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ដើម្បី​ពិសារ អាហារ និង​លំហែកាយ​។

​ក្នុងករណី​បងប្អូន​អាជីវករ​និង​ភ្ញៀវទេសចរ នៅតែ​បន្តសកម្មភាព​ទាំងនេះ​គណៈកម្មការ ដឹកនាំ និង​សម្របសម្រួល​រៀបចំ​សណ្តាប់ធ្នាប់​អ្នកលក់ដូរ នៅក្នុង​រមណីយដ្ឋាន​អង្គរ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល រឹបអូស​សម្ភារ​ទាំងនោះ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ ខូចខាត​ណាមួយ​ឡើយ​។​

​ជាការ​ពិត វាលស្មៅ បរិវេណ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល​នៅមុខ ប្រាសាទអង្គរវត្ត បាន​ក្លាយជា​កន្លែង​ដ៏​ពេញនិយម សម្រាប់​សាធារណជន​មួយចំនួន ហើយ​អ្នកលក់ដូរ ក៏បាន​យក​កន្លែង​ទាំងនោះ ក្រាលកន្ទេល ចង​អង្រឹង​សម្រាប់​អ្នក ទេសចរ​ក្នុងស្រុក អង្គុយ​ទទួលទាន​អាហារ​ជុំគ្នា ពិសេស​នៅពេល​ល្ងាចៗ​។​

​ក្នុងពេល​ជួបជុំ​ទទួលទាន​អាហារ​នោះ​ក៏មាន​មួយ​វង់ៗ ចាក់ធុងបាស ច្រៀង​រាំ​មាន​ខ្លះ ផឹកស្រា ស្រែកច្រៀង​ថែមទៀត​ផង​។ រីឯ​សំរាម កាកសំណល់​ចំណីអាហារ​ទាំងនោះ សំបក​ដប​ទឹក​សុទ្ធ សំបក​កំប៉ុង​ប៊ីយែរ មួយចំនួនធំ នៅ​រាយប៉ាយ​រហូតដល់​បើ​ង​ធ្លាក់ ក្នុង​ទឹក នៅ​ក​សិន្ធុ​ជុំវិញ​ប្រាសាទអង្គរវត្ត ក៏មាន​។​

​ជា​វិធានការ​ដោះស្រាយ​អាជ្ញាធរ​សមត្ថកិច្ច​គួរតែ​រក​ទីតាំង​ផ្សេង នៅ​ជិតៗ​ប្រាសាទ ឬក៏​អាច​រៀបចំ​កន្លែង​លក់ដូរ​មួយ ដែលមាន​របៀបរៀបរយ សណ្តាប់ធ្នាប់ និង​ដាក់​បទ បញ្ជា​តឹងរ៉ឹង ឈប់​ឲ្យ​ក្រាលកន្ទេល ចង​អង្រឹង នៅលើ​វាលស្មៅ និង​បរិវេណ​ប្រាសាទ ដូច​មុន​ទៀត​។ ក្រោយ​រក​ទីតាំង​ថ្មី​បាន​ហើយ ក៏​គួរតែមាន​ឆ្មាំ ឬ​សន្តិសុខ​ពិនិត្យ​ជា ប្រចាំ​លើ​ក្រុម​អ្នកលក់ដូរ ដោយ​កំណត់​ឲ្យ​ធ្វើ​អនាម័យ វេច​ខ្ចប់​កាកសំណល់ ថង់​ប្លា​ស្ទិ​ក ប្រអប់​ជ័រ ដប​ទឹក​សុទ្ធ ជាដើម មិនត្រូវ​នៅ​រាយប៉ាយ​ឡើយ​។​

​រីឯ​អ្នកលក់ដូរ​វិញ បើសិនជា​លក់ដូរ​មាន​របៀបរៀបរយ​មិន​បំពាន​បម្រាម​របស់​អាជ្ញា​ធរ សមត្ថកិច្ច មិន​ក្រាលកន្ទេល ចង​អង្រឹង​លើ​វាលស្មៅ នៅលើ​ថ្ម​ប្រាសាទ​នៅ​បរិវេណ ប្រាសាទ បង្ក​ការ​ទើសភ្នែក​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទេនោះ គឺ​ពួកគាត់​នៅតែ​អាច រក​ចំណូល​ប្រចាំថ្ងៃ​បាន​។ ប៉ុន្តែ​នៅពេល​បំពាន​បំរាម ហើយ​បង្កបញ្ហា​ដោយ​ក្រាល កន្ទេល​ចង​អង្រឹង បង្អួត​អ្នកទេសចរ ពិសេស​ជនបរទេស​ដូច្នេះ​ក៏​នាំ​ឲ្យ​បាត់បង់​កន្លែង លក់ដូរ ដែលជា​ការបាត់បង់​ចំណូល​ប្រចាំថ្ងៃ​ផងដែរ​។​

​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​វិញ ក៏​គួរតែ​គិត​ឲ្យ​ដល់​អំពី​សណ្តាប់ធ្នាប់ របៀបរៀបរយ នៅ​ប្រាង្គ​ប្រាសាទបុរាណ ដែលជា​កន្លែង​ទេសចរណ៍​នេះ​។ គ្រាន់តែ​ពិសា​អាហារ មួយពេល មិនគួរណា បង្ក​ឲ្យ​អ្នកទេសចរ ពិសេស​ជនបរទេស​មា​ក់​ងាយ​យើង​នោះទេ​។ យើង​ជា​ពូជខ្មែរ​អង្គរ បើ​មិនបាន​ចូលរួម​ថែរក្សា កុំ​បំផ្លាញ​។ ខ្វះ​អី​កន្លែង​ទទួលទាន​ជួបជុំ ក្រុមគ្រួសារ មិត្តភក្តិ ច្រៀង​រាំ​សប្បាយ​នោះ​។ ចាំបាច់​អី ទៅ​ក្រាលកន្ទេល ចង​អង្រឹង អង្គុយ​លើ​ស្មៅ ផ្ទាំង​ថ្ម​ប្រាសាទបុរាណ ដែលជា​កេរ្តិ៍​ដូនតា​។ ចុះបើ​គេ​ថត​បង្ហោះ​ហ្វេ​ស ប៊ុ​ក ក្នុងពេល​ជួបជុំ​ផឹកស៊ី​គ្រឿង​ស្រវឹង ច្រៀង​រាំ ទុក​សំរាម​កាកសំណល់​រាយប៉ាយ តើ​ខ្មាស់​គេ​ទេ​?

​រឿង​ងាយ​សោះ​ដែល​យើង​អាច​ធ្វើបាន ដោយ​គ្រាន់តែ​កុំ​ធ្វើ​ប៉ុណ្ណោះ​។ សូម​បងប្អូន​ខ្មែរ យើង រក​កន្លែង​ជួបជុំ នៅតាម​ហាង ឬក៏​កន្លែង​ណា ដែល​គេ​មិន​ហាមឃាត់​ដែល​មិន ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ និង​មិន​ទើសភ្នែក​អ្នកទេសចរ​។ រីឯ​អ្នកលក់ដូរ ក៏​ដូចគ្នា បើសិនជា​យើង​ថែរក្សា​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ នោះ​អ្នកទេសចរ​ទាំង​បងប្អូន ខ្មែរ​យើង និង​ទាំង​ជនបរទេស ក៏​ទៅលេង​តំបន់​រមណីយដ្ឋាន​អង្គរ​យើង​កាន់​ច្រើន ហើយ​ការលក់ដូរ​របស់​បង​ប្អូន ក៏​កាន់តែ​លក់ដាច់ បាន​ចំណូល​កាន់តែច្រើន​៕ ដោយ​:​ម៉េង​ឆៃ​