រញ្ជួយ​ដី​នៅ​ជិត​កោះ​បាលី​-​កោះ​ជ្វាៈ មិន​ប៉ះពាល់​ដល់​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​ដែលមាន​វត្តមាន​សម្តេច ហ៊ុន សែន នៅ​ទី​នោះទេ​

720
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បានបញ្ជាក់​ប្រាប់រ​ស្មិ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ថា ការរញ្ជួយ​ដី​នៅ​ជិត​កោះ​ជ្វា និង​កោះ​បាលី គឺ​មិន​ប៉ះពាល់​ការរៀបចំ​វេទិកា​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន និង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ចាប់ពី​ថ្ងៃទី​១០-១២ ខែតុលា ឆ្នាំ​២០១៨ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​នេះ​ផងដែរ​។

​លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា ទាក់ទង​ការរញ្ជួយ​ដី​នៅ​ជិត​កោះ​បាលី និង​កោះ​ជ្វា គឺ​មិនទាន់មាន​ប្រតិកម្ម​អ្វី​ចេញពី​គណៈប្រតិភូ​កម្ពុជា​ដែល​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​នៅ​ទីនោះ​នៅឡើយ​ទេ​។​
​រញ្ជួយ​ដី​នេះ បានកើត​ឡើង​ស្រប​ពេលដែល​ប្រទេស​ឥណ្ឌូណេស៊ី រៀបចំ​វេទិកា​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន និង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ចាប់ពី​ថ្ងៃទី​១០-១២ ខែតុលា ឆ្នាំ​២០១៨​។​
​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តប​តាម​ការអញ្ជើញ​របស់លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​ថ្ងៃទី​១០-១២ ខែតុលា ឆ្នាំ​២០១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។

​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព និង​ភាពជោគជ័យ​ក្នុងការ​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​តំបន់ និង​សកលលោក​» ស្រប​ជាមួយនឹង​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ របស់​ក្រុមប្រឹក្សា​អភិបាល​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ឆ្នាំ​២០១៨​។

​លោក Petteri Orpo ប្រធាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ លោកស្រី Christine Lagarde អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​លោក Jim Yong Kim ប្រធាន​ធនាគារពិភពលោក​ក៏បាន​អញ្ជើញសម្តេច ហ៊ុន សែន ជា​ភ្ញៀវកិត្តិយស​ពិសេស នៅក្នុង​ពិធី​កិច្ចប្រជុំពេញអង្គ​ប្រចាំឆ្នាំ នៅ​ថ្ងៃទី​១២ ខែតុលា ផងដែរ​។​

​នៅក្នុង​ឱកាស​នៃ​កម្មវិធី​ជំនួប​ថ្នាក់ដឹកនាំ​អាស៊ាន​នោះដែរ សម្តេច ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ស្តីពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​អាស៊ាន ទីផ្សារ​ដ៏​មាន​សក្តានុពល បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ការកសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​។​

​ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​ប្រើប្រាស់​ឱកាស​នេះ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​បង្កើន​ទំនាក់ទំនង​ថែមទៀត ជាមួយ​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ប្រធាន​ធនាគារពិភពលោក និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក្នុងការ​បង្កើតឡើង​នូវ​កំលាំង​សរុប​រវាង​កិច្ចប្រឹងប្រែង​ថ្នាក់ជាតិ អាស៊ាន និង​ស្ថាប័នហិរញ្ញវត្ថុ​សកល ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ ទាក់ទង​ដល់​ការពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់ និង​ការ​បង្កើនល្បឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សមាហរណកម្ម​តំបន់​៕ ល​

#