រដូវ​បោះឆ្នោត​នៅ​ឥណ្ឌា ៖ ការផ្ទុះ​គ្រាប់បែក​នៅ​កា​ស្មៀ​រ​ជួយ​ទប់​លោក​ម៉ូ​ឌី​ពី​ការធ្លាក់​កូដ​

431
ចែករម្លែក
  • 64
    Shares

​កាលពី​មួយខែ​មុន លោក​ណារិន​ដ្រា ម៉ូ​ឌី ដែលជា​នាយករដ្ឋមន្ត្រី​គ្មាន​អ្នក​បញ្ឈប់​បាន​នៅ​ប្រទេស​ឥណ្ឌា ហាក់ដូចជា​ងាយ​រងគ្រោះ​គួរឱ្យភ្ញាក់ផ្អើល​ពេល​ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​បោះឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​។​

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ដ្រា ម៉ូ​ឌី

​កំណើនសេដ្ឋកិច្ច​មា​នភា​ព​យឺតយ៉ាវ កសិករ​រាប់ពាន់នាក់​កំពុង​ដើរ​ក្បួន​តវ៉ា​នៅ​រដ្ឋធានី (​អ្នកខ្លះ​ថែមទាំង​ចាក់​ទឹកដោះគោ​ចោល​រាប់សិប​លីត្រ​លើ​ថ្នល់​) និង​ភាព​គ្មាន​ការងារ​ធ្វើបាន​ឈានដល់​កម្រិត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ៤៥ ឆ្នាំ​។ ទាំងអស់នេះ​គឺជា​ការពិត​ដែល​រដ្ឋាភិបាល​លោក​ម៉ូ​ឌី​ព្យាយាម​លាក់បាំង​។​

​នៅក្នុង​ការបោះឆ្នោត​រដ្ឋ​ដ៏​សំខាន់​នាពេល​ថ្មីៗ​នេះ គណបក្ស​របស់លោក​ម៉ូ​ឌី​បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​។ ហើយ​ជាមួយនឹង​ដំណើរការ​បោះឆ្នោត​រយៈពេល​រាប់​សប្ដាហ៍​របស់​ប្រទេស​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១១ ខែមេសា គណបក្សប្រឆាំង​ដែល​កំពុង​រឹង​ដៃ​រឹង​ជើង​ឡើងវិញ​កំពុង​ដាល់​មួយ​ដៃ​ហើយ​មួយ​ដៃ​ទៀត​ជាមួយ​ការចោទប្រកាន់​ពីបទ​ពុករលួយ​។​

​ប៉ុន្តែ​ការផ្ទុះ​គ្រាប់បែក​នៅក្នុង​រដ្ឋកា​ស្មៀ​និង​ការ​ប្រឈម​ផ្នែក​យោធា​ដ៏​គ្រោះថ្នាក់​ប៉ុន្មាន​សប្ដាហ៍​ជាមួយ​ប៉ា​គី​ស្ថាន ហាក់​បាន​ជួយ​ទប់​លោក​ម៉ូ​ឌី​ពី​ការធ្លាក់​កូដ​។​

​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​វ័យក្មេង​ម្នាក់​បាន​បំផ្ទុះ​រថយន្ដក្រុង​យោធា​នៅ​កា​ស្មៀ​រ​កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ​ដោយបាន​សម្លាប់​ទាហាន​ជាង ៤០ នាក់​។​

​ក្រុម Jaish-e-Mohammed ដែល​ធ្វើ​ប្រតិបត្តិការ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​និង​ត្រូវបាន​ចុះបញ្ជី​ជា​អង្គការ​ភេរវកម្ម​ដោយ​សហរដ្ឋអាមេរិក​នោះ បាន​អះអាង​ទទួលខុសត្រូវ​។​

​លោក​ម៉ូ​ឌី​បាន​បញ្ជា​ឱ្យ​វាយប្រហារ​តាម​ជើង​អាកាស​លើ​ប៉ា​គី​ស្ថាន ដែល​លោក​បាន​ស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​ភេរវកម្ម ហើយ​ប៉ា​គី​ស្ថាន​បាន​វាយប្រហារ​តប​វិញ​។ ពួក​អ្នកជំនាញ​បាន​និយាយថា ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំងពី​រ​ខាន​បាញ់​គ្រាប់បែក​ដាក់គ្នា​យូរណាស់​មកហើយ​។​

​មើល​ពី​ខាងក្រៅ លោក​ម៉ូ​ឌី​ត្រូវបាន​គេ​រិះគន់​យ៉ាង​ទូលំទូលាយ​ថា​ជាមាន​បំណង​ប្រថុយធ្វើ​សង្គ្រាម​ដើម្បី​តែ​ឱកាស​ចំណេញ​នយោបាយ​។ ហើយ​នៅពេល​អ្នកបើក​យន្ដហោះ​ឥណ្ឌា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​ហើយ​បន្ទាប់មក​ត្រូវបាន​ដោះលែង​មកវិញ​យ៉ាង​ឆាប់រហ័ស​នោះ អ្នកវិភាគ​អន្តរជាតិ​មួយចំនួន​គិតថា ការប្រថុយប្រថាន​ផ្នែក​យោធា​របស់លោក​ម៉ូ​ឌី​គឺ​គ្មាន​ចំណេញ​អី​នោះទេ​។​

​ប៉ុន្តែ​នៅ​ខាងក្នុង​ប្រទេស​ឥណ្ឌា គេ​មិន​យល់ឃើញ​ដូច​អ្នក​ខាងក្រៅ​នោះទេ​។​

​ក្រុមអ្នកវិភាគ​នយោបាយ​និយាយថា​ប្រជាជន​ឥណ្ឌា​កំពុង​ប្រមូល​ផ្ដុំគ្នា​គាំទ្រ​លោក​ម៉ូ​ឌី​ជាថ្មី​ហើយ​ថា​គាត់​ហាក់ដូចជា​ធ្វើឱ្យមាន​ការកើនឡើង​សំឡេងគាំទ្រ​យ៉ាងសំខាន់​ក្នុងចំណោម​អ្នកបោះឆ្នោត​ឯករាជ្យ​និង​អ្នក​មិនទាន់​សម្រេចចិត្ត​រួច​។​

​ការពិត​ដែលថា​ការវាយប្រហារ​ផ្លូវអាកាស​របស់​ឥណ្ឌា​ទំនងជា​ខុស​គោលដៅ​និង​យន្តហោះ​ចម្បាំង​មួយ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​ប៉ា​គី​ស្ថាន​ហាក់ដូចជា​មិនមាន​បញ្ហា​ចំពោះ​ប្រជាជន​ឥណ្ឌា​ភាគច្រើន​នោះទេ​។ ប្រទេស​របស់​ពួកគេ​ត្រូវបាន​វាយប្រហារ ហើយ​លោក​ម៉ូ​ឌី​បាន​វាយប្រហារ​ទៅលើ​ពួកគេ​វិញ​។​

​លោក​ម៉ូ​ឌី​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​នៅ​ខែ​នេះ​ដោយនិយាយ​សំដៅទៅ​ក្រុម​ភេរវ​ករ​ថា “​ទោះបីជា​ពួកគេ​ចុះទៅ​ក្រោម​សមុទ្រ ៧ ជាន់ ក៏​ខ្ញុំ​នឹង​ស្វែងរក​ពួកគេ​ឱ្យឃើញ​ដែរ​។ ការសង​សឹក​គឺជា​ទម្លាប់​របស់ខ្ញុំ​!”​។​

​អ្នកគាំទ្រ​មួយចំនួន​របស់លោក​ម៉ូ​ឌី​នៅក្នុង​ប្រទេស​ឥណ្ឌា​មើលឃើញ​ជំហរ​គឃ្លើន​របស់លោក​ម៉ូ​ឌី​មិនមែនជា​ការចង់បាន​សំឡេងឆ្នោត​នោះទេ ប៉ុន្តែ​ជាការ​វិលត្រឡប់​ទៅរក​ចំណង់​ចំណូលចិត្ត​ចាស់​និង​ការផ្តោត​សំខាន់​របស់គាត់​វិញ​។​

​នាង​ប្រាប​ទី បាត​តា​ឆា​យ៉ា និស្សិត​ផ្នែក​ច្បាប់​និង​ជា​អ្នកបោះឆ្នោត​លើកដំបូង​បាន​និយាយថា “​មិន​ថា​គេ​រិះគន់​គាត់​ទាក់ទង​នឹង​សេដ្ឋកិច្ច​និង​ការងារ​យ៉ាងណា​នោះទេ នៅ​ទីបំផុត​គាត់​បានធ្វើ​ការងារ​ដ៏​មិនគួរ​ឱ្យ​ជឿ​ដើម្បី​ផ្តល់​យុត្តិធម៌​សម្រាប់​ទាហាន​ដែល​ស្លាប់​”​។​

​នាង​បាន​និយាយថា “​មុននេះ ខ្ញុំ​ប្រហែលជា​បោះឆ្នោតឱ្យ​បក្ស​សមាជ​” ដែលជា​គណបក្សប្រឆាំង​ឈានមុខ​គេ​។ “​ប៉ុន្តែ​លើក​នេះ ខ្ញុំ​នឹង​បោះឆ្នោតឱ្យ​លោក​ម៉ូ​ឌី​”​។​

​លោក មី​ឡាន វ៉ៃ​សាវ (Milan Vaishnav) ប្រធាន​កម្មវិធី​អាស៊ី​ខាងត្បូង​នៃ​អង្គការ​ស្ថាបនា​សន្តិភាព​អន្តរជាតិ Carnegie បាន​និយាយថា​វិបត្តិ​ប៉ា​គី​ស្ថាន “​បានផ្តល់​ឱ្យ​គាត់​នូវ​ឱកាស​មាស​” ។​

​លោក​វ៉ៃ​សាវ​និយាយថា “​រឿង​មួយ​អំពី​វិបត្តិ​សន្តិសុខ​ជាតិ​គឺថា​វា​ដើរតួ​ជាការ​សម្រេចចិត្ត ភាពជា​អ្នកដឹកនាំ និង​ជាតិនិយម​។ ទាំងនេះ​គឺជា​លក្ខណៈពិសេស​ទាំង ៣ ដែល​គាត់​តែងតែ​សរសើរ​”​។​

​ទោះយ៉ាងណា នៅមាន​រឿងរ៉ាវ​ច្រើនណាស់​ដែល​អាច​កើតឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​

​ប្រទេស​ឥណ្ឌា​មាន​ប្រព័ន្ធ​សភា​ហើយ​ដើម្បីឱ្យ​លោក​ម៉ូ​ឌី​វិលត្រឡប់​ទៅកាន់​អំណាច​វិញ គណបក្ស Bharatiya Janata របស់លោក​ត្រូវតែ​ឈ្នះ​សំឡេង​ភាគច្រើន​នៃ​អាសនៈ​ចំនួន ៥៤៣ នៅក្នុង​សភា​ជាន់​ទាប ឬ​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ផ្សេងទៀត​។​

​រឿង​ដូចគ្នានេះដែរ​ក៏ត្រូវ​កើតឡើង​សម្រាប់​គណបក្ស​សមាជជាតិ​ឥណ្ឌា​ផងដែរ ដែល​ធ្លាប់​គ្រប់គ្រង​ប្រទេស​ឥណ្ឌា​បាន​៥០​ឆ្នាំ​អំឡុង​ការទទួលបាន​ឯករាជ្យ ៧១ ឆ្នាំ​របស់​ប្រទេស​នេះ​។​

​មេដឹកនាំ​បក្ស​សមាជ​លោក​រ៉ា​ហ៊ុល គ​ន្ធី (Rahul Gandhi) បាន​ប្តេជ្ញាចិត្ត​នាំយក​ការពិភាក្សា​រឿង​បោះឆ្នោត​ត្រឡប់មក​បញ្ហា​ក្នុងស្រុក​វិញ ជាជាង​ជជែក​តែ​រឿង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​។​

​ភាព​ងាយ​រងគ្រោះ​ដ៏​ធំ​បំផុត​របស់លោក​ម៉ូ​ឌី​គឺ​សេដ្ឋកិច្ច​។ ទោះបីជា​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​កើនឡើង ៦,៦ ភាគរយ​នៅក្នុង​ត្រីមាស​ថ្មី​បំផុត ដែល​នៅតែ​លឿន​ជាង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន​ក៏ដោយ​នោះ ក៏​វា​នៅតែ​ជា​អត្រា​ទាប​បំផុត​របស់​ឥណ្ឌា​ក្នុង​រយៈពេល ៥ ឆ្នាំ​មកនេះ​។​

​ជាមួយ​ប្រជាជន​ចំនួន ១,៣ ពាន់​លាន​នាក់​និង​ការកែលម្អ​ការអប់រំ ឥណ្ឌា​បាន​ផលិត​អ្នកស្វែងរក​ការងារ​ថ្មី​ជិត​កន្លះ​លាន​នាក់​ក្នុង​មួយខែ​។​

​នេះ​អាចជា​បន្ទុក​ដ៏​លើសលប់​សម្រាប់​មេដឹកនាំ​គ្រប់រូប​ហើយ​លោក​ម៉ូ​ឌី​បាន​ដំឡើង​ការរំពឹងទុក​កាន់តែ​ខ្ពស់​ដោយ​សន្យាថា​នឹង​បង្កើត​ការងារ​ចំនួន ១០ លាន ដែលជា​គោលដៅ​ដ៏​មាន​មហិច្ឆតា​បំផុត និង​ជាការ​សន្យា​ដែល​គាត់​មិនអាច​សម្រេចបាន​។​

​លោក ម៉ា​ហេស វី​យ៉ា​ស នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឃ្លាំមើល​សេដ្ឋកិច្ច​ឥណ្ឌា​បាន​និយាយថា “​យើង​មិនបាន​បង្កើត​ការងារ​ទេ​។ យើង​បាន​បាត់បង់​ការងារ​”​។​

​តាម​ការរាប់​របស់គាត់ ឥឡូវនេះ​ប្រទេស​ឥណ្ឌា​មានការ​ងារ​ប្រហែល ៤០០ លាន គឺ​ធ្លាក់ចុះ​បន្តិចបន្តួច​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។​

​បញ្ហា​មួយទៀត​សម្រាប់​លោក​ម៉ូ​ឌី​គឺ​ភាពមិន​ពេញចិត្ត​ក្នុងចំណោម​ពួក​តា​លី​ត (Talit)​។ ឋានានុក្រម​វណ្ណៈ​ចំណាស់​រាប់​សតវត្សរ៍រ​បស់​ឥណ្ឌា ជាមួយ​វណ្ណៈ​តា​លី​ត​នៅក្រោម​គេ វណ្ណៈ​ព្រា​ហ្ម​ឈរលើ​កំពូល​និង​វណ្ណៈ​ដទៃទៀត​ឈរ​នៅ​កណ្តាល​ក្បែរៗ​គ្នា នៅតែ​គ្របដណ្តប់​លើ​ជីវភាព​ប្រចាំថ្ងៃ​នៅក្នុង​តំបន់​ជាច្រើន ជាពិសេស​នៅ​ជនបទ​។​

​វណ្ណៈ​ទាប​ជាងគេ​នៅតែ​ប្រឈមមុខ​នឹង​ការរំលោភបំពាន​ដ៏​សាហាវ ហើយ​វណ្ណៈ​តា​លី​ត ដែល​តំណាងឱ្យ​អ្នកបោះឆ្នោត​ជិត ១០០ លាន​នាក់ មិនបាន​ទុកចិត្ត​លោក​ម៉ូ​ឌី​និង​គណបក្ស​របស់គាត់​ជា​យូរ​មកហើយ ដែល​បក្ស​គាត់​នេះហើយ​គឺជា​ឫសគល់​ក្នុង​ទស្សនៈ​ជាតិនិយម​ហិណ្ឌូ ដែល​គាំទ្រ​តែ​វណ្ណៈ​ខ្ពស់​និង​សង្កត់ធ្ងន់​តែ​ទៅលើ​សាសនា​ហិណ្ឌូ​ឥណ្ឌា​។​

​ប៉ុន្តែ​នៅក្នុង​ការបោះឆ្នោត​ចុងក្រោយ​នៅ​ឆ្នាំ ២០១៤ លោក​ម៉ូ​ឌី​បាន​លាតត្រដាង​ថា​គាត់​គឺមាន​ដើមកំណើត​ពី​វណ្ណៈ​តូច​ទាប​ដែរ ពោលគឺ​គាត់​ជា​កូនប្រុស​របស់​អ្នកលក់​តែ​ចេញពី​វណ្ណៈ​ទាប​។ ក្រុមអ្នកវិភាគ​បាន​និយាយថា ២៤​ភាគរយ​នៃ​ពួក​តា​លី​ត​បាន​បោះឆ្នោតឱ្យ​គណបក្ស​របស់គាត់ គឺ​កើនឡើង​ទ្វេដង​ធៀប​នឹង​ការបោះឆ្នោត​មុនៗ​។​

​លើក​នេះ​អាច​នឹងមាន​ភាពខុសប្លែក​គ្នា​យ៉ាងខ្លាំង ទោះបី​មាន​ហេតុការណ៍​ប៉ះទង្គិច​ជាមួយ​ប៉ា​គី​ស្ថាន​ក៏ដោយ​។​

​ក្រោម​ការដឹកនាំ​របស់​លោក​ម៉ូ​ឌី បទល្មើស​ស្អប់​មកលើ​វណ្ណៈ​តា​លី​ត​និង​ពួក​មូស្លីម​បាន​ផ្ទុះឡើង​កក្រើក​។ ពួក​តា​លី​ត​ត្រូវបាន​គេ​សម្លាប់ចោល ដោយ​គ្រាន់តែ​ជិះសេះ​ឬ​ចៀរ​យក​ស្បែក​គោ​។​

​លោក​ម៉ូ​ឌី​ខ្លួនឯង​មិនដែល​និយាយ​ប៉ះពាល់​ដល់​ជនជាតិភាគតិច​ទេ ប៉ុន្តែ​ក្រោយពី​មាន​អំពើហិង្សា​បែបនេះ​កើតឡើង គាត់​តែងតែ​នៅ​ស្ងៀម​ជានិច្ច​។​

​មន្ត្រី​ជាច្រើន​ក្នុង​គណបក្ស​របស់លោក​ម៉ូ​ឌី​រួមទាំង​ពួក​រដ្ឋមន្ត្រី​បាន​ចាត់វិធានការ​យ៉ាង​គឃ្លើន​នៅពេល​និយាយ​អំពី​ការការពារ​សត្វ​គោ ដែលជា​សត្វ​សក្ការៈបូជា​របស់​ហិណ្ឌូ ឬ ថែមទាំង​គាំទ្រ​អ្នក​កាប់​ចាក់​ក្នុង​សហគមន៍ ដែល​សម្លាប់​ពួក​មូស្លីម ឬ ពួក​អ្នក​កាប់​គោ​នៅ​វណ្ណៈ​ទាប​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ Straitstimes.com