រញ្ជួយ​យ​ដី​វាយប្រហារ​ជិត​ទីក្រុង​អូ​សា​កា​នៅ​ជប៉ុន​ខាងលិច​

3027
ចែករម្លែក

ពួកមន្រ្តីបាននិយាយថា រញ្ជួយដីខ្លាំងមួយបានវាយប្រហារជប៉ុនខាងលិចកាលពីដើមថ្ងៃចន្ទទី១៨មិថុនាតែមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតធំដុំឬហានិភ័យពីរលកសមុទ្រធំៗដែលគេហៅថាស៊ូណាមីនោះទេ។

រញ្ជួយដីបានវាយប្រហារនៅជំរៅ១៥,៤គីឡូម៉ែត្រនៅម៉ោង៦:៥៨ព្រឹកនៅជិតទីក្រុងអូសាកា នេះបើតាមផ្នែកអង្កេតភូមិសាស្រ្តអាមេរិក។ទីភ្នាក់ងារឧតុនិយមជប៉ុនដែលបានវាស់ឃើញរញ្ជួយនេះមានកំលាំង៥,៩រិច្ឆទ័របាននិយាយថា មិនមានហានិភ័យពីរលកស៊ូណាមីបង្កពីរញ្ជួយព្រះធរណីនេះទេ។

ជុំវិញរញ្ជួយដីនេះ នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលកំពុងធ្វើការផ្តោតលើការសង្រ្គោះអាយុជីវិតប្រជាជន”។

លោកថាលោកបាននែនាំទៅបុគ្គលិករបស់លោកអោយប្រមូលព័ត៌មានអោយបានលឿនអំពីការខូចខាត និងខិតខំជាអតិបរមាក្នុងការជួយសង្រ្គោះអាយុជីវិត…និងផ្តល់ព័ត៌មានជូនសាធារណជនអោយទាន់ពេលនិងត្រឹមត្រូវ”។

ប៉ូលិសមូលដ្ឋានក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា មិនមានរបាយការណ៍អំពីការខូចខាតធំដុំខណៈអាជ្ញាធរនុយក្លេអ៊ែរបាននិយាយថាខ្លួនមិនបានរកឃើញភាពមិនប្រក្រតីនៅបណ្តារោងចក្ររបស់ខ្លួនក្រោយរញ្ជួយ។

ទោះជាយ៉ាងណា រញ្ជួយដីបានបណ្តាលអោយដាច់ចរន្តអគ្គិសនីនៅផ្ទះរាប់ពាន់ហើយប្រតិបត្តិការរថភ្លើងត្រូវបានផ្អាកក្នុងអំឡុងពេលព្រឹកដ៏មមាញឹក។

ក្នុងពេលជាមួយគ្នា ទូរទស្សន៍បានបង្ហាញអ្នកពន្លត់អគ្គិភ័យឆ្លើយតបចំពោះអគ្គិភ័យនៅផ្ទះមួយក្រោយរញ្ជួយដីហើយរថភ្លើងធុនលឿនបានឈប់កណ្តាលផ្លូវ៕ដោយ៖វាសនា

សិស្សនាំគ្នាអង្គុយក្រៅអាគារបន្ទាប់ពីត្រូវបានជម្លៀសចេញក្រៅថ្នាក់នៅក្រុងអ៊ីកេកា ជប៉ុនខាងលិចកាលពីថ្ងៃ១៨មិថុនា

អ្នកដំណើរនៅស្ថានីយរថភ្លើងមួយ ក្រោយសេវារថភ្លើងផ្អាកដោយរញ្ជួយដី

បុគ្គលិកហាងរើសទំនិញដែលធ្លាក់ពីលើធ្នើដោយសារកំលាំងរញ្ជួយនៅក្រុងអូសាកាកាលពីថ្ងៃ១៨មិថុនា