រញ្ជួយ​ដី​កំលាំង​៧​រិ​ច្ឆ​ទ័​រ​សម្លាប់​មន​ស្ស​៨២​នាក់​នៅ​ឥណ្ឌូនេស៊ី​

816
ចែករម្លែក

កោះកម្សាន្តបាលីនិងឡុមបុករបស់ឥណ្ឌូនេស៊ី​ត្រូវបានធ្វើអោយកក្រើកដោយសាររញ្ជួយដីកំលាំង៧រិច្ឆទ័រកាលពីថ្ងៃអាទិតុ្យទី៥សីហា បណ្តាលអោយមានការព្រមានអំពីរលកស៊ូណាមិ និងការភិតភ័យក្នុងចំណោមអ្នកទេសចរនិងអ្នកស្រុក។

អ្នកនាំពាក្យគ្រោះមហន្តរាយជាតិលោកស៊ូតូប៉ូ នូហ្រ្គោហូ បាននិយាយនៅថ្ងៃចន្ទនេះថា រញ្ជួយដីសម្លាប់មនុស្ស៨២នាក់ និងអាគាររាប់ពាន់ខូចខាត។

រញ្ជួយដី ដែលបានវាយប្រហារឆ្នេរខាងជើងនៃកោះឡុមបុកនៅជំរៅ១៥គីឡូម៉ែត្រ កើតឡើងតែមួយសប្តាហ៍បន្ទាប់ពីរញ្ជួយកំលាំង៦,៤រិច្ឆទ័រមួយបានសម្លាប់មនុស្ស១៤នាក់នៅលើកោះនិងបណ្តាលអោយមានការជម្លៀសមនុស្សដ៏ច្រើនចេញពីតំបន់ភ្នំភ្លើងពេញនិយមមួយ។

មន្រ្តីឥណ្ឌូនេស៊ីពីដំបូងបានចេញការព្រមានអំពីស៊ូណាមិ ដោយប្រាប់ប្រជាជនអោយចេញឆ្ងាយពីសមុទ្រ។តែការព្រមាននេះក្រោយមកត្រូវបានដកចេញវិញនៅម៉ោង៨និង២៥នាទីយប់។

រញ្ជួយដីនេះក៏ញ័រដល់កោះបាលី បណ្តាលអោយមនុស្សនាំគ្នារត់ចេញពីផ្ទះ សណ្ឋាគារនិងភោជនីយដ្ឋាន។

អ្នកទេសចរអូស្ត្រាលីម្នាក់ បាននិយាយថា “ភ្ញៀវទាំងអស់បានរត់ចេញ ខ្ញុំក៏ដូចគ្នាដែរ។ប្រជាជនចេញមកតាមដងផ្លូវ ខណៈពួកមន្រ្តីប្រាប់កុំអោយភិតភ័យ”។

រញ្ជួយដីដាច់ដោយឡែកមួយទៀតកំលាំង៥,៦រិច្ឆទ័រ បានអង្រួនកោះមេនតាវ៉ាយនៅស៊ូម៉ាត្រាខាងលិចកាលពីរសៀលថ្ងៃអាទិត្យ តែមិនមានការព្រមានអំពីរលកស៊ូណាមិទេ។

ឥណ្ឌូនេស៊ី ជាប្រជាជាតិងាយរងគ្រោះធម្មជាតិបំផុតមួយ ដោយសារស្ថិតនៅលើទ្រនទ្វីបដែលគេហៅថា”កងរង្វង់ភ្លើង”ប៉ាស៊ីហ្វិក កន្លែងដែលទ្រនទ្វីបជល់គ្នា បណ្តាលអោយមានការផ្ទុះភ្នំភ្លើងជាច្រើននិងរញ្ជួយដី។

នៅឆ្នាំ២០១០ រញ្ជួយកំលាំង៧,២រិច្ឆទ័រមួយបានបង្ករលកស៊ីណាមិវាយប្រហារកោះ នាំអោយមានការជម្លៀសមនុស្សជាង២ពាន់គ្រួសារ។នៅឆ្នាំ២០០៤ ស៊ីណាមិមួយបង្កឡើងដោយរញ្ជួយដីក្រោមបាតសមុទ្រកំលាំង៩,៣រិច្ឆទ័រ នៅឯនាយឆ្នេរក៉ស៊ូម៉ាត្រា បានសម្លាប់មនុស្ស២២០.០០០នាក់នៅប្រទេសជាច្រើនជុំវិញមហាសមុទ្រឥណ្ឌា ក្នុងនោះ១៦៨.០០០នាក់នៅឥណ្ឌូនេស៊ី៕ដោយ៖វាសនា

#