រដ្ឋបាលខេត្ត​កំពង់ចាម​រកឃើញ​ឃុំ​សង្កាត់​ផ្តល់​សេវាសាធារណៈ​ល្អ​នោះ​ហើយ

692
ចែករម្លែក

ដោយ:ប៉ខុន/ភ្នំពេញ ៖ ​ឃុំ សង្កាត់​ចំនួន​១១ នៅក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១០៩ ក្នុង​ខេត្តកំពង់ចាម ទទួលបាន​ចំណាត់ថ្នាក់​ល្អ ពី​កម្មវិធី​ប្រឡងប្រណាំង​ផ្តល់សេវា​សាធារណៈ​​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។ កម្មវិធី​នេះ​នឹង​ផ្តល់ជូន​ឃុំ សង្កាត់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​នូវ​ទឹកប្រាក់​ចំនួន​១០​លាន​រៀល លេខ​២​ចំនួន​៥​រៀល​និង​លេខ​៣​ចំនួន​៣​លាន​រៀល នា​ដំណាច់ឆ្នាំ​២០១៨​នេះ​។​

លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៨​ថា     កម្មវិធី​ប្រឡងប្រណាំង​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ នៅតាម​ឃុំ​សង្កាត់ បាន​ជម្រុញ​ឲ្យ​អនុវត្ត​តាំងពី​ចុងឆ្នាំ​២០១៧  តែ​ការ​អនុមតិ​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​ពី​ក្រុមប្រឹក្សា​ខេត្ត   ទើបតែ​បានចាប់ផ្តើម​នៅក្នុង​ខែតុលា​ឆ្នាំ​២០១៨ តែ​ចាប់ពី​ឆ្នាំ​២០១៩​ទៅ គឺ​អនុវត្ត​ចាប់ពី​ដើមឆ្នាំ​ទៅហើយ​។​

ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ   នៅតាម​មូលដ្ឋាន​នៃ​ឃុំ​សង្កាត់​ទូទាំង​ខេត្តកំពង់ចាម​ពេញ​មួយឆ្នាំ​២០១៨​កន្លងទៅនេះ ត្រូវបាន​លោក គួច ចំរើន​វាយតម្លៃថា​ធ្វើ​បានល្អ​ច្រើន គឺមាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​ប្រជាពលរដ្ឋ  ឯ​អាជ្ញាធរ​មូលដ្ឋាន​ក៏​រីករាយ​និង​មាន​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ    ក្នុង​ការចុះ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដល់​តាម​ខ្នង​ផ្ទះ រោងបុណ្យ និង រោងការ​។​

លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា   ឆ្លង​តាមរយៈ​ការផ្តល់​សេវាសាធារណៈ​ដោយមាន​ការប្រឡងប្រណាំង   បាន​ជម្រុញ​ដល់​មន្ត្រី​ពាក់​ព​ន្ធ័​ខិតខំ​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​មិន​រើស​ពេលវេលា​និង​ទីកន្លែង​។​ឃុំ​សង្កាត់​ដែល​បម្រើសេវា​ល្អ​ត្រូវបាន​ដាក់ពិន្ទុ​តាមរយៈ​ចំនួន​ចុច​LIKE    នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​កាលពី​ក្នុង​ខែតុលា​កន្លង​ទៅបាន​រក​ឃើញ​ឃុំ​និង​សង្កាត់ មាន​ចំណាត់ថ្នាក់​លេចធ្លោ​នោះ​ហើយ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា​នៅ​ទូទាំង​ខេត្តកំពង់ចាម​មាន​ឃុំ​និង​សង្កាត់​សំនួន​១០៩​ដែល​ត្រូវធ្វើ​ការប្រឡងប្រណាំង​ផ្តល់​សេវាសាធារណៈ  ។  ឃុំ​សង្កាត់​ដែល​បម្រើសេវា​បាន​ចំណាត់ថ្នាក់​លេខ​១​ទទួលបាន​ថវិកា​១០​លាន​រៀល លេខ​២​ចំនួន​៥​លាន​រៀល​និង​លេខ​៣​ចំនួន​៣​លាន​រៀល​។​

​ឃុំ​សង្កាត់​ចំនួន​១១​ដែល​រួមមាន​ឃុំ​សង្កាត់​វាលវង់ មេស ជ្រៃ​គគរ ព្រែកកក់​ល្វេ មហាខ្ញូង ព្រែក​ក្របៅ កំពង់​រាប សូរគង ខ្ចៅ និង កំពង់ចាម​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា    នៅក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ   កាលពី​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៨ បាន​មានប្រសាសន៍​ទៅកាន់​មន្ត្រី​ដែល​ភាគច្រើន​មកពី​តាម​ភូមិ​ឃុំ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ថា​មន្ត្រី​នៅតាម​មូលដ្ឋាន​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ដល់​តាម​ខ្នង​ផ្ទះ   ដើម្បី​ឈានទៅ​លប់បំបាត់​នូវ​ការ​ថ្នាំងថ្នាក់​ដែល​កើតមាន​ពីមុនមក​៕B/


​​