រញ្ជួយ​ដី​ខ្លាំង​អង្រួន​វេ​នេ​ស៊ុយ​អេ​ឡា តែ​បង្ក​ការខូចខាត​តិចតួច​

629
ចែករម្លែក

រញ្ជួយដីខ្លាំងមួយបានអង្រួនឆ្នេរភាគឥឦសាននៃប្រទេសវេនេស៊ុយអេឡាកាលពីយប់ថ្ងៃអង្គារទី២១សីហា ដោយបានបង្ខំអោយប្រជាជនភៀសខ្លួនចេញពីផ្ទះនិងអាគារនិងបានរារាំងការជួបជុំគាំទ្ររដ្ឋាភិបាលមួយដើម្បីការកែទំរង់សេដ្ឋកិច្ច។

រញ្ជួយដីកំលាំង៧,៣រិច្ឆទ័រ ខ្លាំងបំផុតចាប់តាំងពីរញ្ជួយដីវាយប្រហារប្រទេសនេះនៅឆ្នាំ១៩០០ ។តែវាមានជំរៅ១២៣គីឡូម៉ែត្រនិងទំនងជាបង្កការខូចខាតមានកំរិតទោះជាស្នូលរញ្ជួយនៅជិតឧបទ្វីបCariacoដែលមានមនុស្សរស់នៅច្រើ​នក្តី។

នៅក្រុង Cumana អីវ៉ាន់នៅលើធ្នើនៃផ្សារទំនើបបានធ្លាក់មកលើឥដ្ឋ។នៅផ្សារមួយ ស្រ្តីម្នាក់បានភិតភ័យខ្លាំងហើយក៏ស្ទុះធ្លាក់ពីជណ្តើរយន្តនិងរបួសស្រាល។

នៅក្រុងCaracasថ្មបេតុងនៃដំបូលអាគារមួយបានធ្លាក់មកលើផ្លូវដើរ ដោយបង្ខំអោយបុគ្គលិកពន្លត់អគ្គិភ័យបិទចរាចរណ៍នៅតំបន់នោះ។

រញ្ជួយដីនេះ ញ័រដល់រដ្ឋធានី Bogotaរបស់កូឡុំប៊ី ជាហេតុនាំអោយអាជ្ញាធរបិទអាកាសយានដ្ឋានអន្តរជាតិមួយរយៈពេលខ្លីដើម្បីពិនិត្យមើលផ្លូវចុះឡើងរបស់យន្តហោះ។

រញ្ចួយដីកំលាំងប្រហាក់ប្រហែលគ្នាកាលពីឆ្នាំ១៩៩៧នៅក្នុងតំបន់ដដែលនេះ បណ្តាលអោយមនុស្សស្លាប់រាប់សិបនាក់ តែរញ្ចួយលើកនេះមិនបង្កមហន្តរាយខ្លាំងទេដោយសារស្នូលរញ្ជួយនៅជ្រៅក្នុងដី។

ពួកអ្នកជំនាញបានព្រមានយូរមកហើយថា រដ្ឋាភិបាលដែលកំពុងមានបញ្ហាថវិការបស់វេនេស៊ុយអេឡា មានការត្រៀមរៀបចំទុកតិចតួចសំរាប់ដោះស្រាយមហន្តរាយបង្កឡើងដោយគ្រោះធម្មជាតិធំៗ។ បណ្តាមន្ទីរពេទ្យមានគ្រឿងផ្គត់ផ្គង់មិនគ្រប់គ្រាន់ ឡានពេទ្យត្រូវចតចោលនិងស្បៀងនិងទឹកស្ថិតចំណោមទំនិញដែលកំពុងខ្វះខាតនៅក្នុងប្រទេសមួយដែលមានអតិផរណាដល់ទី១លានភាគរយនៅឆ្នាំនេះ។

រញ្ជួយដីនេះក៏ញ័រដល់ ប្រទេសគុយយ៉ាណា កោះបាបាដូសនិងហ្រ្គេណាដា ផងដែរ៕ដោយវាសនា


ប្រជាជន នាំគ្នា ចេញពីផ្ទះ និង អាគារ មក នៅតាម ផ្លូវ ទាំងយប់ ដោយសារ រញ្ជួយ ដី

#