រដូវរំហើយ​ឆ្នាំនេះ​ត្រជាក់​ជាង​ឆ្នាំ​មុន

329
ចែករម្លែក
ស្ថានភាព​សីតុណ្ហភាព​ចុះ​ត្រជាក់​នៅ​ភាគ​ខាងជើង​ប្រទេស​ឡាវ​(​រូបថតបរទេស​)​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រដូវរំហើយ​ឆ្នាំនេះ​ត្រូវបាន​គេ​ប្រាប់ឱ្យដឹង​ជាមុន​ថា ត្រជាក់​ជាង​ឆ្នាំ ២០១៨ ចាប់ពី​ពាក់កណ្តាល​ខែធ្នូ​ដល់​ពាក់​កណ្តា​ខែមករា​ឆ្នាំ​២០២០ ។​ទោះជា យ៉ាង ណា​ពេល​ព្យុះ​ក្នុង​តំបន់​នៅតែ​បន្ត​កើតមាន​មិនទាន់​អស់​នៅឡើយ​ទេ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា ស្ថានភាព អាកាសធាតុ​នៅក្នុង​ប្រទេស​ថៃ​និង​ឡាវ​ភាគ​ខាងជើង ចាប់ផ្តើម​ចុះ​ត្រជាក់​ហើយ តែ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​មិនទាន់មាន​ការប្រែប្រួល​នៅឡើយ​ទេ ដោយសារ នៅមាន​ព្យុះ​កើតឡើង​បន្តបន្ទាប់​មកទៀត​។​


មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ដដែលបន្តថា ព្យុះ​ទី​២៥ មានឈ្មោះ​ហ្វេ​ង​សេន (FENGSHEN) ដែល​បាន​កើតមាន​ជាច្រើន​ថ្ងៃ​មកហើយ និង​កំពុងមាន​សកម្មភាព​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ប្រទេស​ហ្វីលីពីន វា​អាច នឹង​រលាយ​ទៅវិញ​នៅក្នុង​សមុទ្រ តែ​ព្យុះ​ទី​២៦​ឈ្មោះ​កាល់​ម៉េ​ហ្គី​( KALMAEGI)​ស្ថិត នៅលើ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន វា​នឹង​ដើរ​ចូលមកក្នុង​សមុទ្រ​ចិន ខាងត្បូង នៅ​អំឡុង​ថ្ងៃទី​១៧​ខែវិច្ឆិកា​។​
លោក​ចាន់ យុ​ត្ថា បញ្ជាក់ថា ព្យុះ​ដែល​កំពុងរ​បម្លាស់​ទី​យឺតៗ​លើ​ប្រទេស ហ្វីលីពីន វា​អាច​នឹង​រលាយ​ទៅវិញ​ពេល​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ សារ​ទ្រនុង​សម្ពាធ​ខ្ពស់​សង្កត់​ចុះមក​ខ្លាំង ។​វា​គ្មាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​ទេ តែ​នៅ កម្ពុជា នៅមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ខ្សោយ​ស្ទើរ​ទូទាំងប្រទេស បន្ទាប់ពី​ព្យុះ​នេះ រលាយ​។ ព្យុះ​ក្នុង​តំបន់​សម្រាប់​រដូវវស្សា​នេះ​មិនទាន់​អស់​នៅឡើយ​ទេ​ហើយ​ចុង ក្រោយនេះ ប្រទេស​ហ្វីលីពីន​ទទួលរង​ឥទ្ធិពល​ព្យុះ​ជា​បន្តបន្ទាប់​។​


ចំណែក​ស្ថានភាព​អាកាសធាតុ​នៅក្នុង​រដូវរំហើយ​ខាងមុខ​វិញ ត្រូវបាន​អ្នក នាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​ប្រាប់ឱ្យដឹង​ជាមុន​ថា មាន​ភាព​ត្រជាក់​ជា​បង្គួរ គឺ ត្រជាក់​ជាង ឆ្នាំ​២០១៨ ចាប់ពី​អំឡុង​ពាក់កណ្តាល​ខែធ្នូ​ដល់​ពាក់​កណ្តាលខែ មក រា ឆ្នាំ​២០២០​។ នៅពេលនេះ ភាគ​ខាងជើង​ប្រទេស​ថៃ​សីតុណ្ហភាព បាន​ចុះ​ពី​៣​ទៅ​៥ អង្សា​សេ និង​នៅ​ប្រទេស​ឡាវ​ពី​១​ទៅ​៣​អង្សា​សេ​បើ​ធៀប​ទៅ​ពេល​មុននេះ ។​


ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​១៤​ខែវិច្ឆិកា​បាន​ជូនដំណឹង ស្តីពី ស្ថានភាព​អាកាស ធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃទី​២០​ខែវិច្ឆិកា​ថា ជ្រលង​សម្ពាធ ខ្ពស់​បាន​នឹង​កំពុង​រំ​កឹ​ល​ចុះមក​ក្រោម​(​ត្បូង​)​និង មាន​ឥទ្ធិពល​មធ្យម​លើ​ប្រទេស កម្ពុជា សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្តាល ភាគ​ពាយព្យ តំបន់ ជួរ​ភ្នំ​ដងរែក​និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​នឹង​អាច​នៅមាន​ភ្លៀង​តិចតួច លើ​ផ្នែក ខ្លះ​។ សីតុណ្ហភាព​អប្បបរមា មាន​ពី​២១​ទៅ​២៣​អងស្សា​សេ និង សីតុណ្ហភាព​អតិ បរមា​មាន​ពី​២៧​ទៅ​២៩​អង្សា​សេ​។​


សម្រាប់​តំប់​វាលទំនាប​ភាគ​ខាងក្រោម​(​ត្បូង​)​និង​តំបន់​មាត់សមុទ្រ​នឹង​អាច មាន​ភ្លៀង​ធ្លាក់​តិចតួច​។​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣​ទៅ​២៥​អងស្សា​សេ​និង សីតុណ្ហភាព​អតិ បរមា​មាន​ពី​២៨​ទៅ​៣០​អង្សា​សេ​៕​សរន​