រដូវភ្លៀង​ជិត​មកដល់ អាជ្ញាធរ​ទីក្រុង​គជ់​ត្រៀម​ជើង​ព្រួល​!

1008
ចែករម្លែក

កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​៣០ ខែមេសា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី​ការងារ​ស្ដារ​ប្រព័ន្ធ​លូ​ប្រឡាយ ក្នុង​រាជធានីភ្នំពេញ ឆ្នាំ​២០១៩ ​ដើម្បី​ពិនិត្យ​ការអនុវត្ត​លើ​ការងារ​ស្តារលូ​ប្រឡាយ និង​រក​ដំណោះស្រាយបញ្ចៀស​ការ​ជន់​លិច​តំបន់​មួយចំនួនក្នុង​តំបន់​កណ្ដាល និង​ជាយ​រាជធានីភ្នំពេញ​។​

​តាមរយៈ​កិច្ចប្រជុំ​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​មន្ទីរជំនាញ​សម្រុក​ធ្វើ​ការងារ​ជួសជុល​ស្តារលូ​ប្រឡាយ​ទាំងអស់​ឲ្យ​មាន​សមត្ថភាព រំដោះ​ទឹកនៅ​រដូវវស្សា ឆ្នាំ​២០១៩ នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព បញ្ចៀស​បានការ​លិចលង់ដោយ​ជំនន់​ទឹកភ្លៀង​។​

​ក្នុង​កិច្ចប្រជុំ​នេះ ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន រាជធានីភ្នំពេញ បាន​បញ្ជាក់ថា ផែនការ​ស្ដារលូ នៅក្នុង​បួន​ខណ្ឌ កណ្ដាល​រាជធានី​ភ្នំពេញ គឺ​ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧​មករា និង​ខណ្ឌទួលគោក គឺ​មន្ទីរ​បាន​បូម ស្តារលូប្រវែង ១៤ ម៉ឺន​ម៉ែត្រ​។

​ក្រោយពី​ការស្ដារ​លូនៅក្នុង​បួន​ខណ្ឌ​នោះ រួចមក គឺមាន​ខណ្ឌ​ចំនួន​ពីរ នឹងមិន​ទទួលការលិចលង់ដោយ​ជំនន់​ទឹកភ្លៀង​ទៀត​ទេ នោះ​គឺ​ខណ្ឌចំការមន និង​ខណ្ឌ​៧​មករា​។ ចំណែក​ខណ្ឌដូនពេញ និង​ខណ្ឌទួលគោក អាច​ដោះស្រាយបាន​មួយកម្រិត​ពិសេស គឺ​ការ​ដោះស្រាយបាន​នៅ​ខាងត្បូង ផ្លូវ​សហព័ន្ធរុស្ស៊ី ដោយនៅ​ខាងជើង​ផ្លូវ​សហព័ន្ធរុស្ស៊ី មានការ​លិចលង់​ដោយ​អន្លើ​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រជុំ​ពិនិត្យ​ការអនុវត្ត​លើ​ការងារ​ស្តារលូ​ប្រឡាយ និង​រកដំណោះស្រាយបញ្ចៀស​ការ​ជន់​លិច​តំបន់​មួយចំនួន​នេះ បានធ្វើ​ឡើងបន្ទាប់ពី​កាលពី​ល្ងាច ថ្ងៃអាទិត្យ ទី​២៨ ខែមេសា មាន​ភ្លៀង​កក់ខែ​មួយ​មេ បណ្តាល​ឲ្យ​ទឹកភ្លៀងបាន​ជន់​លិច​នៅ​តំបន់​ផ្សារ​ដេប៉ូ ចំណុច​ភ្លើងស្តុប​។ ប៉ុន្មាន​ម៉ោង​ក្រោយមកទឹកភ្លៀង ដក់​លើផ្លូវ​ទាំងនោះ ក៏បាន​ស្រក​អស់​។

​រីឯ​តំបន់​ផ្សេងទៀត នៅ​ភ្នំពេញ ដូចជា នៅ​កំណាត់​មហាវិថី​ម៉ៅ​សេទុង ចាប់ពី​ផ្សារ ដើម​គ ដល់​ម៉ុង​ឌី​យ៉ា​ល់ នៅ​កំណាត់​មហាវិថី​កម្ពុជា​ក្រោម នៅ​ផ្សារកណ្តាល ផ្លូវ​ជាប់ព្រះបរមរាជវាំង ជាដើម ក៏​តែងតែ​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង នៅពេល​មាន​ភ្លៀង នៅ​រដូវវស្សា​ផងដែរ​។​

​យ៉ាងណាក៏ដោយ​ជា​ដំណោះស្រាយ​ចំពោះមុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានដាក់ ចេញ​នូវ​ផែនការ​យុទ្ធនា​ការស្តារ​ប្រព័ន្ធ​លូ នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​មន្ទីរ សាធារណការ រាជធានី​ភ្នំពេញ ជា​អ្នកទទួលបន្ទុក​ទាំងស្រុង លើ​ការ​ស្តារលូ​នៅ តាម​ផ្លូវធំៗ​។ ចំណែក​អាជ្ញាធរ​ខណ្ឌ​នីមួយៗ ជា​អ្នកទទួលខុសត្រូវ លើ​ការ​ស្តារលូ​នៅតាម​បណ្តោយ​ផ្លូវ​តូចៗ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។

​ជាមួយនឹង​វិធានការ​ចំពោះមុខ ដែល​នៅ​រដូវវស្សា ភ្លៀង​ធ្លាក់​នឹង​ចាប់ផ្តើម​ចូលមក ដល់​នៅ​ចុងខែ​ឧសភា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ខែមករា ឆ្នាំ​២០១៩ ក៏​សហការ​ជាមួយ​អ្នកជំនាញការ​ជប៉ុន បានចាប់ផ្តើម​គម្រោងកា​រពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤ ដែលជា​គម្រោង​ហិរញ្ញប្បទាន​របស់​ប្រទេស ជប៉ុន តាមរយៈ​ភ្នាក់ងារ​ចៃ​កា​( JICA)​។ គ្រោង​នេះនឹង​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​២០២១ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ​។

​គម្រោង​រំដោះ​ទឹកភ្លៀង​នេះ មាន ៦​ចំណុច​សំខាន់ៗ រួមមាន​ទាំង​ការដាក់​បណ្តាញ លូ​មេ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ​បូមទឹក និង​ការដំឡើង​របាមេកា​និក​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាមនៅមុខ​ផ្លូវ​បង្ហូរទឹក នៃ​ស្ថានីយ​បូមទឹក ជាដើម​។
​ ​
​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ ចៃ​កា ជប៉ុន​បាន​អនុវត្ត​គម្រោង​ជា​បន្តបន្ទាប់ ដោយ​ជីក​ដាក់​បណ្ដាញ​លូ​មេ​តាម​មហាវិថី​ធំៗ នៅ​ភ្នំពេញ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​ស្ថានីយ​បូមទឹក ជាច្រើន ដើម្បី​បូម ទឹកភ្លៀង បញ្ចូល​ទន្លេ បឹងទំពន់ បឹង​ជើងឯក និង​បឹង​កប់​ស្រូវ ជាដើម​។ ក្រៅពីនោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ម៉ាស៊ីនបូមទឹក​ជាច្រើន​គ្រឿង នៅតាម​ស្ថានីយ បូមទឹក​ជាច្រើន នៅ​ជុំវិញ​រាជធានី​ភ្នំពេញ ផងដែរ​។ ចំពោះមុខ​នេះ ជប៉ុន ក៏​នឹង​ផ្តល់ រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក​ចល័តចំនួនពីរ​គ្រឿង ដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកភ្លៀង​ជន់​លិច​តំបន់​នានា ក្នុង​រាជធានី​ភ្នំពេញ​នៅ​រដូវវស្សា​។​
​ ​
​សរុប​ទៅជា​វិធានការ​ចំពោះមុខ​នេះ និង​ឆ្លងកាត់​គម្រោង​របស់​ជប៉ុន​បី លើក​រួចមកហើយ តាមរយៈ​គម្រោង​ការពា​រ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​រាជធានីភ្នំពេញ គឺ​អាជ្ញាធរ​និង​អ្នកជំនាញការ​ជប៉ុន បានរៀបចំ​ដាក់​បន្ថែម​បណ្តាញ​លូ​ជាច្រើន ជីក​កាយ​ស្តារ​ប្រ​ឡាញ​បង្ហូរទឹក​កខ្វក់ ក៏ដូចជា​បំពាក់​ម៉ាស៊ីន​ជាច្រើន​គ្រឿង និង​កម្លាំងធំ​ជាង​មុន នៅតាម​ស្ថានីយ​បូមទឹក​ជាច្រើន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​បើសិន​ជាមាន​ទឹកភ្លៀង​ធ្លាក់​ចុះមក​គំហុក​ខ្លាំងពេក បណ្តាល​ឲ្យ​លិច​តំបន់​មួយចំនួននៅ​ភ្នំពេញ ។ ប៉ុន្តែ​រយៈពេល​នៃ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នោះ មិនយូរ​រ៉ាំរ៉ៃ​ដូចមុន​នោះទេ​។​
​ ​
​ដោយឡែក ប្រជាពលរដ្ឋ​វិញ ក៏ត្រូវ​ចូលរួម​ជាមួយនឹង​អាជ្ញាធរ​សមត្ថកិច្ច ដើម្បី​បង្ការ​កុំឲ្យ​មាន​សំរាមហូរ​ស្ទះ​មាត់​លូ ដែល​នាំ​ឲ្យ​ទឹកភ្លៀង​ហូរ​មិនទាន់ ក៏ត្រូវ​ចាល​លិច​ផ្លូវ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ សំរាម​ត្រូវតែ​សម្អាត ពិសេស​នៅមុខ​ផ្ទះ និង​ត្រូវ​វេច ខ្ចប់​ត្រឹមត្រូវ ហើយ​កុំ​ដាក់​លើ​លូ ដែល​អាច​នឹង​បង្ក​ការ​រាយប៉ាយហូរ​តាម​ទឹក​ស្ទះ​មាត់លូ ជាដើម​៕ ដោយៈ​ម៉េង​ឆៃ​/Ha