ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានប្រជុំដោះស្រាយលើសំណើសុំរបស់ប្រជាពលរដ្ឋ ឲ្យចាត់វិធានការទប់ស្កាត់លើបញ្ហាផ្នូរសព និងម៉ុងអាណាធិបតេយ្យលើភ្នំស្វាយ និងភ្នំនានានៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះ មានការចូលរួមពីព្រះគ្រូ ណាប់ ម៉ឺន ព្រះវិន័យធរគណខេត្តនិងជាចៅអធិការវត្តគិរីជុំចំការខ្នុរ មន្ត្រីសង្ឃ អស់លោកជាប្រធានមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំគណៈកម្មការ អាចារ្យវត្ត និងមានលោក លី សារី អភិបាលរងខេត្តជាប្រធានអង្គប្រជុំ។
យោងតាមពាក្យស្នើរសុំរបស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានដាក់ចូលរដ្ឋាបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៨ បានលើកឡើងថា: ក្រោមការដឹកនាំរបស់ឯ/ឧ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍន៍ ដូចជាការរៀបចំសួនមានជ័យ សម្រាប់សម្រើរប្រជាពលរដ្ឋទូរទៅដើរ ភ្ញៀវលំហែរកាយ និងជាកន្លែងហាត់ប្រាណ យ៉ាងកុះករ។
ប៉ុន្តែនៅទីតាំងលើភ្នំស្វាយ មានបងប្អូនប្រជពលរដ្ឋជាច្រើន ដែលចូលចិត្តដើរហាត់ប្រាណ បាននាំគ្នាដើរឡើងក្នុងលក្ខណៈហាត់ប្រាណផង និងទេសចរណ៍ផង ព្រោះអាចមើលឃើញទិដ្ឋភាពរួមក្នុងក្រុងសិរីសោភ័ណ ត្រូងគេរំលោភយកសាងសង់ផ្នូរ និងម៉ុងកប់សពជាច្រើន ថែមទាំងបានបោះបង្គោលព៍ទ្ធទុកជាបន្តបន្ត។ ហេតុនេះ វាបង្កប៉ះពាល់ដល់សោភ័ណភាព ទេសភាពនិងទិដ្ឋភាពស្រស់ត្រកាលនៃភ្នំនេះហើយ។
ព្រះវិន័យធរគណខេត្ត -ព្រះគ្រូចៅអធិការវត្ត គណ:កម្មការ អាចារ្យ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធដូចជា មន្ទីរធម្មការនិងកិច្ចការសាសនា មន្ទីររ៉ែនិងថាមពល មន្ទីរបរិស្ថាន ក៏ដូចអាជ្ញាធរសង្កាត់ បានលើកយកពីបញ្ហាច្បាប់ បទដ្ឋានគតិយុត្តិនានាដែលកំណត់ថា ភ្នំនិងដីជើងភ្នំជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មិនត្រូវធ្វើអ្វីត្រូវតែមានច្បាបើអនុញ្ញាតិ មិនត្រូវរំលោភបំពានឡើយ។ ហើយកន្លងមក រដ្ឋបាលខេត្តបន្ទាយមានជ័យ ជំនាន់ លោក គោស៊ុំ សារឿត ជាអភិបាលខេត្តក៏បានចាត់វិធានការនិងបានការឯកភាពពីក្រសួងរ៉ែ និងថាមពល បញ្ឈប់សកម្មភាពធ្វើអាជីវកម្មរ៉ែដីលើក្រុមប្រជុំកូនភ្នំទាំងឡាយ នៅក្រុងសិរីសោភ័ណ និងចេញការណែនាំហាមការសាងសង់សំណង់ ហាមកប់សពនិងសាងសង់ចេតិយនិងម៉ុងលើជើងភ្នំ ចង្កេះភ្នំ ខ្នងភ្នំនិងកំពូលភ្នំផងដែរ។ បំណងគឺចង់ទុកកូនភ្នំទាំងនោះជាជាតំបន់អភិរក្សធម្មជាតិ ទេសចរណ៍ វប្បធម៌ជាដើម។ ផ្ទុយទៅវិញ ការរំលោភបំពានដូចខាងលើ រឹងរឹតតែធ្ងន់ធ្ងរទៅៗ។
អាចារ្យទស្សន៍ទាយនិងជាព្កុកខាងជំនឿបែបសែស្រឡាយចិន លោកតាណាំ ដែលល្បីជាងគេនៅក្រុងសិរីសោភ័ណនិយាយថា: កន្លងមករាល់ការកប់សព សង់ម៉ុងនៅលើជ្រលងភ្នំ លើជើងភ្នំ លើចង្កេះភ្នំ ខ្នងភ្នំនិងកំពូលភ្នំពិតជាមានច្រើនមែន ហើយក៏បន្តរឹតតែច្រើន។ នោះមកពីគ្រួសារនៃសព ,អាចារ្យ ,គណ:កម្មការវត្តនិងអាជ្ញាធរដែនដីជំនាញមន្ទីរធម្មការពិបាក ឬមិនហ៊ានចេញការហាមឃាត់ ឬចាត់វិធានការម៉ឺងម៉ាត់ជាដាច់ខាត។ ឯលោកអាចារ្យផ្ទាល់ក៏រកបានកម្រៃកាក់កបពីការគាំទ្រ និងជាវសេវាទស្សន៍ទាយនិងទីតាំងមានហុងស៊ុយពីអតិថិជនជាគ្រួសារ នៃសពផងដែរក្នុងការទុកដាក់សពនិងសង់ម៉ុងលើទីនោះ។
ក្នុងនោះ ទីកប់សពដោយធ្វើម៉ុងបែបសែស្រឡាយកូនចៅចិន ធ្វើចេតិយបែបខ្មែរ ដាំឈើឆ្កាងបែបគ្រឹស្ទសាសនាដែលបានធ្វើជាយូរមកហើយនោះនៅលើភ្នំ ក៏នឹងប៉ះពាល់ដល់បរិស្ថានធម្មជាតិ ។ម្យ៉ាងទៀតក៏ប៉ះពាល់ដល់គម្រោងសាងសង់ពហុកីឡាដ្ឋានខេត្តបន្ទាយមានជ័យលើដីទំហំ១៣ហិចតានៅភ្នំដូងព្រះនិងភ្នំខ្លាកូនចាស់នៅសង្កាត់អូរអំបិលនិងសង្កាត់កំពង់ស្វាយនាក្រុងសិរីសោភ័ណផងដែរ។
បន្ទាប់ពីមានការលើកឡើង ពិភាក្សាគ្នាដ៏ចម្រូងចម្រាស តឹងសរសៃកក្តៅគគុករួចមក អង្គប្រជុំដឹកនាំដោយលោក លី សារី បានបូកសរុប ឯកភាពលើស្មារតីនៃកិច្ចប្រជុំលើខ្លឹមសារចំនួន០៤ចំណុច ដើម្បីដាក់សំណើរទៅឯ/ឧអភិបាលខេត្តពិនិត្យ សម្រេច និងក៏ស្នើសុំទៅក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលសុំការឯកភាពរួមមាន ៖
១- ចេតិយ ម៉ុងឬសំណង់នានាដែលមានហើយលើជើងភ្នំ ចង្កេះភ្នំ ខ្នងភ្នំ កំពូលភ្នំ ត្រូវទុកដដែលសិន និងតែហាមសាងសង់ថ្មីៗបន្ថែម ។
២.-មន្ទីរធម្មការនិងសាសនា ត្រូវធ្វើស្ថិតិផ្នូរ ឬម៉ុង ចេតិយនិងសំណង់ហើយបែងចែកដឲ្យច្បាស់នៅក្រុងសិរីសោភ័ណ ។ សុំគោលការទៅក្រសួងជាបន្ទាន់នៅកិច្ចការដែលលើកឡើងមកដោះស្រាយនេះ ។ ប្រជុំផ្សព្វផ្សាយជាមួយពលរដ្ឋគ្រប់ជំនឿសាសនានិងវប្បធម៍នូវរាល់លិខិត បទដ្ឋានគតីយុត្តិទាក់ទិនដីភ្នំ។
៣- ការិយាល័យអន្តរវិស័យនៃសាលាខេត្តបង្កើតគណៈកម្មការសហការគ្នារៀបចំគូសប្លង់ដាក់មកខេត្តសម្រេច។
៤- ហាមអាជ្ញាធរ គណៈកម្មការវត្តចេញលិខិតកាន់កាប់លក់ដូរ ផ្ទេរផ្ទូរ និងលិខិតផ្សេងដែលពាក់ព័ន្ធនឹងដីភ្នំ ជើងភ្នំ៕ ល