រចនាសម្ព័ន្ធ​ថ្មី នៃ​ថ្នាក់ដឹកនាំ​រដ្ឋសភា​

469

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ត្រូវធ្វើ​ការប្រជុំ​ដើម្បី​រៀបចំ​ការបែងចែក​តួនាទី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ប្រធាន អនុប្រធាន​គណៈកម្មាកា​រ​ជំនាញ​ទាំង​១០ នៅក្នុង​រដ្ឋសភា នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​តួនាទី​ប្រធាន​និង​អនុប្រធាន​​គណៈកម្មការ​រដ្ឋសភា​ទាំងអស់​នៅ​ទំនេរ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងមកនេះ​។

​លោក​ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បានបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹងធ្វើ​ការប្រជុំ​ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី នៃ​ថ្នាក់ដឹកនាំ​របស់​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។

​បើតាម​លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹងថា អ្នកតំណាង​រា​ស្ត្រី​ថ្មី មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច នឹង​ទទួលបាន​តួនាទី​ជា​ប្រធាន អនុប្រធាន​និង​សមាជិក​គណៈកម្មការ​​ជំនាញ​ទាំង​១០ របស់​រដ្ឋសភា​។ ក្នុងនោះ តួនាទី​ជា​ប្រធាន​គណៈកម្មការ​ចំនួន​៥ និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ចំនួន​៥​។

​លោក​បាន​បញ្ជាក់ថា ការផ្ដល់​តួនាទី​បន្ថែម​ដល់​អ្នកតំណាងរាស្ត្រ​ថ្មី​ទាំងនេះ នឹងត្រូវ​សម្រេច​ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ឲ្យ​គណៈកម្មការ​​ជំនាញ​រដ្ឋសភា​ទាំង​១០ អាចបំពេញ​ការងារ​បា​ន​ពេញលេញ​ឡើងវិញ បន្ទាប់ពី​តួនាទី​ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​រដ្ឋសភា​ទាំងអស់​នៅ​ទំនេរ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​រំលាយ​។ គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា ៥​ដែល​នឹងត្រូវ​បែង​​ចែក​តួនាទី ជា​ប្រធាន​គណៈកម្មការ ទៅ​ឲ្យ​គណបក្ស​ទាំង​៣ ដែល​ទើប​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា រួមមាន​៖១-​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​។ ២-​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិ​វ​ឌ្ឈ​ន៍​ជនបទ បរិស្ថាន និង​ធនធានទឹក​។ ៣-​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ៤-​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី និង​៥-​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើពុករលួយ​។

​រីឯ​គណៈកម្មការ​រដ្ឋ​សភា ៥​ទៀត ដែល​គណបក្ស​ទាំង ៣ ទើបតែ​ទទួលបាន​អាសនៈ​ថ្មី​នៅ​រដ្ឋសភា គឺជា​គណៈកម្មការ ដែលមាន​ប្រធាន មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​អគ្គលេខាធិការ ក៏បាន​បញ្ជាក់​បន្ថែមថា ការបែងចែក​តួនាទី និង​រៀបចំ​សមាជិក​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ឡើងវិញ នឹងត្រូវ​ធ្វើឡើង បន្ទាប់ពី​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​១១​រូប​ទៀត របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្លាយជា​សមាជិក​រដ្ឋសភា​ផ្លូវការ​។ ក្រៅពី​ទទួលបាន​តួនាទី ជា​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ហើយ​នោះ គណបក្ស ដែល​ទើបតែ​ទទួលបាន​អាសនៈ​រដ្ឋសភា​ថ្មី ក៏​នឹង​ទទួលបាន​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ផងដែរ​។​

​គណបក្ស​ហ្វិ​ន​ស៊ិនប៉ិច នឹង​ទទួលបាន​តំណែង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ដោយ លោក យូ ហុកគ្រី ត្រូវ​ជ្រើសតាំង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា ជំនួយ​លោក​កឹម​សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕​ដោយៈ មុនី​រ័ត្ន​/sn​