រដ្ឋបាលខេត្ត​ពិភាក្សា​លើ​សំណើ​បង្កើត​តំបន់ការពារធម្មជាតិ​បួន​កន្លែង​

907
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ផ្អែក​តាម​សំណើ​របស់​ក្រសួងបរិស្ថាន​ស្តីពី​ការបង្កើត​តំបន់ការពារធម្មជាតិ​បួន​កន្លែង ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ រដ្ឋបាលខេត្ត​ដែលមាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ជា​សេនាធិការ​បាន​បើក​កិច្ចប្រជុំ​ដើម្បី​សិក្សា​ពី​ភាព​ចំណេញ និង​បញ្ហា​ប្រឈម​ផ្សេងៗ​។

​ក្រោយ​បញ្ចប់​កិច្ច​ពិគ្រោះ​យោបល់ លោក​ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​រៀបរាប់ថា ផ្អែក​តាម​លិខិតផ្លូវការ​របស់​ក្រសួងបរិស្ថាន​ដែល​បាន​ដាក់ចូល​រដ្ឋបាលខេត្ត​កំពត​កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​ផ្តល់​ការឯកភាព និង​ហត្ថលេខា​លើ​ផែនទី​អំពី​ការសុំ​បង្កើត​តំបន់ការពារធម្មជាតិ​បួន​កន្លែង​បន្ថែមទៀត​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ កិច្ចប្រជុំ​មួយ​បាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​លោក​ជាវ តា​យ អភិបាល​ខេត្តកំពត ដោយមាន​ការចូលរួម​ពី​គ្រប់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​។​

​លោក​អភិបាល​បាន​គាំទ្រ​ចំពោះ​សំណើ​របស់​ក្រសួង តែ​ត្រូវការ​ស្តាប់​យោបល់​ពី​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​លើ ភាព​ចំណេញ និង​បញ្ហា​ប្រឈម​ចំពោះ​ការបង្កើត​នូវ​តំបន់ការពារធម្មជាតិ​ទាំងនោះ​។ ដូច្នេះ នា​សប្តាហ៍​ក្រោយ​នឹងមាន​កិច្ចប្រជុំ​បន្តទៀត​ដើម្បី​ឈានទៅ​សម្រេច​លើ​សំណើ​របស់​ក្រសួងបរិស្ថាន​ជុំវិញ​បញ្ហា​នេះ​។ លោក​ប្រធាន​មន្ទីរ​បាន​រំលឹកថា​មុននឹង​ឈានដល់​ការដាក់សំណើ​ចូល​រដ្ឋបាលខេត្ត ក្រសួង​បាន​ចុះ​ធ្វើការ​សិក្សា​ទីវាល​ជាក់ស្តែង​ដោយ​វាយតម្លៃ​ពី​ស្ថានភាព​ធនធាន​ព្រៃឈើ សារពើភ័ណ្ឌ​រុក្ខជាតិ សក្តានុពល​នៃ​ប្រព័ន្ធ​អេកូ​ឡី​ស៊ី​នៅតាម​តំបន់​មួយចំនួន​។ បេសកកម្ម​នោះបាន​ធ្វើ​លើ​តំបន់ភ្នំ​កំពង់ត្រាច ភ្នំ​ក្បាល​រមាស ភ្នំ​ឈ្ងោក ភ្នំ​ដំរី ភ្នំ​ផ្អាវ និង​ភ្នំ​ល្អាង​។ ក្រោយ​ការស្រាវជ្រាវ​ក្រុមការងារ ក៏បាន​រៀបចំ​សិក្ខាសាលា​បើក​កិច្ច​ពិគ្រោះ​យោបល់ នៅ​ខេត្តកំពត ដោយមាន​ការចូលរួម​សហការ​ពី​អង្គការ IUCN ដែលជា​ដៃគូ​ដ៏​សំខាន់​ផងដែរ​។

​លោក​ស៊ុយ ធា​បាន​បញ្ជាក់ថា​តំបន់ភ្នំ​ទាំងនេះ​ជា​ប្រភេទ​ភ្នំ​ថ្មកំបោរ​មាន​លក្ខណៈ​ជីវសាស្ត្រ​ល្អប្រសើរ​សម្រាប់​ប្រភេទ​ល្មូ​ន​ដោយ​រកឃើញ​ពពួក​ថ្មី​ប្រចាំ​តំបន់​ចំនួន​បី​ប្រភេទ​។ សម្រាប់​រុក្ខជាតិ​វិញ​ក៏បាន​រកឃើញ​ពូជ​ថ្មី​បួន​ប្រភេទ​បន្ថែមទៀត​។ លើសពីនេះ ភ្នំ​ខ្លះ​ជា​កន្លែង​សក្ការៈបូជា​មានតម្លៃ​ខ្ពស់​ផ្នែក​ប្រពៃណី​វប្បធម៌​។ លោក​ប្រធាន​មន្ទីរ​បាន​បន្តថា សារសំខាន់​ផ្នែក​ជីវៈចម្រុះ នៃ​រូងភ្នំ ពយ​ធម្មជាតិ និង​សម្រស់​ដ៏​ត្រកាល​ទាំងនេះ​មាន​តួនាទី​ចាំបាច់​ក្នុង​ការជួយ​រក្សា​លំនឹង​បរិស្ថាន លើកកម្ពស់​ជីវភាពរ​បស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​តាមរយៈ​ការបង្កើត​សេវាកម្ម​ទេសចរណ៍ធម្មជាតិ វប្បធម៌ និង​ជំនឿ​សាសនា​ទៀតផង​៕ ល​