រង់ចាំ​ស៊ី​ឡាក ពេល​ឃើញ​ខ្យល់​ចង់​ប្តូរ​ទិស

752
ចែករម្លែក

កាលពី​ថ្ងៃទី​៩ ខែមិថុនា កន្លងទៅនេះ ក្រុម សម រង្ស៊ី បានចេញ​សេចក្តីថ្លែង ការណ៍ ក្នុងនាម​ខ្មោចគណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រកាសថា ពួកខ្លួន​នឹង​វិល​ត្រឡប់មកកម្ពុជា​វិញក្នុងពេល​ដ៏​ខ្លី​ខាងមុខ ។ ពួកគេ​ថា មក​ធ្វើ​ការតស៊ូ​នយោបាយ ដើម្បី​ឲ្យ​មានការដោះលែង កឹម សុខា ទាមទារ​ឲ្យ CNRP ដំណើរការ​ឡើងវិញ​តាម​លក្ខខណ្ឌ​របស់សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាម៉េរិក ដើម្បី​បញ្ចៀស​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP ។ ពួកគេ​អំពាវនាវ​ឲ្យ​គ្រប់គ្នា​រួម​កម្លាំង​រក្សា​កម្មវិធី EBA និង GSP ដើម្បីបញ្ចៀស​នូវ​ការឈឺចាប់ និង​សេចក្តី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។​
​ ​
​ពាក្យ​ថា «​គ្រប់គ្នា​រួម​កម្លាំង​រក្សា​កម្មវិធី EBA និង GSP ដើម្បី​បញ្ចៀស​នូវ​ការឈឺចាប់ និង​សេចក្តី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​» ស្តាប់​មួយ​ភ្លែត​ទៅ​ពិ​រោះ​ម្យ៉ាងដែរ ។ ពួក​ប្រឆាំង ដែល​ធ្លាប់តែ​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​អំពី​បញ្ហា EBA ហេតុអ្វី​ពេលនេះ ហាក់ដូចជាដកថយ​ជំហរ​របស់ខ្លួន​? បើ​ពិនិត្យ​ប​ឲ្យ​ជ្រៅ​ទៅក្នុង​សេចក្តីប្រកាស​នេះ ឃើញថា ពួក​ជន​ក្បត់ជាតិ​ទាំងនេះ កំពុង​ប្រឈម​នឹង​ស្ថាន​ភាពមិនច្បាស់លាស់​ក្នុងការ​ទាមទារឲ្យ​សហគមន៍​អឺរ៉ុប​ដក EBA និង​ទាមទារ​ឲ្យ​សហរដ្ឋ​អាម៉េរិក​ដក GSP ពី​កម្ពុជា ។ យើង​ពិនិត្យមើល​អំពី​ដំណើររឿង​របស់​វា ដើម្បី​រក​ឲ្យ​ឃើញថា​ហេតុអ្វី​បានជា​ពួកក្បត់ជាតិ ដកថយ​ជំហរ​បែបនេះ បើទោះបីជា​ដឹងថា​ពួកគេ​មិន​ហ៊ាន​ចូល​ស្រុក​៖

១-​សហភាព​អឺរ៉ុប​បានប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុងការ​ចាប់ផ្តើមដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី «​គ្រប់មុខទំនិញ លើកលែងតែ​សព្វាវុធ = EBA» ។ ពេលនោះ សម រង្ស៊ី និង​បក្ខពួក​សប្បាយចិត្តខ្លាំងណាស់ ហើយ​អះអាង​ទទួលស្គាល់ថា គឺ​រូបខ្លួន​តែ​ម្នាក់​គត់ ជា​អ្នក​អំពាវនាវ​ឲ្យ EU ដក EBA ពី​កម្ពុជា ។

២-​សម រង្ស៊ី និង​បក្ខពួក បាន​ដើរ​ធ្វើការ​ឃោសនា​ឲ្យ​អង្គការ​អន្តរជាតិ​មួយចំនួន​ដែល​ជឿ និង​ចាញ់បោក​ពួកខ្លួន​ឲ្យ​ជួយ​ជំរុញ​សហគមន៍​អឺរ៉ុប​ធ្លាក់ចូល​ទៅក្នុង​គន្លង​នៃ​ឧបាយកល​របស់​ពួកខ្លួន ។ ហេតុនេះហើយ​ទើប​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ក្រុម​សមាជិកសភាអាស៊ាន ដើម្បី​សិទ្ធិមនុស្ស​បាន​ជំរុញ​ឲ្យ EU ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដើម្បី​ដាក់សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដោយបាន​ទាមទារ​យ៉ាង​ងងើល​ឲ្យ CNRP ដំណើរការឡើងវិញ ទាមទារ​ឲ្យ​ដោះលែង កឹម សុខា និង​ការផ្តល់​សិទ្ធិដល់​មន្ត្រី​អតីត CNRP ទាំង ១១៨​រូប ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដែល​ទាំងអស់នេះ គឺជា​ការ​ជ្រៀតជ្រែក​ទៅលើ​អធិបតេយ្យ​នៃ​រដ្ឋ​មួយ​និង​ជាការ​រំលោភ​ទៅលើ​ដែន​សមត្ថកិច្ច​របស់​តុលាការ​កម្ពុជា ។​

៣-​ដោយ​នៅតែ​មិនទាន់​អស់ចិត្ត និង​មិនទាន់​ស្កប់ចិត្ត​ក្នុងការ​អូសទាញ​អ្នកដទៃ​ឲ្យ​មកបំផ្លាញ​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ សម រង្ស៊ី បាន​សរសេរ​លិខិត​ទៅកាន់ លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់ នៃ​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ ដោយ​ធ្វើការ​រុក​កួ​ន​ឲ្យ EU ត្រូវតែ​ប្រកាន់ខ្ជាប់ម៉ឺងម៉ាត់​នូវ​ផែនការ របស់ខ្លួន គឺ​ការដក EBA ពី​កម្ពុជា​ឲ្យ​ខាងតែបាន ។ ៥​ថ្ងៃ​ក្រោយមក ទៀត ពួក​ដែល​តាំងខ្លួន​ជា​តំណាង​ឲ្យ​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីថ្លែងការណ៍​ថ្មី​មួយទៀត​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប អាម៉េរិក និង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ ដែលជា​ម្ចាស់ជំនួយ និង​កម្ចី​ដ៏​សំខាន់​របស់កម្ពុជា ត្រូវតែ​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។

៤-​នៅពេលដែល​ក្រុម​បេសកកម្ម​ស្វែងរក​កា​ពិត របស់​គណៈកម្មការ​អឺរ៉ុប និង​តំណាងសហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ បានមក​កម្ពុជា ពីថ្ងៃ​ទី​៣-១០ មិថុនា អ្នកស្រី មួរ សុខ​ហួរ អតីត​អនុប្រធានអតីត CNRP បាន​សរសេរលិខិត​រំឭក​ទៅ​លោកស្រី Cecilla Malmstrom ស្នងការ​សហភាព​អឺរ៉ុប​ផ្នែក​ពាណិជ្ជកម្ម ចំពោះ​លិខិត ២​ច្បាប់ ដែល មួរ សុខ​ហួរ បាន​ផ្ញើ​ក្នុងពេល​កន្លងទៅ ទទូច​សុំ​ឲ្យ EU ដក EBA ពី​កម្ពុជា ។ ដោយ​មិនឃើញ​សហគមន៍​អឺរ៉ុប​ឆ្លើយតប ទើប មួរ សុខ​ហួរ ឆោឡោ សួររក​សំបុត្រ​នេះ​?

៥-​យើង​ពិនិត្យឡើងវិញ​ថា​ក្រោយពេល​សហភាព​អឺរ៉ុប​ប្រកាស​ជា​ផ្លូវការ​នូវ​ការចាប់ផ្តើម ដំណើរការ នីតិវិធី​ព្យួរ EBA រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ព្រោះ​វា​ជា​រឿង​អយុត្តិធម៌​ណាស់ ។ ហេតុអ្វី EU មិន​អើពើ​ចំពោះ​វិធានការ​ជាក់ស្តែង ដែល​រាជរដ្ឋាភិបាល​បានធ្វើ​ដូចជា ការអនុវត្ត​អនុ សញ្ញា​ស្នូល​ទាំង ១៥ របស់ អ​.​ស​.​ប និង​អង្គការ​ពលកម្ម​អន្តរជាតិ​, ការពង្រឹង​លំហរ​នយោបាយ និង​សង្គម​ស៊ីវិល​, សិទ្ធិ​ការងារ​, ការដោះស្រាយ​បញ្ហាដីធ្លី និង​ការ​បដិសេធចោល​នូវ​តម្លៃ​នៃ​សមិទ្ធផល នៃ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​ន៍ក្នុង​រយៈពេល ២០​ឆ្នាំ កន្លងទៅ ដែល​កម្ពុជា និង​សហគមន៍អឺរ៉ុប​បានធ្វើ​ជាមួយគ្នា ។​

៦-GMAC បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការសោកស្តាយ​ចំពោះ​វិធានការ​នេះ ដោយបាន​អះអាង​ថា ប្រទេស​កម្ពុជា​ទទួលបាន​ការអនុគ្រោះ​ពន្ធ EBA​ដោយ​ពន្ធ​ដោយអត្រាសូន្យ​ភាគរយ លើ​ទំនិញ​នាំ​ចេញទៅ​សហភាព​អឺរ៉ុប​ចាប់តាំងពី​ឆ្នាំ​២០០១ ។ ចាប់ តាំងពី​ពេលនោះ មក​អាច​បង្កើន​ការនាំចេញ​ទ្វេដង ទៅ​សហភាព​អឺរ៉ុប​កសាង​ឲ្យ​មាន វិស័យសេដ្ឋកិច្ច​រឹងមាំ និង​រស់​រវើក ដែល​ផ្តល់​ការងារ​ដល់ក​ម្មករ​ចំនួន ៧០០.០០០​នាក់ ភាគច្រើនបំផុត​នៃ​ពួកគេ​មកពី​តំបន់​ជនបទ ហើយ ៨០% ជា​ស្ត្រី ។ មេដឹកនាំ​សហជីព មួយចំនួន​ខឹង សម រង្ស៊ី យ៉ាងខ្លាំង ចំពោះ​សម្តី និង​ទង្វើ​ដ៏​ថោកទាប​នេះ និង​បានធ្វើការ ព្រមាន សម រង្ស៊ី ដោយ​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ​ទៀតផង ។ ដោយឡែក នៅ​ថ្ងៃទី​១៣ ខែមីនា ទាក់ទិន​ទៅនឹង​ការស្នើ​របស់​ពួកក្បត់​ជាតិ​ឲ្យ​រដ្ឋាភិបាល​អាម៉េរិក​ដក GSP ពី​កម្ពុជា​ក្រុម​ពាណិជ្ជករ​អាម៉េរិក​នៅ​កម្ពុជា ដែលជា​ជាតិ​សាសន៍​ដទៃ​សោះ​បាន​សរសេរលិខិត​ផ្ញើ​ទៅ​សភា​អាម៉េរិក​ឲ្យ​ពិចារណា​ឡើងវិញ​អំពី​ការស្នើ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធទូទៅ GSP ពី​កម្ពុជា ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ ប៉ះពាល់​ដល់​ជនជាតិ​អាម៉េរិក​ដែល​រកស៊ី​នៅ​កម្ពុជា និង​ប៉ះពាល់​ដល់​ប្រជាជនខ្មែរ​រាប់លាន​នាក់​ទៀត ដែល​ទទួលផល​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ។​

៧-​នៅពេលដែល​ក្រុម​បេសកកម្ម​ស្វែងរក​ការ​ពិត​បញ្ចប់​ការងារ​នៅ​ប្រទេស​កម្ពុជា ថ្ងៃទី​៣-១០ ខែមិថុនា ឆ្នាំ​២០១៩ លោកស្រី Alina BOICUS អនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប បាន​ទទួលស្គាល់ថា សម្តី​របស់លោក សម រង្ស៊ី គឺ​ពិតជា​មាន​ភាព​ក្រេវក្រោធ និង​អាច​នាំគ្រោះថ្នាក់​ទៅដល់​កម្ពុជា ។ តំណាង EU បាន​សុំ​ឲ្យ​កម្ពុជា​ធ្វើការ​កែលម្អ​ច្បាប់​មួយចំនួន ពិសេស​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។ ភាគីកម្ពុជា​ប្តេជ្ញា​នៅក្នុង​ការបើក​លំហ​សេរីភាព​នយោបាយ សិទ្ធិ​បញ្ចេញមតិ ប៉ុន្តែ​រាល់​ការ បញ្ចេញមតិ គឺ​ត្រូវតែមាន​ការទទួលខុសត្រូវ ។​

​ពិនិត្យមើល​សារបាន​ទាំងនេះ​ឡើងវិញ ទើប​យើង​ដឹងថា ពួកក្បត់​ជាតិ សម រង្ស៊ី​គេ​ហ៊ានធ្វើ​សព្វបែបសព្វយ៉ាង ដើម្បី​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា ។ គេ​ទាមទារ ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ផ្កាប់​ចោល​ឆ្នាំងបាយ​របស់​កម្មករ​កម្ពុជា និង​ផ្តាច់ដង្ហើម​សេដ្ឋកិច្ចកម្ពុជា​យ៉ាង​ថោកទាប​បំផុត ។ ប៉ុន្តែ​ពេលនេះ ពួកក្រុម​ក្បត់ជាតិទំនងជា​បាន​មើលឃើញ​ខ្យល់​ចង់​ប្តូរ​ទិស ទើប​ពួកនេះ​បញ្ចេញ​ឥរិយាបថ និង​ជំហរ​ដកថយ​រង់ចាំ​ស៊ី​ឡាក ។​គ្មាន​អ្នកណាម្នាក់​អាច​បំភ្លេចបាន​នូវ​ទង្វើ​ដ៏​ថោកទាប​របស់​ក្រុម​ក្បត់ជាតិ​នេះ​ទេ ។ ប្រសិនបើ EBA នៅតែមាន​បន្តកម្ពុជា​នៅតែ​ស្វាគមន៍​, បើ​បាត់ EBA ក៏​កម្ពុជាមិន​ក្រ ផ្ទុយទៅវិញ​បើ​មានមុខ​ពួកក្បត់​ជាតិ​ជាតិ សម រង្ស៊ី នៅលើ​ទឹកដី​កម្ពុជា ត្រូវតែ​វាយខ្នោះ​បញ្ចូល​គុក តាម​សាលដីកា​របស់​តុលាការ ៕ ដោយៈ​លី​ទួង​/Ha