រដ្ឋបាលខេត្ត​ព្រះសីហនុ ជប់​ខ្មោច ឲ្យ​រស់​ឡើងវិញ ពលរដ្ឋ ក្ដៅក្រហាយ នាំគ្នា​ដុត​កង់ឡាន

588
ចែករម្លែក
  • 1.1K
    Shares

ដោយ​៖ ទេព មង្គល​ /
​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ រាប់រយ​នាក់ បាន​លើក​ខ្ចូ​ស និង​ពង្រាយ​កង់ឡាន ដោយមាន​អង្កត់ឈើ ដាក់​ទទឹងផ្លូវ ព្រមទាំង​បាន​ដុត​កង់ឡាន មាន​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់ ក្នុងការ​ព្យាយាម​រារាំង​បិទផ្លូវ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅពេល​ក្រុមការងារ នៃ​គណៈបញ្ជាការ​ឯកភាព ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត ចុះ​វាស់វែង​ដី​មួយកន្លែង ទៅ​ឲ្យ​លោកជំទាវ ហុង ស៊ួ​ន ដែល​ដី​នោះ​ស្ថិតនៅ​ខាងត្បូង​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ​ថា វត្តមាន​របស់លោក ដែល​ចុះ​មកនេះ ដើម្បី​វាស់វែង​ដី​ចំណុច​នេះ ជូន​លោកស្រី ហុង ស៊ួ​ន ហើយ​បើ​បងប្អូន មាន​ដី​ប៉ុន្មាន ទំហំ​ប៉ុន្មាន គាត់​ដោះស្រាយ​ជូន​បងប្អូន​។ ប៉ុន្តែ​ប្រសាសន៍​ទាំងនេះ ត្រូវបាន​ប្រជាពលរដ្ឋ ចោទថា កំពុង​ចង់​បណ្ដេញ​ពួកគាត់ និង​វាស់វែង​ដី​គម្រប​ព្រៃឈើ អនុក្រឹត្យ​របស់​រដ្ឋ ដែល​ពលរដ្ឋ កំពុង​រស់នៅ​ជាក់ស្ដែង ជាច្រើន​ឆ្នាំ​មកនេះ ឲ្យ​ទៅ​បុគ្គល​អ្នកមាន​លុយ និង​មានអំណាច​មហាសាល​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ គឺ​លោកស្រី ហុង ស៊ួ​ន និង​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ (​ប្ដី​-​ប្រពន្ធ​) ។​

ប្រជាពលរដ្ឋ កំពុងតែ​ឆ្ងល់​ថា ហេតុអ្វី គាត់​រស់នៅ​លើដី​រដ្ឋ​នេះ យូរ​ឆ្នាំ​មកហើយ បែរជា​ដល់​ដី​ឡើងថ្លៃ គណៈបញ្ជាការ​ឯកភាព​ខេត្ត លោក ផៃ ប៊ុន​វណ្ណៈ នាំ​កម្លាំង​ប៉ូលិស មក​វាស់វែង​ដី របស់​ពួកគាត់​នេះ ទៅ​ឲ្យ​បុគ្គល​ម្នាក់ គឺ​លោកស្រី ហុង ស៊ួ​ន ខណៈដី​ទាំងនេះ ជា​ដី​អនុក្រឹត្យ និង​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ បាន​និរាករណ៍​អស់ ទៅ ហើយនោះ ។ ដូច្នេះ​មានតែ​រដ្ឋបាលខេត្ត​ព្រះសីហនុ យក​ប័ណ្ណកម្មសិទ្ធិ ដែល​ងាប់​តាំងពី​ឆ្នាំ​២០០២ ទៅហើយ​នេះ ព្យាយាម​ឲ្យ​រស់​ឡើងវិញ ដើម្បី​យក​ដី​ឲ្យ​ជំទាវ​តែ​ម្នាក់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ រាប់រយ​នាក់ ស្រែកយំ រង​ភាពអយុត្តិធម៌​បែបនេះ ។​

ប្រជាពលរដ្ឋ បាន​អំពាវនាវ ទៅដល់​ថ្នាក់ដឹកនាំ ជាពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ដល់​ពួកគាត់​ផង ។ ពាក់ព័ន្ធ​ករណី​ខាងលើនេះ អ្នកយកព័ត៌មាន​យើង មិនទាន់​អាច​សុំ​ការបំភ្លឺ​បន្ថែម ពី​លោក ផៃ ប៊ុន​វណ្ណៈ បាន​នៅឡើយ​ទេ ៕v