រដូវវស្សា​បានចាប់ផ្តើម​ចូលមក​ដល់​ហើយ​

927
ចែករម្លែក

ដោយៈ ប​.​ខុន / ភ្នំពេញៈ រដូវវស្សា​បានចាប់ផ្តើម​មកដល់ ជាមួយនឹង​ការធ្លាក់​ភ្លៀង​រាយប៉ាយ​កាន់តែ​ទូលំទូលាយ ចាប់ពី​ថ្ងៃទី​២១​ខែឧសភា ធ្វើ​ឧ្យ​សីតុណ្ហភាព​ចុះមក​នៅក្នុង​រង្វង់​ពី​៣៣​ទៅ​៣៥​អង្សា​សេ តែ​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​នៅតែមាន​ឥទ្ធិពល​ខ្លាំង ត្រូវ​ប្រុងប្រយ័ត្ន​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៩​ថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ បើទោះបីជា​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ មាន​តិចតួច​ក៏ដោយ​តែ​ខ្យល់មូសុង​និរតី​បាន​ចាប់​ធ្លា​ក់មក និង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចាប់ផ្តើម​កើន ឡើង​ចាប់ពី​ថ្ងៃទី​២១​ខែឧសភា និង​រាយប៉ាយ​កាន់​តែមាន​វិសាលភាព​ទូលំទូលាយ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩ បាន​ជូនដំណឹង​ថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​តែ​បាតុភូត​អែល​នី​ណូ El Niño ដែល​កើតមាន​តាំងពីដើម​ឆ្នាំ​មក​នោះ នៅតែ​បន្ត​មាន​ឥទ្ធិពល​។​

​ទោះជា​យ៉ាងណា​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃទី​១៩​ខែឧសភា​ទៅ ខ្យល់មូសុង​និរតី​ចាប់ផ្តើម​ឆ្លាក់ មក​ស្របពេល​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ខ្សោយ ធ្វើ​ឲ្យ​រាជធានី​ខេត្ត​មួយចំនួន មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ពុំបាន​រាយប៉ាយ​ល្អ​នៅឡើយ​។​

​តាម​ការ​ព្យាករ​ដដែល​បានបង្ហាញ​ឲ្យ​ឃើញ​ទៀតថា ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃ​២៥​ខែឧសភា ជ្រលង​សម្ពាធ​ទាប​និង​ខ្យល់មូសុង​និរតី ចាប់ផ្តើម​ប​ង្កើ​ម​ឥទ្ធិពល​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​កើនឡើង​ជា​លំដាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ និង​រាយប៉ាយ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។​

​ខ្យល់មូសុង​និរតី​ចាប់ផ្តើម​ធ្លាក់​ជា​សញ្ញា​ប្រាប់ថា រដូវវស្សា​បាន​ចូលមក​ដល់​នេះ ធ្វើ​ឲ្យ​សីតុណ្ហភាព​ដែល​ឡើង​លើសពី​៤០​អង្សា​សេ បាន​ចុះមក​នៅក្នុង​ចន្លោះ​ពី​៣៣​ទៅ​៣៦​អង្សា​សេ តែ​បាតុភូត​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​កើតមាន​ច្រើន ត្រូវ​ប្រុងប្រយ័ត្ន​៕ ល​