រដូវវស្សា​ដើមឆ្នាំ ខេត្តស្ទឹងត្រែង​ចាប់ផ្តើម​សម្បូរ​ត្រី​ហើយ​

2531
ចែករម្លែក
  • 442
    Shares

​ដោយៈ សុខុម / ស្ទឹងត្រែងៈ រាល់​ឆ្នាំ​ឱ្យតែ​ដល់​រដូវវស្សា​ខែមេសា និង​ឧសភា​ទឹកទន្លេ​សេកុង​, មេគង្គ​ចាប់​ផ្តើ​ឡើង​បន្តិច ដោយសារតែ​ជំនាន់​ទឹកភ្លៀង ត្រី​គ្រប់​ប្រភេទ​នឹង​ចាប់ផ្តើម​មាន​វត្តមាន ហើយ​អ្នកនេសាទ​ក្នុង​ខេត្តស្ទឹងត្រែង​នេសាទ​យកមក​លក់ លើ​ទីផ្សារ​ព្រោងព្រាត​។ តែ​ខាង​ជំនាញ​ជលផល បាន​ព្រមាន​ថា ការនេសាទ​គេ​មិន​អនុញ្ញាត​ឱ្យប្រើ​ឧ​បរ​ណ៍​ណា ដែល​ផ្ទុយទៅនឹង​ច្បាប់​ហាមឃាត់​នោះឡើយ​។​

​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញថា មេឃ​មាន​ធ្លាក់​ភ្លៀងហើយ​ត្រី​ធម្មជាតិ​ទឹកសាប​ចាប់ផ្តើម​ផ្លាស់​ទី ពី​ផ្នែក​ខាងក្រោម​ទន្លេមេគង្គ ឆ្លងកាត់​កន្លែង​ប្រសព្វ​គ្នា​នឹង​ទន្លេសេកុង ធ្វើឱ្យ​អ្នកនេសាទ​ដាក់មង​ចាប់​ត្រី​បាន​រាប់សិប​គីឡូក្រាម ជា​រៀងរាល់ថ្ងៃ​។ សម្រាប់​អ្នក​ខេត្តស្ទឹងត្រែង មិន​គិតថា ប្លែក​នោះទេ ពីព្រោះថា រាល់​ឆ្នាំ​ឱ្យតែ​ដល់​ខែ​ភ្លៀង​ក្នុង​ខែមេសា និង​ឧសភា ត្រី​គ្រប់​ប្រភេទ​ក៏​ចាប់ផ្តើម​អ្នកនេសាទ​ដាក់មង​បាន​។​

​អ្នក​ខេត្តស្ទឹងត្រែង​នាំគ្នា​នេសាទ ដោយ​ប្រើ​ទូក​តូចៗ និង​ដាក់មង​បណ្តែត​តាម​ទឹកទន្លេ​មេគង្គ ភូមិសាស្ត្រ​ស្ពាន​មេគង្គ ដែល​គេ​អាច​មើល​ពីលើ​មាត់ច្រាំង​ទៅ​ឃើញ​ទូក​រាប់រយ​។ ក្រៅពី​នេសាទ​ជា​លក្ខណៈ​គ្រួសារ​យកមក​ធ្វើ​ម្ហូប អ្នក​ខេត្ត​នេះ តែងតែ​ធ្វើ​ផ្អក​ប្រហុក​រក្សាទុក​បរិភោគ​ក្នុង​ខែ​ខ្សត់​ត្រី​។ ក៏ប៉ុន្តែ​ក្រៅពី​នេសាទ​បាន​ច្រើន​គេ​យកទៅ​ដាក់លក់​នៅ​ផ្សារ ដើម្បី​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​។​

​ជា​រៀងរាល់ថ្ងៃ​មិន​ថា​ព្រឹក​ឬក៏​ពេល​ល្ងាច​នោះទេ​ត្រី​ត្រូវបាន​គេ​យកទៅលក់​នៅលើ​ទីផ្សារ​ហើយ​មាន​អ្នកទទួល​ទិញយក​ចេញទៅ​ក្រៅ​ខេត្ត​តាម​រថយន្ត​ដែល​គេ​ចាំ​ប្រមូល​ទិញ​រួចជាស្រេច​។​ខែ​ប្រមូល​ត្រី​នៅ​ស្ទឹងត្រែង​មិនយូរប៉ុន្មាន​ទេ​ពោលគឺ​ពេល​ទឹកទន្លេ​ជាន់ឡើង​ខ្លាំង​ត្រី​នឹង​ឡើងទៅ​ផ្នែក​ខាងលើ​ដើម្បី​បន្ត​ពូជ​នៅតាម​អន្លង់​ជ្រៅៗ​ចូល​អូរ​ព្រៃ​លិច​ទឹក​គេ​មិនអាច​នេសាទ​បាន​ទៀតឡើយ​។​ប៉ុន្តែ​បើ​ដល់​រដូវ​ទឹក​ស្រក​ក្នុង​ខែធ្នូរ​ឬក៏​មករា​ទើប​ត្រី​វា​សម្បូរ​ម្តងទៀត​។​

​រាល់ថ្ងៃ​ត្រី​ដែល​គេ​សង្កេតឃើញ​មាន​លក់​នៅលើ​ទីផ្សារ គឺជា​ប្រភេទ កូន​ត្រី​ប៉ា​ស៊ី​អ៊ី ត្រី​ប៉ា​វ៉ា​មុខ​មួយ មុខ​ពីរ ត្រី​ព្រួល ត្រី​ក្អែក​និង​ឆ្ពិន​….​។​ល​។ ចំពោះ​តម្លៃ​វា​ខុសគ្នា​ទៅតាម​ប្រភេទ​ត្រី​នីមួយៗ ដូចជា​ត្រី​ប៉ា​ស៊ី​អ៊ី​ត្រី​ប៉ា​វ៉ា​ក្នុង​មួយ​គីឡូក្រាម​ចាប់ពី​២​ទៅ​៣​ម៉ឺន​រៀល​។ ភ្ញៀវទេសចរ​ដែល​មក​លេង​ខេត្តស្ទឹងត្រែង នៅពេលនេះ​នឹង​អាច​ភ្លក់​រសជាតិ​ត្រី​ធម្មជាតិ ឬក៏​ទិញ​ផ្ញើ​បងប្អូន​ញាតិមិត្ត​បាន​៕