រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​ទ្វីបអាស៊ី​ជាមួយ​កិច្ចព្រមព្រៀង​វិនិយោគ​២០​ពាន់​លាន​ដុល្លារ​នៅ​ប៉ា​គី​ស្ថាន​

428
ចែករម្លែក

​អារ៉ាប់​ប៊ី​សា​អូឌីត​និង​ប៉ា​គី​ស្ថាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគទុន​ជាច្រើន​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​កុម្ភៈ​ដែលមាន​តម្លៃ​រហូតដល់​ទៅ ២០ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អាស៊ី​ខាងត្បូង​ដែល​ខ្វះខាត​សាច់ប្រាក់​មួយ​នេះ ខណៈ​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ បានចាប់ផ្តើម​ទស្សនកិច្ច​នៅ​ទ្វីបអាស៊ី​របស់​ទ្រង់​ដើម្បី​ស្វះស្វែង​ងើប​ចេញ​ឱ្យ​ផុតពី​រឿងរ៉ាវ​ទាក់ទិន​នឹង​លោក​ខា​សូក​ជី​។​

​ប្រទេស​ប៉ា​គី​ស្ថាន​កំពុង​ប្រឈម​នឹង​វិបត្តិ​សាច់ប្រាក់​យ៉ាងធ្ងន់ធ្ងរ​និង​សង្ឃឹមថា​កិច្ចព្រមព្រៀង​ទាំង​ប្រាំពីរ​និង​អនុសារណៈ​យោគយល់​គ្នា​មួយ​នឹង​ផ្តល់នូវ​ជំនួយ​សង្គ្រោះ​ដល់​សេដ្ឋកិច្ច​រង្គោះរង្គើ​របស់​ប្រទេស​នេះ​។​

​រជ្ជទាយាទ ដែល​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា “MBS” បាន​កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច​បី​ប្រទេស​សំខាន់ៗ ពោលគឺ​ប្រាំ​ខែ​គត់​បន្ទាប់ពី​ទ្រង់​បាន​រង​សម្ពាធ​យ៉ាងខ្លាំង​បន្ទាប់ពី​ការសម្លាប់​អ្នកកាសែត​ឈ្មោះ ចា​ម៉ា​ល់ ខា​សូក​ជី នៅឯ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។ ទ្រង់​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ប៉ា​គី​ស្ថាន​។​

​លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ម​រ៉ា​ន់ ខាន់ បាន​អរគុណ​ដល់​សម្ព័ន្ធមិត្ត​យូរអង្វែង​អា​រ៉ា​ប៊ី​សា​អូឌីត​សម្រាប់​ការគាំទ្រ​របស់ខ្លួន ដោយ​បន្ថែមថា “​ប៉ា​គី​ស្ថាន​និង​អារ៉ាប៊ីសាអ៊ូឌីត​ពេលនេះ​កំពុង​នាំយក​ទំនាក់ទំនង​នេះ​ទៅដល់​កម្រិត​មួយ ដែល​ពួកគេ​មិន​ធ្លាប់មាន​ពីមុនមក​”​។​

​លោក​ខាន់​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ពីរដង​រួចហើយ​ចាប់តាំងពី​បាន​ឡើងកាន់​អំណាច​កាលពី​រដូវ​ក្តៅ​ឆ្នាំមុន​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទ្រង់ MBS ត្រូវបាន​ស្វាគមន៍​ជាមួយ​ការធ្វើ​គំនាប់​ដោយ​បាញ់កាំភ្លើង ២១ គ្រាប់​និង​ត្រូវបាន​ឱបក្រសោប​យ៉ាង​កក់ក្តៅ​ដោយ​លោក​ខាន់ និង​អគ្គមេបញ្ជាការ​កងទ័ព​លោក​ក្វា​ម៉ា ចា​វេត បាច​វ៉ា ខណៈដែល​ទ្រង់​បាន​យាង​លើ​កម្រាលព្រំ​ក្រហម​អមដោយ​ឆ្មាំ​កិត្តិយស​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​នៅក្បែរ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​។​

​បន្ទាប់ពី​ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន ទ្រង់​នឹង​បន្ត​យាង​ទៅ​ប្រទេស​ឥណ្ឌា និង ចិន​ជា​បន្តបន្ទាប់​ទៀត​រហូតដល់​ថ្ងៃ​សុក្រ​ឯណោះ​៕ ដោយ៖ កញ្ញាដាលីស

ទ្រង់​សាល់​ម៉ាន់​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ប៉ា​គី​ស្ថាន