ចែករម្លែក

ដោយ:​ប​.​ខុន​/ភ្នំពេញ ៖ ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​ទំនងជា​ប្តូរ​គំនិត​ពី​គម្រោង​ដាំ​ដើម​សាគូ​រ៉ា ទៅ ដាំ​ដើម​នាងនួន​ជំនួស​វិញ នៅលើ​សួនច្បារ​ពុះ​ចែកផ្លូវ ចាប់ពី​ផ្លូវជាតិ​លេខ​៧​ដល់ សាលាខេត្ត​ត្បូងឃ្មុំ​ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៦​គីឡូម៉ែត្រ ក្រោយពី​មានការ​រិៈ គន់​បន្ទាប់ពី​បាន ដាំ​រួច ប្រមាណ​ជា​៤០​ដើម ថា​ជា​ឈើ​ផ្កា​គ្មាន​អត្តសញ្ញាណ​ជាតិ រួចមក​។​

កាលពី​ថ្ងៃទី​១០​ខែតុលា​កន្លងទៅនេះ លោក ជាម ច​ន្ទ័​សោ​ភ​ណ័ អភិបាល ខេត្ត​ត្បូង​បាន​ដឹកនាំ​មន្ត្រី​នៅក្នុង​ខេត្ត​ដាំ​ដើម​សាគូ​រ៉ា​ដែលជា​ប្រភេទ​ឈើ​ផ្កា​នាំមក ពី​ប្រទេស​ជប៉ុន​នៅលើ​សួន​ពុះ​ចែកផ្លូវ​តាម​គម្រោង​ជំហានៗ​របស់​រដ្ឋបាលខេត្ត ។ ការដាំ​ដែល​គេ​មើលឃើញ​ទើបបាន​ប្រមាណ​ជា​៤០​ដើម​ក៏​ត្រូវបាន​ផ្អាក​ទៅវិញ​។​

មន្ត្រីខេត្ត​ត្បូងឃ្មុំ​មួយរូប​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ ២០១៩​ថា​ការផ្អាក​ដាំ​ដើម​សាគូ​រ៉ា​នេះ​ទៅវិញ​ដោយសារ​មានការ​រិៈ​គន់​យ៉ាង​ចាស់ដៃ​ពី​ប្រជាពលរដ្ឋ និង​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល ដែល​ចុះជួយ​ការងារ ខេត្ត នេះ ថា​ដើមឈើ ដែល​ខេត្ត​បាន​ដាំ​តាមផ្លូវ​ក្នុង​ខេត្ត​គ្មាន​អត្តសញ្ញាណ​ជាតិ​រួចមក​។​

លោក​ ជាម ច​ន្ទ័​សោ​ភ​ណ័ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង នៅ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៩​ថា​ការដាំ​ដើមឈើ​លើ​សួនច្បារ​ពុះ​ចែកផ្លូវ​ក្នុង​ក្រុង ត្បូងឃ្មុំ​ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត​ដែល​ធ្វើជា​ជំហានៗ ដោយ​កាលពីពេល​ថ្មីៗ កន្លងទៅនេះ រដ្ឋបាលខេត្ត​បានដាក់​ដាំ​ដើម​សាគូ​រ៉ា​ប្រមាណ​ជិត​២០០​ដើម លើផ្លូវ ចូល​សាលា ខេត្ត​(​ចាប់​ផ្លូវជាតិ​លេខ​៧)​ហើយ​និង​បន្ត​ពី​ដើម​សាគូ​រ៉ា គឺ​ដើម​នាង​នួ​ង និង​ដើម​ធ្នង់​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ដើម​សាគូ​រ៉ា​មាន​ចំនួន​មិន​គ្រប់​សម្រាប់ ដាំ​លើ​សួនច្បារ​ចែកផ្លូវ​ដែលមាន​ចម្ងាយ​ប្រមាណ​ជា​៦​គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ ៧ ដល់​សាលាខេត្ត​នេះ​ទេ។ រដ្ឋបាលខេត្ត​បានសម្រេច​ដាំ​ដើម​នាងនួន ទាំងអស់ លើ សួនច្បារ នៅ​កណ្តាលផ្លូវ​និង​នៅ​សងខាង​ផ្លូវ​គឺ​ដាំ​ដើម​ឆ្នង់​ដែលមាន​កម្ពស់​ពី​បី ទៅ​បួន​ម៉ែត្រ មាន​ចំនួន​រាប់ពាន់​ដើម ។ នៅលើ​ផ្លូវ​នេះ​ក៏ត្រូវ​បានរៀបចំ​សួនផ្កា និង ភ្លើង​បំភ្លឺ​ផ្លូវ ផង ដែរ​។​

លោក​ជាម ច​ន្ទ័​សោ​ភ​ណ័​និយាយ​ឱ្យដឹងទៀតថា​ក្រៅពី​ដាំ​ដើម​នាងនួន​និង ដើម​ធ្នង់​នៅលើ​ផ្លូវ​ខាងលើ រដ្ឋបាលខេត្ត​ក៏មាន​គម្រោង​ដាំ​ដើម​លឿង​រាជ ក្ងោក និង​ដើម​ត្របែកព្រៃ​នៅ​សងខាង​ខ្សែ​ផ្លូវ​ផ្សេងទៀត​ដែលមាន​នៅក្នុង​ក្រុង​នេះ ធ្វើ យ៉ាងណា​ឱ្យ​ទីក្រុង​របស់​ខេត្ត​ទើប​បង្កើត​ថ្មី​នេះ មាន​សោ​ភណ្ឌ​ភាពល្អ និង រក្សា បាន​នូវ​អត្តសញ្ញាណ​ជាតិ​។​

រំលឹក​ឱ្យដឹងថា​ខេត្ត​ត្បូងឃ្មុំ គឺជា​ខេត្ត​បង្កើត​ថ្មី​កាត់​ដី និង ប្រជាជន​ចេញពី ការ​គ្រប់​គ្រង់​របស់​ខេត្តកំពង់ចាម ដោយមាន​សាលាខេត្ត​តាំង​នៅលើ​ភូមិសាស្ត្រ អតីត​ចម្ការ​ម៉ៃសាក់​ប្រមាណ​ជា​៣០០​ហិកតា​ដូច្នេះ​គេ​មិន​គួរឱ្យ​បាត់​ចម្ការ​ម៉ៃសាក់ ទាំងស្រុង​ពី​ក្នុង​ក្រុង​របស់​ខេត្ត​ទេ​៕B/