រជ្ជកាល​ថ្មី​គឺ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​

150

(​ភ្នំពេញ​)៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie បន្ទាប់ពី​បញ្ចប់​រជ្ជកាល​ពានរង្វាន់​ទម្ងន់ ៦៥​គីឡូក្រាម កាលពី​សប្ដាហ៍​មុន​នោះ សម្រាប់​សប្ដាហ៍​ថ្មី​នេះ​រជ្ជកាល​ថ្មី​បានចាប់ផ្ដើម​ហើយ គឺ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ចំនួន​៣២​រូប មកពី​សមាគម​-​ក្លិប​ចំនួន​៣២​ទូទាំងប្រទេស​មក​ចូលរួម​ប្រកួត​។ ការប្រកួត​ធ្វើតាម​រូបមន្ត​ជម្រុះ គឺ​អ្នកចាញ់​ត្រូវតែ​ខ្ទាត​ចេញពី​ការប្រកួត​។​

​ជម្រុះ​ជុំ​ទី​១ គឺ ៣២​នាក់​ជម្រុះ​ទុក​១៦​នាក់ គឺ​យក​អ្នកឈ្នះ​ទាំង​១៦​នាក់ សម្រាប់​ប្រកួត​ជម្រុះ​ជុំ​ទី​២ ចំពោះ​អ្នកចាញ់​គឺ​ហាលអាវ​។ នៅ​ជុំ​ទី​២ គឺ​១៦​នាក់​ជម្រុះ​ទុក​៨​នាក់ អ្នកឈ្នះ​ទាំង​៨​នាក់ ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ ដែលជា​ជុំ​ចុងក្រោយ​ដើម្បី​ចម្រាញ់​យក​៤​នាក់​។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ ការប្រកួត​មានតែ​៣​ទឹក​ប៉ុណ្ណោះ​។​

៤​រូប​ដែល​ឈ្នះ​នៅក្នុង​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ គឺ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​អ្នកឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រកួត​គ្នា​ដណ្ដើមពាន​ជើងឯក ដែលមាន​រង្វាន់​អម​ចំនួន​៤.០០០​ដុល្លារ​។ អ្នកចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រកួត​គ្នា​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​។​

​សម្រាប់​ថ្ងៃ​ដំបូង​ថ្ងៃទី​២០​មករា​នេះ ការប្រកួត​មាន​២​គូ គឺ ម៉ន រដ្ឋា ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ សំណាង សម្បត្តិ ក្លិប​កងចក្រ​រាជសីហ៍​។​

​រដ្ឋា ជា​អ្នក​ប្រដាល់​មួយ​ដែល​លំបាក​នឹង​បង្ក្រាប​ណាស់ ឯ សំណាង សម្បត្តិ ក៏​មិនមែនជា​ដុំ​សាច់​ដែល​ស្រួល​ទំពា​រដែរ​។ ចាំមើល​អ្នក​ប្រដាល់​ទាំង​២​រូបនេះ នរណា​ខ្ទាត​ចេញពី​ការប្រកួត ហើយ​នរណា​កក់​កៅអី​សម្រាប់​ការប្រកួត​ជម្រុះ​នៅ​ជុំ​ទី​២​បន្តទៀត​?

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​ជើងចាស់ អ៊ឹង បូរ៉ា ក្លិប​កុលបុត្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ​។ នេះ​ជា​គូប្រកួត​ដ៏​តឹងតែង​មួយ សម្រាប់​សម្រាប់ បូរ៉ា ព្រោះ​វ៉ាន់ឌី ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មែន តែមាន​អ្នក​ប្រដាល់​ជើងចាស់​មិនតិច​ទេ ដែល​ត្រូវគេ​បង្ក្រាបបាន​។ សម្រាប់ បូរ៉ា ក៏​មិន​ស្រួល​បំបាក់​ដែរ គេ​អាយុ​ច្រើន​មែន​តែ​ល្បិច​គេ​សំបូរ​អស់ទាស់​តែម្ដង​។​

​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ អ៊ឹង បូរ៉ា ជា​អ្នក​ខ្ទាត​ចេញពី​ការប្រកួត ឬ ឡូញ វ៉ាន់ឌី ជា​អ្នក​ដៃរ​ចេញ​ពួកគេ​ទាំង​២ សុទ្ធតែ​មានឱកាស​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា កៅអី​ជុំ​ទី​២​ជា​របស់​នរណា​ឡើយ​។​

​ការប្រកួត​ជា​មិត្តភាព​អន្តរជាតិ​វិញ​នោះ រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ប្រកាស​វ៉ៃ​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng)​។​

​វណ្ណៈ ធ្លាប់​ត្រូវ លូ​ម លេង ទាត់​ឲ្យ​សន្លប់​ហើយ​ពេលនេះ គេ​ឡើង​ប្រកួត​សងសឹក​ដែល​ការ​សងសឹក​នេះ គេ​ហាក់ដូចជា​មិនសូវមាន​សង្ឃឹម​នោះទេ​។​

​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​វិញ​នោះ សៀវ រ៉ាវី ក្លិប​អមតៈ​គុន​ខ្មែរ​ខេត្តសៀមរាប ប្រកួត​ជាមួយ ចាន គួ ក្លិប​យុវជន​វាល​ស្បូវ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​។ ម៉ាត់ ផានិត ក្លិប​មរតក​យុទ្ធ​គុន​ខ្មែរ ប្រកួត​ជាមួយ ចែម ចឺម ក្លិប​ខេត្ត​រតនគីរី ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម​៕L ដោយ៖រ៉ូហ្សា