ដោយ: សន សក្តា / កំពង់ឆ្នាំង: នារាត្រីថ្ងៃ១៥កើត ខែកត្តឹក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបុណ្យអកអំបុកសំពះព្រះខែ នៅវត្តទេពធីតារាម (វត្តយាយទេព ) ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ពិធីបុណ្យអកអំបុក សំពះព្រះខែ នៅវត្តយាយទេព នារាត្រីនោះ មានការអញ្ជើញចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោស្រី ឈឹម ស្រីមុំ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និង ប្រជាពរដ្ឋផងដែរយ៉ាងច្រើនកុះករ ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យមានសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍរីកចម្រើន ឈានឡើងលើគ្រប់វិស័យ។ ប្រជាជនទូទាំងប្រទេស កាន់តែមានជីវភាពល្អប្រសើរឡើង មានសុភមង្គលក្នុងគ្រួសារ និង មានសិទ្ធិសេរីភាពពេញលេញ ក្នុងជំនឿខាងសាសនា ។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ព្រះរាជពិធីបុណ្យអកអំបុកសំពះព្រះខែ និងបណ្តែតប្រទីបឆ្នាំនេះ បានផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ថ្ងៃទី៩ វិច្ឆិកា គឺការពិសារអំបុកសាមគ្គី រួមគ្នាការពារសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រដោយបានបង្ហាញ ពីការសាមគ្គីភាព ឯកភាពជាតិខ្មែរតែមួយ រួមគ្នាថែរក្សាសន្តិភាព និងប្រឆាំងដាច់ខាតក្រុមជ្រុលនិយមមួយក្តាប់តូចរបស់ទណ្ឌិតសម រង្ស៊ី ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲដឹងទៀតថា ពិធីបុណ្យអកអំបុក និងសំពះព្រះខែ ត្រូវបានប្រជាពលរដ្ឋខ្មែរយើង ធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាសត្វទន្សាយ។ ហើយទន្សាយដែលជាតួអង្គព្រះពោធិសត្វ ប៉ងនឹងលះបង់អាយុសង្ខារ ដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី។ រឿងរ៉ាវដែលទាក់ទងនឹងព្រះពោធិសត្វដូច្នេះហើយ ដែលនាំឲ្យអ្នកស្រុកតែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និង ទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ។
សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យអកអំបុក និងសំពះព្រះខែ នៅវត្តទេពធីតារាមឆ្នាំនេះ បានប្រព្រឹតទៅតាមទំនាមទម្លាប់ ដោយមានពិធីសម្រក់ទៀនផ្សងប្រផ្នូរមើលទឹកភ្លៀងសម្រាប់ឆ្នាំ២០២ ដោយការសម្តែងក្បាច់គុណល្បុក្កតោនិងការ បង្ហោះគោម ផងដែរ៕ ល