រដូវ​ផ្លែទៀប​ទុំ​មកដល់​ហើយ​តែ​ខ្សត់​អ្នកទិញ​ហើយ​បើ​ទិញ​មានការ​ញញើតញញើម​ ​

1616
ចែករម្លែក

(​កំពង់ចាម​)៖​ផ្លែទៀប​ចាស់​និង​ទុំ​បានរៀបចំ​ដាក់តាំង​លក់​ក្នុង​កញ្ច្រែង​ជ័រ​ជា​បណ្តើរៗ​ហើយដោយ​គិត​ខ្នាត​លក់​ឬ​រង្វាស់រង្វាល់​ជា​«​ផ្លូន​»​នៅលើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​ប្រាំពីរ​ក្នុងភូមិ​អ​ង្គួ​ញ​ដី​ឃុំ​ក្រឡា​ស្រុក​កំពង់សៀម​។​ទៀប​ឆ្នាំនេះ​មានតម្លៃ​ថោក​ជាង​ឆ្នាំមុន​ក្នុង​មួយ​ផ្លូន​មួយ​ម៉ឺន​ទៅ​បី​ម៉ឺន​រៀល ក៏ប៉ុន្តែ​វា​មិនសូវមាន​អ្នកដំណើរ​តាម​រថយន្ត​ចុះ​ទិញ​នោះទេ​បើ​មាន​អ្នក​ចូល​ទិញ​ក៏​ហាក់បីដូចជា​ញញើតញញើម​បាន​ផ្តើម​​សំណួរ​ថា​ទៀប​ដាំ​នៅ​ស្រុក​យើង​ឬ​ក៍​មកពី​ប្រទេស​វៀតណាម ?
​ ​
​ឆ្លើយតប​នឹង​សំណួរ​អតិថិជន ជា​អ្នកទិញ​ផ្លែឈើ​បរិភោគ​នេះ ប្រធាន​មន្ទីរ កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​បាន​លើក​​ឡើង​ថា សូមកុំ​បន្តុះបង្អាប់​និង​មានចិត្ត​ចង្អៀតចង្អល់ លើ​ផលិតផល​របស់​ប្រជាកសិករ​ខ្មែរ យើង​អី​។ សូម​បើក​ចិត្ត​ឲ្យ​ទូលាយ​និង​ចាប់យក​ទស្សន​:​ពិចារណា​គ្រប់​ជ្រុងជ្រោយ នាំគ្នា​លើកតម្កើង​ផលិតផល​ក្នុង ស្រុក​ខ្មែរ​យើង​ហើយ​លទ្ធផល​ចុងក្រោយ​អ្នក​ដែល​រងគ្រោះ​គឺ​កសិករ​ជា​អ្នក​ផលិត​ដាំ​ដុះ​នេះ​ជាក់​ជាពុំខាន​ឡើយ​។​
​ ​
​លោក​ប្រធាន​មន្ទីរ​បន្តថា ចំណែក​ផលិតករ​ជា​អ្នក​ដាំ​ដុះ​វិញ​ត្រូវមាន​ជំនឿ​ចិត្ត​ថា ផលិតផល​របស់ខ្លួន​មាន​គុណភាព​ពោលគឺ​ធានា​គ្មាន​​សារធាតុ​គីមី​ឬ​ជាតិពុល​ច្រើន​លើស​កម្រិត​បច្ចេកទេស​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​ពិសេស​ត្រូវ​យល់ដឹង​ថា​វា​មិនមែន​ដាំ​ដុះ​សម្រាប់តែ​លក់​ឲ្យ​អ្នក​បរិភោគ​ទេ​បង្ក​គ្រោះថ្នាក់​មុនគេ​បង្អស់​គឺ​អ្នក​ដាំ​អ្នក​ផលិត​នោះឯង​ក៏​ជួប​បញ្ហា​នេះដែរ​។​

​អង្គុយ​ញញឹម​លើ​គ្រែ​ក្រង​សក់​ឲ្យ​កូនស្រី​បណ្តើរ​ស្ត្រី​ម្នាក់​ជា​អ្នកលក់​ផ្លែទៀប​នៅ​ចិញ្ចើមផ្លូវ​ក្នុងភូមិ​អ​ង្គួ​ញ​ដី​ឃុំ​និយាយ​ប្រាប់ថា​ឆ្នាំ​២០១៧​នេះ​លក់​ផ្លែទៀប​មិនសូវ​ដាច់​ច្រើន​ទេ​ក្នុង​មួយថ្ងៃ​លក់បាន​ពីមួយ​ផ្លូន​(៥៤​ផ្លែ​)​ទៅ​ប្រាំបី​ផ្លូន​។ ក្នុងនោះ​ទៀតសោត​អ្នកទិញ​ភាគច្រើន​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្នុងចំណោម​១០​នាក់​មាន​បីនាក់ ដែល​តែងតែ សួរ​អំពី​ប្រភព​ផ្លែទៀប​ដែល​ដាក់លក់​នេះ​ថា​ដាំ​បេះ​ក្នុងស្រុក​យើង​​ឬក៏​យកមក​ពី​វៀតណាម ?
​ ​
​អ្នកលក់​ផ្លែទៀប​ដែល​វ័យ​៣០​ឆ្នាំឈ្មោះ អ៊ឹម ចាន់​ឌី​រូបនេះ​បាន​ឆ្លើយតប​ទៅវិញ​ថា​«​ម្ចាស់​ចម្ការ​បាន​ដឹក​ជ​ញ្ជួ​ន​តាម​ម៉ូតូ​ពី​ខាង​បុសខ្នុរ​​ស្រុក​ចម្ការលើ​និង​ពី​ខាង​ស្រុក​កំពង់សៀម​»​។

​អ្នកលក់​ទៀប​បានកត់សម្គាល់​អ្នកទិញ​ថា​ក្នុងនោះ​បើ​ទិញ​ទៀប​ហាក់​មានការ​ញញើតញញើម​ផ្លែទៀប​និង​ទិញ​មិនបាន​ច្រើន​ផ្លូន​ដូច​ឆ្នាំ​កន្លងទៅ​នោះទេ​។​
​ ​
​អ្នកស្រី ចាន់​ឌី បាន​ពោល​ទៀតថា​ឆ្នាំ​២០១៦​សប្បាយ​លក់​ណាស់​!​ម៉ូយ​ដឹក​មកដល់​អ្នកទិញ​ចុះ​ពី​រថយន្ត​មក​ប្រមូលយក​ទាំងអស់​។​ដោយ​​លក់​តម្លៃ​តាម​ទំហំ​ផ្លែទៀប​ខ្នាតតូច​និង​ធំ​ពីមួយ​ផ្លូន​តម្លៃ​បួន​ម៉ឺន​-​ប្រាំពីរ​ម៉ឺន​រៀល​មិន​ពិបាក​លក់​ដូច​ឆ្នាំនេះ​ទេ​។​ឥឡូវនេះ​ទៀប​ទើប​ដល់​លើកដំបូង​ផង​ចុះបើ​ប្រហែល​ពីរ​សប្តាហ៍​ទៀត​ខាងមុខ​ផ្លែទៀប​នឹង​ដល់​ជន់​ពេញបន្ទុក​វា​នឹង​ច្បាស់​ជា​ទុំ​នៅសល់​មិន​ខាន​ទេ​។​
​ ​
​លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឆ្លើយតប​បញ្ហា​ធ្លាក់ចុះ​តម្លៃ​ផ្លែទៀប​នេះ​ប្រាប់​ភ្នាក់ងារ​រស្មី​កម្ពុជា​ថា​ការធ្លាក់​តម្លៃ​ផ្លែទៀប​ក៏​ដូច​ផ្លែឈើ​ក្នុងស្រុក​ដទៃ​ផ្សេងទៀត​ដែរ​និង​ខ្សត់​អ្នកទិញ​វា​ទំនងជា​អ្នកទិញ​ផ្លែឈើ​យកទៅ​បរិភោគ​ទាំងនោះ អាច​ស្រមៃ​ថា​ឆ្នាំ​២០១៧​នេះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង​បង្ក​ឲ្យ​សត្វ​រុយ​ទិច​ឬ​ចោះ​ផ្លែ​បង្ក​ជា​សត្វ​ដង្កូវ​ធ្វើ​ឲ្យ​ញញើត​ខ្ពើមរអើម​និង​បារម្ភ​​ចំពោះ​សុខភាព​។​ម្យ៉ាង​អ្នក​និយម​បរិភោគ​អាច​ទទួលបាន​ព័ត៌មាន​ខ្វះ​តុល្យភាព​តាម​ប្រព័ន្ធ​សង្គម​នានា​ថា​ផ្លែឈើ​ដាក់លក់​ចិញ្ចើមថ្នល់​​ភាគច្រើន​នាំចូល​ពី​ប្រទេសជិតខាង​ដែល​ប្រើប្រាស់​សារធាតុ​គីមី​លើសកម្រិត​ប៉ះពាល់​ដល់​សុខភាព​។​
​ ​
​លោក​ប្រធាន​មន្ទីរ​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា ក្នុងនាម​រូបលោក​ជា​ប្រធាន​មន្ទីរ​កសិកម្ម​សូម​ធ្វើការ​ផ្តាំផ្ញើ​ដល់​អ្នកទិញ​យកទៅ​ទទួល​​ទាន​ថា​សូមជួយ​បង្កើត​ទស្សន​:​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពិសេស​គួរ​នាំគ្នា​លើកតម្កើង​ផលិតផល​ខ្មែរ​កុំ​បន្តុះបង្អាប់​និង​កុំ​មាន​​គំនិត​ចង្អៀតចង្អល់​ពោលគឺ​បើ​ប្រកាន់​ទស្សន​:​បែបនេះ​បន្តទៀត​ចុងបញ្ចប់​អ្នករងគ្រោះ​គឺ​កសិករ​ខ្មែរ​ជា​អ្នក​ផលិត​លក់​មិន​ចេញ​ខាត​​ប្រាក់​ដែល​ខ្ចីបុល​គេ​ប្រឈម​នឹង​ចំណាកស្រុក​។​
​ ​
​លោក សាវឿន បាន​ផ្តាំផ្ញើ​ចំពោះ​កសិករ​ខ្មែរ​វិញ​ម្តងថា​ផលិតករ​ឬ​កសិករ​ត្រូវមាន​ជំនឿ​ចិត្ត​ថា​ខ្លួនឯង​ជា​ផលិត​ច្បាស់​ថា​មានគុណ​ភាព​គឺ​អ្នក​ផលិត​ដាំ​ដុះ​នេះហើយ​ដែល​ខ្លួន​ជា​អ្នក​បរិភោគ​មុនគេ​បង្អស់​។​ដូច្នេះ​កសិករ​ជា​អ្នក​ដាំ​ដុះ​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់​សារធាតុ​គីមី​ផ្សេងៗ ជៀសវាង​ប្រើ​ជីគីមី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ឲ្យ​បាន​សមស្រប​តាម​លក្ខណ​:​បច្ចេកទេស​កុំ​ប្រើ​ឲ្យ​ហួស​ឬ​លើស​ការកំណត់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​
​ ​
​លោក សាវឿន បាន​បន្តថា​ផលិតផល​មានតម្លៃ​ឬ​គុណភាព​និង​មាន​ទំនុកចិត្ត​ពី​អ្នកទិញ​ត្រូវតែ​ធានា​និង​ជឿជាក់​ពី​អ្នកទិញ​ជា​អតិថិជន​ពិសេស​ឲ្យ​ជឿ​បាន​ថា​ទំនិញ​គ្មាន​ជាតិគីមី ឬ​ជាតិពុល​ច្រើន​រូបរាង​សម្បក​ផ្លែ​ស្អាត​ល្អ និង ផលិត​ឲ្យ​ទាន់​តម្រូវការ​អ្នក​បរិភោគ​។​ជាមួយ​នោះ​នៅពេល​ខាងមុខនេះ​ខាង​លោក​នឹង​បង្កើត​ការត្រួតពិនិត្យ​លើ​ផលិតផល​ក្នុងស្រុក​ដើម្បី​បញ្ជាក់ជូន​អ្នកទិញ​ថា​ពិតជា​ផលិតផល​ក្នុងស្រុក​មែន​គ្មាន​សារធាតុ​គីមី​ធានា​នូវ​សុវត្ថិភាព​សុខភាព​មានន័យថា ជាការ​អនុវត្តន៍​កសិក​ម្ម​ល្អ​៕