រង្វាន់​, ទ្រនឹប​, រង្គើ​, រង្កៀក​, រុកកួន​, រឹមៗ​, រង្គាល​, សម្ពោធ​, សន្និដ្ឋាន​

183
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​រង្វាន់ ( ន​. ) របស់​ដែល​ថែម​ឲ្យ​ដោយឡែក​ផ្សេង​លើសពី​កំណត់​ដែល​ត្រូវបាន​, របស់ ជា​បំណាច់​ដែល​ថែម​ឲ្យ ព្រោះ​គាប់ចិត្ត​ឬ​ដើម្បី​បំពេញ ចិត្ត : ឲ្យ​រង្វាន់​, ទទួល​ប្រាក់រង្វាន់ ។ រង្វាន់​ខាន់ខៅ រង្វាន់​និង​ទ្រនឹប​, របស់​ដែល​ឲ្យ​ដោយឡែក​ផ្សេង​ក្រៅពី​ទ្រនឹប ។

​ទ្រនឹប ( ន​. ) រង្វាន់​គ្រូ​មើលជំងឺ : រៀប​ទ្រនឹប​, ជូន​ទ្រនឹប​គ្រូ (​ម​. ព​. ខាន់ខៅ ផង​) ។

​រង្គើ ( កិ​. ) ញ័រ​រញ្ជួយ : ខ្យល់ព្យុះ​ខ្លាំង​បក់​ប៉ះ​រង្គើ​ផ្ទះ ។ គុ​. ដែល​រលុង​ចាប់​រង្កៀក​បាន : ធ្មេញ​រង្គើ ។

​រង្កៀក ( កិ​. ) ចាប់​កៀក​យោគ​ចុះ​យោគ​ឡើង​ឲ្យ​រលុង ដើម្បី​ដកចេញ​ឬ​ដើម្បី​ឲ្យ​ចុះ​ជ្រៅ : ចាប់​បង្គោល​រង្កៀក ។ ងាកចុះងាកឡើង​រឿយៗ ដូច​គេ​ចាប់​រង្កៀក : រង្កៀកក្បាល​, រង្កៀកខ្លួន ។

​រុកកួន ( កិ​. ) រុករាន​ដោយ​គុំ​គួ​ន​, រុករាន​ឲ្យ​បាន​នេះ​បាន​នោះ​, ឲ្យ​បាន​ប្រយោជន៍ មក​ខ្លួន​; ទទូច​ដោយ​រំអុក​ឲ្យ​ត្រាតែ​បាន : វា​ចេះតែ​មក​រុកកួន​ខ្ញុំ​ស្ទើរ​រាល់ថ្ងៃ (​ធៀប​នឹង ពាក្យ​សៀម​ថា រប​ក្វ​ន អ​. ថ​. រ៉ុ​ប​កួន “​ធ្វើ​ឲ្យ​កើតមាន​សេចក្ដី​ក្ដៅ​ក្តួល​, ឲ្យ​អផ្សុក​,​ជ្រក់ ជ្រេញ​រឿយៗ​”) ។

​រឹមៗ ( កិ​. វិ​. ) ដែល​ហូរ​គ្រឿនៗ តែ​ជ្រៅ : ទឹក​ព្រែក​ហូរ​រឹមៗ ។ គុ​. ឬ កិ​. វិ​. ដែល​លិច​ទឹក នៅសល់តែ​ចុង​បន្តិចៗ : ទឹកជំនន់​លិច​សន្ទូង​ឃើញតែ​ចុង​រឹមៗ ។

​រង្គាល ( កិ​. ) ដាល​រាល​, បែក​សាយ : ឆេះ​រង្គាល ។ រង្គាលចិត្ត រអា​ចិត្ត​, ក្ដៅក្រហាយ ក្នុង​ចិត្ត ។ រង្គំរង្គាល រង្គំ​រាលដាល​; ក្ដៅក្រហាយ​សាយ​ដាល​រាល​ពីមួយ​ទៅមួយ ។

​សម្ពោធ សំ​-​ពោត សំ​. បា​. ( ន​. ) (​សម្ពោធ ឬ​–​ធន​) ការ​រំឭក​; ការ​ថ្លែងសេចក្ដី ដោយ​ច្បាស់លាស់​; ការ​ពោល​ពាក្យ​ប្រាស្រ័យ​រកគ្នា​; ការហៅ​គ្នា​ចំពោះមុខ​;… ។ ខ្មែរ​ប្រើ សម្ពោធ ជា កិ​. សំដៅ​សេចក្ដី​ថា “​ថ្លែងសេចក្ដី​រៀបរាប់​ឬ​រាយការណ៍​ក្នុង​ទី ប្រជុំ​ឆ្លង​ឬ​ឡើង​មន្ទីរ​ថ្មី​ជាដើម​” : សម្ពោធ​សាលារៀន (​ម​. ព​. សម្ភោជ និង សម្ភោទ្យ ផង​) ។ សម្ពោធន៍​

​សន្និដ្ឋាន សន់​-​និ​ត​-​ឋាន បា​.; សំ​. ( ន​. ) (​សំ​និ​ឞ្ឋា​ន ឬ ស​ន្និ​ឞ្ឋា​ន​) សេចក្ដី​ចូលចិត្ត​, ការយល់​ជាក់​, ការយល់ឃើញ​ស៊ប់​, ការរួម​គំនិត​ជាមួយ : ធ្វើ​សន្និដ្ឋាន​, ដោយ​សន្និដ្ឋាន ថា … ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន “​ចូលចិត្ត​, យល់​ជាក់​,…” : គួរ​សន្និដ្ឋានបាន​ដោយ​ងាយ ។ សន្និដ្ឋានចេតនា (​សន់​-​និ​ត​-​ឋា​ន៉ៈ​ចេ​តៈ​ន៉ា​) ចេតនា​ដែល​យល់​ស៊ប់ គឺ​គំនិត​ដែល​ចុះ ស៊ប់​យល់​ជាក់​មិន​ភ្លេច : ធ្វើការ​ដោយ​សន្និដ្ឋានចេតនា ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា