រង្គោះរង្គើ​: មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៤​រូប​លាលែង​ពី​តំណែង​

1349
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​យូ ហុកគ្រី​, លោក​ប៉ោ ប៊ុន​ស្រ៊ឺ​, លោក ញ៉េប ប៊ុនជិន អតីត​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​ និង​លោក​យឹម សា​វី អតីត​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស បាន​លាលែង​ពី​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ និង​ពី​អនុប្រធាន​គណបក្ស​។ នេះ​បើ​យោងតាម​លិខិត​របស់​មន្ត្រី​ទាំង​៤​រូប ដាក់​ទូលថ្វាយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨​។​

​ការលាលែង​ពី​តួនាទី​នេះ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ទាំង​៤​រូបនេះ អះអាងថា មិនអាច​បំពេញ​តួនាទី​បាន​ដោយ​ប្រសិទ្ធភាព និង​សុំ​រក្សាទុក​ស្ថាន​ភាពជា​សមាជិក​ស្របតាម​លក្ខន្តិកៈ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានសម្រេច​បញ្ចប់​មុខតំណែង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​០៥​រូប ពីមុខ​តំណែង​អនុប្រធាន​គណបក្ស អគ្គលេខាធិការ និង​អគ្គលេខាធិការរង និង​សំខាន់ៗ​នៅក្នុង​គណបក្ស​ថែម​ទៀតផង​។

​មន្ត្រីជាន់ខ្ពស់​ទាំង​០៥​រូប ដែល​ត្រូវ​បញ្ចប់​មុខតំណែង​មានដូចជាៈ ១.​លោក​យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មុខតំណែង​ផ្សេងៗ​ទៀត​។ ២.​លោក​ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មុខតំណែង​ផ្សេងៗ​ទៀត​។ ៣.​លោក​ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មុខតំណែង​ផ្សេងៗ​ទៀត និង​ទី​៤.​លោក​យឹម សា​វី អគ្គលេខាធិការ និង​ទី​៥. លោក​វ៉ាន់ សុផាន់​ណា អគ្គលេខាធិការរង​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​មុខតំណែង​ផ្សេងៗ​ទៀត​។ សេចក្តីសម្រេច​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​។​

​ជាមួយគ្នានេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បាន​តែងតាំង​មុខតំណែង​លោក​យូ ហុកគ្រី , លោក​ប៉ោ ប៊ុន​ស្រ៊ឺ និង​លោក​ញ៉េប ប៊ុនជិន​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធ​សា​ចា​រ្យ គណបក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៕ ល​