រដ្ឋបាលខេត្ត​ប្រកាស​ជូនដំណឹង​ការធ្វើដំណើរ​តាម​រថយន្តក្រុង​ដោយ​ឥត​បង់ថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

149
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ដោយ​ផ្អែកលើ​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​បាន​ជម្រាប ជូន​សារ​ធារ​ណ​ជន​ថា​៖​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​សម្តេច​អគ្គ​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​ផ្តល់ជូន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​កម្មករ​កម្មការិនី​សិស្ស​និស្សិត​ទាំងអស់ ។​

​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ជួបជុំ​បងប្អូន​ក្រុមគ្រួសារ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​និង​ពី​បណ្តា​ខេត្ត​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​ដោយ​ឥត​បង់ថ្លៃ​សម្រាប់​ការធ្វើដំណើរ​តាម​រថយន្តក្រុង (City Bus)​និង​តាម​កាណូត​សាធារណៈ​(TaxBoat) របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​។​

​តាម​ខ្លឹមសារ​នៃ​លិខិត​បាន​បញ្ជាក់ថា​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​(CityBus)​រាជធានី​ភ្នំពេញ​បានរៀបចំ​រថយន្ត​ចំនួន​១៥​គ្រឿង​សម្រាប់​បម្រើ​ដល់​ការដឹកជញ្ជូន​ពី​រាជធានី​ភ្នំពេញ​មក​ខេត្តសៀមរាប​និង​ការដឹកជញ្ជូន​ពី​ខេត្តសៀមរាប​ទៅ​រាជធានី​ភ្នំពេញ​វិញ​តាម​ពេលវេលា​និង​ទីតាំង​ចំណត​ដូចខាងក្រោម​៖

១. ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ មក​ខេត្តសៀមរាប ទីតាំង​ចំណត​រង្វង់​មូល​ទេព​មច្ឆា (​ជ្រោយចង្វារ ) រៀងរាល់​ម៉ោង ៥៖៣០​នាទី​ព្រឹក និង ៥៖៣០​នាទី​រសៀល ចាប់ពី​ថ្ងៃទី​២៦-២៩ ខែកញ្ញា ឆ្នាំ​២០១៩​។​២.​ចេញដំណើរ​ពី​ខេត្តសៀមរាប​ទៅ​រាជធានី​ភ្នំពេញ​ទីតាំង​ចំណត​ចំណតរថយន្ត​ប៉ែក​ខាងកើត​(​បុរី​សៀង​ណាំ​)​រៀងរាល់​ម៉ោង​១​និង​៣០​នាទី​រសៀល​ចាប់ពី​ថ្ងៃទី​២៦=២៩​ខែកញ្ញា​ឆ្នាំ​២០១៨​និង​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​សម្រាប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ៕S/

​រូ​បថ​តៈ​រដ្ឋបាល​ខេត្តសៀមរាប​ប្រកាស​ជូនដំណឹង អំពី​ការធ្វើដំណើរ​តាម​រថយន្តក្រុង (City Bus) ដោយ​ឥត​បង់ថ្លៃ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែកញ្ញា​(​គូលែន​)​