រដ្ឋបាលខេត្ត​កែប​បង្កើន​សម្រស់​ក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​ដោយ​ដាំ​ដើម​រំដួល​បន្ថែម​

509
ចែករម្លែក

ដោយ​: បូកគោ​
​កែបៈ
ក្នុង​បំណង​បង្កើន​សម្រស់​បែប​ធម្មជាតិ ដែលជា​សក្តានុពល​សម្រាប់​ផ្នែក​ឧស្សាហកម្ម​គ្មាន​ផ្សែង រដ្ឋបាលខេត្ត​កែប​បាន​ដាំ​ដើម​រំដួល​ដែលជា​តំណាងឱ្យ​អត្តសញ្ញាណ​ជាតិខ្មែរ​បន្ថែម លើ​បរិមាណ​កំពុងមាន​វត្ត​មាន​រាប់រយ​ដើម ក្នុង​ក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​ប្រណីត​មួយ​នេះ​។​

​ក្នុង​ពិធី​ដាំ​ដើមឈើ​នៅ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា កន្លងមក​រដ្ឋបាលខេត្ត​បាន​ដាំ​ដើម​រំដួល​ជាង​៤០០​ដើម​រួចមកហើយ ដើម្បី​លម្អ​ទីក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​ឱ្យ​កាន់​តែមាន​សក្តានុពល​។ ដោយឡែក​នៅពេលនេះ រដ្ឋបាលខេត្ត​នឹង​បន្ត​ដាំ​ដើម​រំដួល​ចំនួន​១០០​ដើម​បន្ថែមទៀត បំណង​ប្រែក្លាយ​ក្រុងកែប​ជា​ក្រុង​ទេសចរណ៍​លម្អ ដោយ​ផ្កា​ចម្រុះ​ពណ៌​គ្រប់កន្លែង​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ដើម្បី​បានសម្រេច​តាម​បំណង ការដាំ​ដើម​រំដួល ក៏​ដូច​រុក្ខជាតិ​ផ្សេងៗ​ទៀត​ចាំបាច់​ត្រូវតែ​បន្ត​ថែរក្សា ស្រោច​ទឹក​ដាក់​ជី​ជាប្រចាំ មិនមែន​បញ្ចប់​ត្រឹមតែ​ជីករណ្តៅ​កប់​គល់ រួច​ដើរចេញ​នោះទេ​។ ជាក់ស្តែង​ដើម​គ្រញូង​ដែល​ព្រះមហាក្សត្រ​ប្រទាន​កាលពី​ឆ្នាំ​២០១៤ ហើយ​រដ្ឋបាលខេត្ត​កែប​យកមក​ដាំ​លើ​សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន ក្បែរ​ចំណុច​វិមានឯករាជ្យ​ក្រោម​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​នោះ ពេលនេះ​បាន​លូតលាស់​ល្អ និង​ផ្តល់​ម្លប់​ដ៏​ត្រឈឹងត្រឈៃ​ទៀតផង​។ រដ្ឋបាលខេត្ត​កែប​នឹង​រក្សា​ដើម​គ្រញូង​នេះ​ទុកជា​និមិត្តរូប និង​ចារ​ជា​ប្រ​វ​តិ្ត​ដើម្បី​បាន​រំលឹក​ឡើងវិញ​នូវ​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះអង្គ​បាន​តស៊ូ​រហូត​ទទួលឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​នា​ឆ្នាំ​១៩៥៣​នោះ​៕ ល​